តួលេខចាក់វ៉ាក់សាំង កើនជាង៨លាន១សែននាក់ (Video Inside)

កម្ពុជាបានបន្តការជម្រុញវ៉ាក់សាំងលើពលរដ្ឋបន្ថែមទៀត ដែលគិតត្រឹមរយៈពេល២៤ម៉ោងចុងក្រោយនេះតួ លេខចាក់នៅទូទាំងប្រទេសបានកើនដល់៨លាន១សែន៥ម៉ឺន១ពាន់៩៥៩នាក់ហើយ, ក្នុងនោះអ្នកបានចាក់ វ៉ាក់សាំងដូសទី២រួចមានចំនួន ៥លាន៧សែន៨ម៉ឺន៥ពាន់៧៧នាក់។

កម្ពុជា បានពង្រីកការចាក់វ៉ាក់សាំងលើ មនុស្សចំនួន១២លាននាក់ រាប់បញ្ចូលទាំងការចាក់វ៉ាក់សាំងលើកុមារវ័យជំទង់អាយុរវាងពី១២ ដល់១៧ឆ្នាំ។ បើ រាប់បញ្ចូលតួលេខចាក់រយៈពេល២៤ម៉ោងចុងក្រោយនេះ ចំនួនពលរដ្ឋដែលទទួលបាន ការចាក់ វ៉ាក់សាំងតាំងពី ខែកុម្ភៈមកនោះ បានកើនឡើងដល់៦៩កណ្តក់សញ្ញា៩៣ភាគរយក្នុងគោលដៅចាក់លើពលរដ្ឋ ចំនួន១២លាន នាក់។

កម្ពុជានៅជាមួយគ្នានេះផងដែរ យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣លើពលរដ្ឋក្នុងខេត្តចំនួន៨ជាប់ព្រំដែន ថៃដែលកំពុងប្រឈមហានិភ័យ បានចាប់ផ្តើមធ្វើឡើងផងដែរចាប់ពីសប្តាហ៍នេះទៅ ដើម្បីការទប់ស្កាត់ការឆ្លង វីរុសបំប្លែង Delta ដែលកំពុងធ្វើសកម្មភាពឆ្លងតាមកន្លែងខ្លះគួរឲ្យកត់សម្គាល់។ ដោយឡែកយោងតាមប្រ សាសន៍របស់សម្តេចពិជ័យសេនាទៀបាញ់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារពារជាតិ វ៉ាក់សាំងដូស ទី៣ នោះ ក៏នឹងត្រូវចាប់ផ្តើមចាក់លើកងទ័ពនិងក្រុមគ្រួសារកងទ័ព ចាប់ពីថ្ងៃទី៩សីហានេះផងដែរ។

ប្រធាន គណៈកម្មការចំពោះកិច្ចទទួលបន្ទុកការចាក់វ៉ាក់សាំងទូទាំងប្រទេសលោកស្រី ឳ វណ្ណឌីន បានថ្លែងបញ្ជាក់សា ជាថ្មីម្តងទៀត ជុំវិញភាពចាំបាច់នៃការត្រូវទទួលវ៉ាក់សាំងដូសទី៣ AstraZeneca ។

យោងតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី អ្នកចាក់វ៉ាក់សាំង AstraZeneca ២ដូសរួច នឹងមិនទាន់តម្រូវ ឲ្យរកវ៉ាក់សាំងដូសទី៣នាពេលនេះឡើយ ដោយសារការសិក្សាគម្លាតរយៈពេលនៅមិនទាន់បានកំណត់និង ចំនួនវ៉ាក់សាំង AstraZeneca នាពេលនេះ គឺសម្រាប់ផ្គត់ផ្គង់លើពលរដ្ឋក្នុងខេត្តចំនួន៨និងកងកម្លាំងជួរមុខដែល ប្រឈមនឹងហានិភ័យខ្ពស់សិនតែប៉ុណ្ណោះ។

នៅថ្ងៃទី៩សីហានេះផងទៀត លិខិតមួយចេញដោយក្រសួងសុខាភិបាល បានជួនដំណឹងដល់ក្រុមគ្រូពេទ្យ, មន្ត្រីរាជការ ដែលបានចាក់វ៉ាក់សាំងចិនស៊ីណូហ្វាមនិងស៊ីណូវ៉ាក់រួចរាល់  ត្រូវមកទទួលវ៉ាក់សាំងដូសទី៣ នៃវ៉ាក់សាំង AstraZeneca ។

លិខិតរបស់ក្រសួងសុខាភិបាលចំនួន៦ទំព័រ ចុះហត្ថលេខាដោយប្រធាន គណៈ កម្មការចំពោះ កិច្ចចាក់វ៉ាក់សាំងកូវីដ១៩លោកស្រី ឳ វណ្ណឌីន បានបញ្ជាក់នូវកាលបរិច្ឆេទ្ធនិងទីកន្លែងដែល នឹង ត្រូវទទួលការចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី១២សីហាឆ្នាំ២០២១ ក្នុងនោះរួមមានក្រុមគ្រូពេទ្យជួរមុខទាំងរដ្ឋនិងឯក ជន, មន្ត្រីរាជការស៊ីវិលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ នៅតាមរាជធានីខេត្តជាបន្តបន្ទាប់ព្រមទាំងកងទ័ព, គ្រួសារ កងទ័ព, នគរបាលជាតិនិងអតីតយុទ្ធជនផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner