ប្រេសិតអាស៊ានទៅកាន់មីយ៉ាន់ម៉ា ចង់ទទួលបានសិទ្ធិក្នុងការចូលជួបគ្រប់ភាគីទាំងអស់
លោក Erywan Pehin Yusof ប្រេសិតពិសេសអាស៊ានទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា ដែលទើបត្រូវបានតែងតាំងថ្មីៗនេះ ថ្លែងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថា លោកចង់ទទួលបានសិទ្ធិក្នុងការចូលជួបគ្រប់ភាគីទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
រដ្ឋមន្ត្រីការបរទេសទី២ ប្រ៊ុយណេរូបនិយាយប្រាប់អ្នកសារព័ត៌មាននៅរាជធានីបានដាសេរីបេហ្គាវ៉ាន់ថា «ផែនការទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ាកំពុងតែរៀបចំហើយ។ អ្វីដែលយើងត្រូវធ្វើនៅពេលនេះគឺ ធ្វើយ៉ាងណាឱ្យយើងរៀបចំបានត្រឹមត្រូវ មិនដូចជាពេលដែលខ្ញុំទៅទស្សនកិច្ច [ទៅកាន់មីយ៉ាន់ម៉ា] កាលពីខែមិថុនា»។
ជាមួយគ្នានេះដែរ លោកលើកឡើងថា លោកចង់បានកិច្ចពិភាក្សាដ៏មានន័យមួយ ទៅលើការបញ្ឈប់អំពើហិង្សា និងការជំរុញឱ្យមានកិច្ចសន្ទនា អំឡុងពេលទស្សនកិច្ចអាស៊ានទៅកាន់មីយ៉ាន់ម៉ា។ ជាងនេះទៅទៀត លោកក៏សង្កត់ធ្ងន់ថា អ្វីដែលសំខាន់បំផុតនោះគឺ លោកត្រូវបានទទួលសិទ្ធិក្នុងការចូលជួបជាមួយគ្រប់ភាគីទាំងអស់នៅប្រទេសអាស៊ីអាគ្នេយ៍ដីគោកមួយនេះ។
យោងតាមសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីសប្ដាហ៍មុន ប្រេសិតពិសេសរបស់អាស៊ានមួយតួនាទីក្នុងការអនុវត្តចំណុចមូលមតិទាំង ៥ របស់អាស៊ាន ហើយព្រមទាំងតួនាទីក្នុងការកសាងភាពជឿទុកចិត្តគ្នារវាងភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា៕

ប្រភព៖ Reuters