ក្រុមហ៊ុន Huawei បោះបង់បច្ចេកវិទ្យា 5G សម្រាប់ទូរស័ព្ទ P50 ថ្មី ខណៈមានរឹតត្បិតដោយទណ្ឌកម្មអាមេរិក
កាលពីថ្ងៃទី ២៩ កក្កដា ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei បានធ្វើការបង្ហាញទូរស័ព្ទស៊េរីខ្ពស់ដំបូងរបស់ខ្លួន ដែលប្រើប្រាស់កម្មវិធីផលិតក្នុងស្រុកជាជាងការប្រើប្រាស់កម្មវិធី Android របស់អាមេរិក ប៉ុន្តែពួកគេបានបោះបង់បច្ចេកវិទ្យាទំនាក់ទំនង 5G បន្ទាប់ពីទណ្ឌកម្ម (ដាក់បញ្ជីខ្មៅ) ដាក់ដោយសហរដ្ឋអាមេរិកបានធ្វើឱ្យមានការលំបាកក្នុងការប្រើប្រាស់បច្ចេកវិទ្យាសំខាន់ៗ។
ក្រុមហ៊ុន Huawei ដែលកាលពីឆ្នាំមុនជាក្រុមហ៊ុនផលិតទូរស័ព្ទធំជាងគេទី២ក្នុងពិភពលោក បានប្រកាសថាទូរស័ព្ទថ្មី P50 និង P50 Pro នឹងប្រើកម្មវិធី Harmony OS ផលិតដោយក្រុមហ៊ុននេះផ្ទាល់។
រដ្ឋាភិបាលអាមេរិកបានរារាំងសមត្ថភាពទូរស័ព្ទ Huawei មិនឱ្យប្រើប្រាស់ដោយពេញលេញនូវកម្មវិធី Android OS របស់ក្រុមហ៊ុនអាមេរិក Google ធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើទីផ្សារអន្តរជាតិរបស់ក្រុមហ៊ុននេះ។
នាយកប្រតិបត្តិផ្នែកគ្រឿងអេឡិចត្រូនិកប្រើប្រាស់របស់ Huawei លោក Richard Yu បានធ្វើការបង្ហាញការបង្ហាញទូរស័ព្ទទាំងពីរនេះក្នុងកម្មវិធីតូចមួយតាមអ៊ីនធឺណិតដោយនិយាយតែភាសាចិន ដែលនេះគឺផ្ទុយស្រឡះនឹងការបង្ហាញមុនៗចំពោះទស្សនិកជននៅជុំវិញពិភពលោក។ លោកមិនបានបញ្ជាក់ថាទូរស័ព្ទនេះនឹងមានលក់នៅក្រៅទីផ្សារចិនដែរ ឬទេ។
ជាទូទៅក្រុមហ៊ុន Huawei នឹងដាក់លក់ទូរស័ព្ទស៊េរី P របស់ខ្លួននៅក្នុងខែកុម្ភៈឬខែមីនានៅក្នុងព្រឹត្តិការណ៍បច្ចេកវិទ្យាធំៗ ដែលប្រារព្ធឡើងនៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ឬទីក្រុងអឺរ៉ុបផ្សេងទៀត។
ក្នុងកម្មវិធីនេះលោក Yu បាននិយាយថា៖ «ដោយសារតែទណ្ឌកម្មរបស់អាមេរិកទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីរបស់យើងមិនអាចដំណើរការលើបច្ចេកវិទ្យាតភ្ជាប់ 5G ទេ បើទោះបីជាច្បាស់ណាស់ថាយើងជាមេដឹកនាំបច្ចេកវិទ្យា 5G លើពិភពលោក»។ លោកបានបន្តទៀតថា៖ «ប៉ុន្តែជាមួយនឹងការតភ្ជាប់ 4G Wi-Fi 6 និងបច្ចេកវិទ្យា AI របស់យើង យើងនៅតែអាចផ្ដល់នូវប្រសិទ្ធភាពខ្ពស់ដូចទូរស័ព្ទ 5G ទាំងអស់»។
ក្រុមហ៊ុន Huawei គឺក្នុងចំណោមអ្នកប្រើប្រាស់បច្ចេកវិទ្យា 5G ដំបូងគេ។ កាលពីឆ្នាំ២០១៩ ទូរស័ព្ទ Mate 30 របស់ក្រុមហ៊ុននេះគឺជាទូរស័ព្ទប្រើប្រាស់ម៉ូដឹម 5G ដំបូងគេក្នុងវិស័យទូរស័ព្ទស្មាតហ្វូន។ តាំងពីពេលនោះមកទូរស័ព្ទរបស់ក្រុមហ៊ុន Samsung Xiaomi និងគូប្រជែង Huawei បានប្រើប្រាស់បច្ចេកវិទ្យា Huawei នៅលើទូរស័ព្ទរបស់ពួកគេ។
ទូរស័ព្ទ P50 ថ្មីនឹងប្រើបន្ទះឈីប Kirin 9000 ដែលរៀបចំរចនាបថដោយ Huawei ផ្អែកលើបច្ចេកវិទ្យារបស់ក្រុមហ៊ុនអង់គ្លេស ARM ហើយក៏នឹងប្រើប្រាស់បន្ទះឈីប Snapdragon 888 4G របស់ក្រុមហ៊ុនអាមេរិក Qualcome។
នេះគឺជាសញ្ញាដំបូងដែលបង្ហាញថាក្រុមហ៊ុន Huawei អាចនៅប្រើបច្ចេកវិទ្យាបែបនេះបាន បើទោះបីជាអាមេរិកបានដាក់ក្រុមហ៊ុននេះក្នុងបញ្ជីខ្មៅក៏ដោយ។ កាលពីឆ្នាំ ២០១៩ ក្រុងវ៉ាស៊ីនតោនបានដាក់ក្រុមហ៊ុន Huawei ក្នុងបញ្ជីខ្មៅ ដោយការព្រួយបារម្ភអំពីសន្តិសុខជាតិ ហើយក្រោយមកបានធ្វើវិសោធនកម្មច្បាប់គ្រប់គ្រងការនាំចេញរបស់ខ្លួនដើម្បីរារាំងរាល់ការនាំចេញបន្ទះឈីប និងគ្រឿងបន្លាស់ដែលគ្មានអាជ្ញាប័ណ្ណទៅឱ្យក្រុមហ៊ុននេះ សូម្បីតែពីអ្នកផ្គត់ផ្គង់មិនមែនអាមេរិកក៏ដោយ ប្រសិនបើពួកគេបានប្រើប្រាស់បច្ចេកវិទ្យាអាមេរិក។
សកម្មភាពនេះបានកាត់ផ្ដាច់ទំនាក់ទំនងរវាងក្រុមហ៊ុន Huawei និងក្រុមហ៊ុនផលិតឈីបធំៗ ដូចជា TSMC Mediatek និង Qualcome ហើយធ្វើឱ្យក្រុមហ៊ុននេះបាត់បង់ផ្នែកសំខាន់សម្រាប់ផលិតទូរស័ព្ទដែលអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនផ្សេងបាន។
ដោយមើលឃើញថាអាចមានការកាត់ផ្ដាច់ការផ្គត់ផ្គង់នាពេលអនាគតក្រុមហ៊ុន Huawei បានធ្វើការទិញបន្ទះស្តុកទុកក្នុងបរិមាណដ៏ធំមួយដើម្បីត្រៀមសម្រាប់ព្រឹត្តិការណ៍ដូចការដាក់ចូលបញ្ជីខ្មៅជាដើម។ តាំងពីពេលត្រូវដាក់ចូលបញ្ជីខ្មៅមក ទូរស័ព្ទផលិតដោយ Huawei គឺប្រើប្រាស់បន្ទះឈីបដែលបានទិញស្តុកទុកតាំងពីមុន ឬក្នុងឆ្នាំ ២០១៩។
វិធានការណ៍ទាំងនេះបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សាររបស់ក្រុមហ៊ុននេះ។ ចំណែកទីផ្សារស្មាតហ្វូនអន្តរជាតិរបស់ក្រុមហ៊ុន Huawei បានធ្លាក់ចុះពី ២០ ភាគរយនៅអំឡុងខែមេសា-មិថុនាឆ្នាំ ២០២០ មកនៅត្រឹម ៤ ភាគរយនៅត្រីមាសទី ១ នៃឆ្នាំនេះ។ នៅទីផ្សារក្នុងស្រុកវិញក្រុមហ៊ុន Huawei បានធ្លាក់ដល់លេខរៀងទី ៦ ដោយមានចំណែកទីផ្សារត្រឹមតែ ៨,៣ ភាគរយប៉ុណ្ណោះ៕


ប្រភព៖ FT