អ្នកវិភាគ៖ ការអះអាងរបស់លោក Bolsonaro ពីរឿងលួចបន្លំការបោះឆ្នោត បង្កឱ្យមានវិបត្តិមិនធ្លាប់មាន

សៅប៉ូឡូ​៖ ​ដោយ​គ្មាន​ភស្តុតាង​ជាក់លាក់​ និង​​ផ្ទុយ​គ្នា​ពី​​អ្នក​ជំនាញ​ផង​​ ប្រធានាធិបតី​ប្រេស៊ីល​លោក​ ជែ ​បុលសូណារ៉ូ​ (Jair Bolsonaro) ​បាន​និយាយ​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ថា ​ប្រព័ន្ធ​បោះ​ឆ្នោត​អេឡិចត្រូនិក​របស់​ប្រទេស​នេះ​ងាយ​នឹង​រង​​ការ​លួច​បន្លំ​។​

​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ​​ ​ ស្រប​ពេល​ដែល​ក្រុម​ប្រឆាំង​របស់​លោក​ Bolsonaro ​​ធ្វើ​បាតុកម្ម​នៅ​តាម​ទី​ក្រុង​ធំៗ​នានា​ ទាម​ទារ​ឱ្យ​លោក​ចុះ​ចេញ​ពី​ដំណែង​ អ្នក​នយោបាយ​​ស្តាំ​និយម​រូប​នេះ​ បាន​តម្លើង​សម្លេង​នៃ​ការ​អះអាង​របស់​លោក​នៅ​ក្នុង​បទ​សម្ភាសន៍​ ការ​ផ្សព្វ​ផ្សាយ​ និង​ការ​ជួប​ប្រជុំ​ជាមួយ​បាតុករ​រាប់​ពាន់​នាក់​ដែល​​​ធ្វើ​បាតុកម្ម​​ដើម្បី​បង្ហាញ​ការ​​គាំទ្រ​របស់​ពួក​គេ​ ចំពោះ​ការ​អំពាវនាវ​ឱ្យ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​បោះឆ្នោត​របស់​លោក​​​។​

​​សារ​ព័ត៌មាន​ Al Jazeera ​បាន​ស្រង់​សម្ដី​របស់​លោក​ប្រធានាធិបតី​រូប​នេះ​ពី​ក្នុង​បទ​សម្ភាសន៍​តាម​វិទ្យុ​មួយ​នាពេល​ថ្មី​ៗ​នេះ​ ​ដោយ​លោក​​បាន​លើក​ឡើង​ថា​៖​ «​យើង​មិន​អាច​មាន​ការ​បោះឆ្នោត​ដែល​គួរ​ឱ្យ​សង្ស័យ​អញ្ចឹង​នៅ​ឆ្នាំ​ ២០២២ ​បាន​ទេ​»​។​

​​ការ​ចោទ​ប្រកាន់​ម្តង​ហើយ​ម្តង​ទៀត​ដោយ​គ្មាន​មូលដ្ឋាន​ លើ​ការ​លួច​បន្លំ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​បោះ​ឆ្នោត​​ រួម​ជា​មួយ​ការ​វាយ​ប្រហារ​ដោយ​ពាក្យ​សំដី​​លើ​ចៅក្រម​តុលាការ​កំពូល​ប្រេស៊ីល​ បាន​បង្ក​ឱ្យ​ក្លាយ​ជារឿង​មួយ​ដែល​អ្នក​វិភាគ​​​​ហៅ​ថា​ «​វិបត្តិ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​»​ រវាង​ស្ថាប័ន​នីតិ​ប្រតិបត្តិ​ និង​តុលាការ​។​

​លោក ​Rafael ​Cortez ​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​ក្រុម​ហ៊ុន​សិក្សា​ស្រាវជ្រាវទិផ្សារ ​Tendencias ​ក្នុង​ក្រុង​សៅប៉ូឡូ​បាន​និយាយ​ថា​៖​ « ​​​វា​គឺ​ជា​ស្ថានភាព​ដ៏​ពិបាក​ ​ជា​ជម្លោះ​ដែល​មិន​អាច​ដោះ​ស្រាយ​ក្នុង​រយៈ​ពេល​ខ្លី​»​។​

​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​ ចៅ​ក្រម​តុលាការ​កំពូល​លោក​ Alexandre de Moraes ​បាន​ដាក់​លោក​ Bolsonaro ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​ «​ព័ត៌មាន​ក្លែងក្លាយ​»​ ដែល​កំពុង​បន្ត​ ​ជុំ​វិញ​ការ​អះអាង​របស់​លោក​ប្រធានាធិបតី​។​ ការសម្រេច​ចិត្ត​នេះ​ ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ Bolsonaro ​​អះ​អាង​នៅ​ក្នុង​ការ​ផ្សាយ​ផ្ទាល់​នាពេល​ថ្មី​ៗ​នេះ​ថា​ មាន​ភស្តុតាង​នៃ​ការ​ក្លែង​បន្លំ​​ក្នុង​ការ​បោះឆ្នោត​ចុង​ក្រោយ​របស់​​ប្រេស៊ីល​កាល​ពី​ឆ្នាំ​ ២០១៨ ​។ ប្រសិន​បើ​ការ​ស៊ើប​អង្កេត​រក​ឃើញ​ថា ​លោក​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ នោះ​លោក​អាច​នឹង​ត្រូវ​​​បាន​ដកបេក្ខភាព​ពី​​ការ​​បោះឆ្នោត​​​ឆ្នាំ​​ ២០២២​​​​។ 

​លោក​ប្រធានា​ធិបតី​ បាន​ប្រតិកម្ម​តប​វិញ​ដោយ​កំហឹង​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ​ ដោយ​គំរាម​កំហែង​ថា​នឹង​ «​ធ្វើ​សកម្មភាព​ខុស​ពី​បែបបទ​ទាំង​បួន​នៃ​រដ្ឋ​ធម្មនុញ្ញ​»​ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​កម្មវិធី​វិទ្យុ​ស្តាំ​និយម​ ដោយ​មិន​បាន​បញ្ជាក់​ច្បាស់​ថា​លោក​ចង់​មាន​ន័យ​អ្វី​ឱ្យ​ពិត​ប្រាកដ​។​

​ទោះយ៉ាង​ណា​​​​ លោក Bolsonaro បាន​បរាជ័យ​ក្នុង​ការ​ផ្តល់​ភស្តុតាង​ជាក់​លាក់​ពី​ការ​អះអាង​របស់​លោក​ ដោយ​គ្រាន់​តែ​បង្ហាញ​ពី​វីដេអូ​ដែល​បង្ហោះ​តាម​បណ្ដាញ​សង្គម​ចាស់​ៗ​ជា​ច្រើន​ មុន​ពេល​សារភាព​ថា​ លោក​គ្មាន​ភស្តុតាង​។​ លោក​និយាយ​ថា​​៖​ «​យើង​គ្មាន​ភស្តុតាង​ទេ​ ខ្ញុំ​នឹង​បញ្ជាក់​ឱ្យ​ច្បាស់​ ប៉ុន្តែ​យើង​មាន​តម្រុយ​»​។​

​ទង្វើ​របស់​លោក​ Bolsonaro ​បាន​បង្ក​ជា​ការ​ខឹង​សម្បារ​ពី​សំណាក់​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រឆាំង​របស់​ប្រេស៊ីល​។​ លោក​ Alessandro ​Vieira ​សមាជិក​ព្រឹទ្ធ​សភា​ម្នាក់​មក​ពី​គណបក្ស​អព្យាក្រឹត​ Citizenship ​បាន​និយាយ​ថា​៖​ ​«​ខ្ញុំ​មិន​ដឹង​ថា​អ្វី​ដែល​អាក្រក់​ជាង​គេ​នោះ​ទេ​ រវាង​ប្រធានាធិបតី​ល្ងង់​ខ្លៅ​ម្នាក់​ដែល​​ជឿ​លើ​ការ​ឃោសនាតាម​​ WhatsApp ​ឬ​ជន​បោក​ប្រាស់​ដែល​បង្កើត​ការ​ឃោសនា​លើ​ WhatsApp​ »​។​

​ពាក់​ព័ន្ធ​នឹង​រឿង​នេះ ​សមាគម​អ្នក​ជំនាញ​ខាង​កោសល្យ​វិច្ច័យ​សហព័ន្ធ​ប្រេស៊ីល​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​និយាយ​ថា​ គ្មាន​បញ្ហា​ជាមួយ​ម៉ាស៊ីន​បោះឆ្នោត​អេឡិចត្រូនិក​របស់​ប្រេស៊ីល​ ដែល​​​ប្រើ​តាំង​ពី​ឆ្នាំ​ ១៩៩៦ ​នោះ​​ទេ​។​

អ្នក​វិភាគ​​និយាយ​ថា​ លោក​ Bolsonaro ​ដែល​ធ្លាក់​ចុះ​ប្រជាប្រិយ​ភាព​ដោយ​សារ​តែ​ការ​បរាជ័យ​ក្នុង​ការ​គ្រប់​គ្រង​ជំងឺ​កូវីដ-១៩​ កំពុង​តែ​រៀប​ចំ​ខ្លួន​ដើម្បី​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយ​ បើ​ទោះ​បី​ការ​ស្ទង់​មតិ​ថ្មី​ៗ​នេះ​បង្ហាញ​ថា​ លោក​នឹង​ចាញ់​អ្នក​នយោបាយ​ឆ្វេង​និយម​លោក​ Luiz​ Inacio ​Lula ​da​ Silva ​មក​ពី​គណបក្ស​ពលករ​​ប្រសិន​បើ​​អតីតប្រ​ធានាធិបតី​រូប​នេះ​សម្រេច​ចិត្ត​ឈរ​ឈ្មោះ​ម្ដង​ទៀត​។​

​លោក Daniela​ Campello ​សាស្រ្តាចារ្យ​នយោបាយ​នៅ​មូល​និធិ​ Getulio Vargas ​របស់​ប្រេស៊ីល​បាន​និយាយ​ថា​៖​  ​«​ លោក​ Bolsonaro ​​ធ្វើ​តាម​ជំហាន​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់ ​ត្រាំ ​ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​នៃ​រដ្ឋាភិបាល​របស់​លោក​»​។ ​លោក​បន្ត​ថា​៖​ «​​កាន់​តែ​ដឹង​ថា​លោក​​នឹង​ចាញ់​ លោក​​កាន់​តែ​ថា​​គ្មាន​អ្វី​ដែល​គួរ​ឱ្យ​ចាញ់​»។

​​លោក ​Bolsonaro​ ដែល​ជា​អតីត​ប្រធាន​កង​ទ័ព​ប្រេស៊ីល ​និង​ជា​អ្នក​កោត​សរសើរ​ចំពោះ​របប​ផ្តាច់​ការ​យោធា​ឆ្នាំ​ ១៩៦៤-៨៥ ​របស់​ប្រេស៊ីល​ បាន​និយាយ​ជា​សាធារណៈ​ ចំពោះ​ការ​ចោទ​ប្រកាន់​របស់​លោក​ Trump ​អំពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​​ក្រោយ​ចាញ់​លោក​ ចូ ​បៃដិន​ (Joe Biden)​ ក្នុង​ការ​បោះឆ្នោត​កាល​ពី​ខែ​ វិច្ឆិកា​ ឆ្នាំ ​២០២០​។​  យោង​តាម​របាយ​ការណ៍​ដែល​ចុះ​ផ្សាយ​ដោយ​កាសែត​ O Globo  ​លោកលើករឿងនេះ​​ម្តង​ហើយ​ម្តង​ទៀត​​​ សូម្បី​តែនៅ​ចំពោះ​មុខ​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​សេត​វិមាន​លោក​ Jake ​Sullivan ​ដែល​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​​ប្រេស៊ីល​កាល​ពី​សប្តាហ៍​មុន​​​។​

ទន្ទឹមជាមួយ​គ្នា​នោះ​ លោក​ Bolsonaro ​ថ្មីៗ​នេះ​ បាន​ប្រមូល​ផ្តុំ​គ្នា​ជុំ​វិញ​វិសោធនកម្ម​ដែល​នឹង​អនុម័ត​លើ​ការ​បោះ​ពុម្ព​សន្លឹក​ឆ្នោត​ ដែល​​អាច​រាប់​បាន​ក្នុង​ករណី​មាន​វិវាទ​នៃ​ការ​បោះឆ្នោត​ ដែល​ត្រូវ​បាន​អ្នក​ជំនាញ​រិះ​គន់​យ៉ាង​ខ្លាំង​ថា​ គ្មាន​សុវត្ថិភាព​ និង​ងាយ​រងគ្រោះ​ចំពោះ​ការ​បំភិត​បំភ័យ​អ្នក​បោះឆ្នោត​ និង​ការ​ទិញ​សន្លឹក​ឆ្នោត​ជាង​ប្រព័ន្ធ​បច្ចុប្បន្ន​។​

វិធានការ​បោះ​ពុម្ពសន្លឹក​ឆ្នោត​ថ្មី​ៗ​នេះ​ ត្រូវ​បាន​បរាជ័យ​នៅ​ក្នុង​គណៈកម្មការ​សភា​។​ ប៉ុន្តែ​ប្រធាន​សភា​ និង​សម្ព័ន្ធ​មិត្ត​​​​លោក​ប្រធានាធិបតី​ លោក​ Arthur Lira ​មាន​គម្រោង​យក​ រឿង​នេះ​ទៅ​បោះឆ្នោត​នៅ​​សភា​​ ជា​កន្លែង​ដែល​គេ​រំពឹង​ថា​នឹងចាញ់​ម្តង​ទៀត។

ប្រភ​ព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner