សង្គ្រាមនៅអាហ្វហ្គានីស្ថាន៖ តាលីបង់ដណ្ដើមបានទីរួមខេត្តចំនួនបី ក្នុងមួយថ្ងៃ
កាលពីថ្ងៃអាទិត្យនេះ ក្រុមឧទ្ទាមតាលីបង់បានធ្វើការវាយដណ្ដើមយកទីរួមខេត្តអាហ្វហ្គានីស្ថានចំនួនបី ខណៈពេលដែលពួកគេបានបន្តការវាយលុកដណ្ដើមការគ្រប់គ្រងបន្ទាប់ពីការដកកងទ័ពអាមេរិក។
ទីក្រុង Kunduz ទីក្រុង Sar-e-Pul និងទីក្រុង Taloqan បានធ្លាក់ចូលការគ្រប់គ្រងរបស់តាលីបង់នៅថ្ងៃតែមួយក្នុងរយៈប៉ុន្មានម៉ោងពីគ្នាប៉ុណ្ណោះ។ នេះមានន័យថាទីរួមខេត្តសំខាន់ៗចំនួនប្រាំបានធ្លាក់ក្រោមការគ្រប់គ្រងរបស់តាលីបង់ចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុនមក។
ការចូលកាន់កាប់ទីក្រុង Kunduz គឺត្រូវបានគេគិតថាជាជ័យជម្នះដ៏ធំមួយរបស់ក្រុមតាលីបង់ ដោយសារទីក្រុងនេះគឺច្រកទ្វារទៅកាន់តំបន់សម្បូររ៉ែនៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន។ ទីតាំងទីក្រុងនេះក៏មានលក្ខណៈសំខាន់ផងដែរ ដោយសារមានផ្លូវជាតិជាច្រើនតភ្ជាប់ទីក្រុងនេះទៅនឹងទីក្រុងសំខាន់ផ្សេងទៀត ដែលរួមទាំងរដ្ឋធានីកាប៊ុល។ បន្ថែមពីលើនេះទីក្រុង Kunduz គឺជាតំណភ្ជាប់ដ៏សំខាន់ទៅកាន់ព្រំដែនជាមួយប្រទេសតាហ្ស៊ីគីស្ថាន ដែលច្រករត់ពន្ធអាភៀន និងហេរ៉ូអ៊ីនអាហ្វហ្គានីស្ថានទៅតំបន់អាស៊ីកណ្ដាល និងអឺរ៉ុប។
អំពើហិង្សា បានកើនឡើងពាសពេញប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីសហរដ្ឋអាមេរិក និងកងកម្លាំងអន្តរជាតិដទៃទៀតបានចាប់ផ្ដើមដកកងទ័ពរបស់ពួកគេចេញពីប្រទេសនេះ បន្ទាប់ពីប្រតិបត្តិការយោធាអស់រយៈពេល ២០ ឆ្នាំ។
ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ក្រុមតាលីបង់បានបង្កើនការឡោមព័ទ្ធទីក្រុង និងទីប្រជុំជនសំខាន់ៗ បន្ទាប់ពីបានធ្វើការវាយលុកដណ្ដើមការគ្រប់គ្រងនៅតំបន់ជនបទ។
បើទោះបីជាបញ្ឈប់បេសកកម្មយោធាជើងគោក សហរដ្ឋអាមេរិកបានបង្កើនការវាយប្រហារតាមអាកាសទៅលើគោលដៅក្រុមតាលីបង់ ដោយរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានអះអាងថាបានសម្លាប់សមាជិកក្រុមនេះជាច្រើន។ ប៉ុន្តែក្រុមតាលីបង់បានអះអាងថាការវាយប្រហារបែបនេះបានធ្វើឱ្យខូចខាតមន្ទីរពេទ្យចំនួនពីរ និងសាលារៀនមួយ។ ការអះអាងទាំងពីរនេះមិនអាចបញ្ជាក់ជាឯករាជ្យបានទេ។

ប្រភព៖ BBC