កងកម្លាំងម៉ូហ្សំប៊ិក និងរ្វាន់ដា ដណ្តើមយកទីក្រុងកំពង់ផែពីក្រុមបះបោរ
ចូហានណេសប៊ឺក៖ កងកម្លាំងសន្តិសុខម៉ូហ្សំប៊ិក និងរ្វាន់ដា ដណ្តើមបានទីក្រុងកំពង់ផែ Mocimboa da Praia ដែលជាបន្ទាយរឹងមាំរបស់ក្រុមរដ្ឋអ៊ីស្លាមមកវិញ ក្រោយក្រុមនេះរឹបអូសកាលពីឆ្នាំទៅ។ នេះបើយោងតាមមន្រ្តីនាំពាក្យនៃប្រទេសទាំងពីរ។
ការវាយយកបានថ្មីៗធ្វើឡើងបន្ទាប់ពី រដ្ឋាភិបាលរ្វាន់ដាកាលពីខែមុន បានដាក់ពង្រាយកងកម្លាំង ១ ០០០ នាក់ទៅកាន់ខេត្ត Cabo Delgado ភាគខាងជើងម៉ូហ្សំប៊ិក ដែលជាតំបន់គម្រោងឧស្ម័នធម្មជាតិធំបំផុតមួយរបស់អាហ្វ្រិក ដើម្បីជួយប្រយុទ្ធជាមួយកងកម្លាំងប្រទេសនេះ និងកងទ័ពនៃសហគមន៍អភិវឌ្ឍន៍អាហ្រ្វិកខាងត្បូង(SADC) ដែលមានសមាជិក ១៦ ប្រទេសផ្សេងទៀត។
អ្នកនាំពាក្យកងកម្លាំងរ្វាន់ដាលោក Ronald Rwivanga បានប្រាប់រ៉យទ័រថា ក្រុមបះបោរបានរត់ភៀសខ្លួនទៅកាន់ព្រៃក្បែរនោះ ក្រោយកាន់កាប់ក្រុងដែលខ្លួនទើបនឹងបាត់បង់នេះជិតមួយឆ្នាំ។ លោកបន្តថា ក្រុងកំពង់ផែ Mocimboa da Praia មានសារៈសំខាន់ណាស់សម្រាប់ប្រតិបត្តិការរបស់ក្រុមឧទ្ទាម ហើយការបាត់បង់វានឹងប៉ះពាល់យ៉ាងខ្លាំង ចំពោះសមត្ថភាពរបស់ពួកគេក្នុងការបះបោរ។
លោកវរសេនីយ៍ឯក Omar Saranga អ្នកនាំពាក្យក្រសួងការពារជាតិម៉ូហ្សំប៊ិក បានប្រាប់សន្និសីទសារព័ត៌មានថា កងកម្លាំងរដ្ឋាភិបាលបានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងឯកជន រួមមានអគាររដ្ឋាភិបាល កំពង់ផែ ព្រលានយន្តហោះ មន្ទីរពេទ្យ និងផ្សារជាដើម។ លោកថា ប្រតិបត្តិការនឹងបន្តពង្រឹងការត្រួតពិនិត្យលើតំបន់សំខាន់ៗ រួមទាំងតំបន់ដែលមានកន្លែងប្រព្រឹត្តកម្មទឹកស្អាត។
រាប់ចាប់តាំងពីការវាយប្រហាររបស់ក្រុមឧទ្ទាមលើកដំបូងក្នុងឆ្នាំ ២០១៧ មក មនុស្សជិត ៨០០ ០០០ នាក់ ក្នុងខេត្ត Cabo Delgado បានផ្លាស់ទីលំនៅ ដោយសារតែការប្រយុទ្ធគ្នាដែលធ្វើឱ្យគម្រោងឧស្ម័នធម្មជាតិតម្លៃ ២០ ពាន់លានដុល្លាររបស់ក្រុមហ៊ុនប្រេង Total ដ៏ធំត្រូវជាប់គាំង។

ប្រភព៖ Reuters