សហរដ្ឋអាមេរិក ប្រកាសផ្តល់ជំនួយ៤លានដុល្លារ បន្ថែមដល់កម្ពុជាសម្រាប់ប្រឆាំងកូវីដ១៩ (Video Inside)
សហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយបន្ថែម៤លានដុល្លារដល់ប្រទេសកម្ពុជា ដែលជាជំនួយសម្រាប់ប្រើ ប្រាស់ក្នុងភាពបន្ទាន់ទាក់ទងនឹងជំងឺកូវីដ-១៩ ។ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់នៅថ្ងៃទី៩ សីហានេះជុំវិញការផ្តល់ជំនួយ៤លានដុល្លារតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID ដោយបញ្ជាក់ជាជំនួយបន្ទាន់សម្រាប់ប្រើប្រាស់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ការប្រកាសជំនួយ នេះ គឺនៅបន្ទាប់ពីអំណោយវ៉ាក់សាំង Johnson & Johnson ចំនួន ១លាន៦ម៉ឺន១០០ ដូស តាមរយៈយន្តការ កូវ៉ាក់កន្លងមកនេះ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក Patrick Murphy បានថ្លែងថា ការ លើកកម្ពស់សន្តិសុខផ្នែកសុខភាពសាកល និងការត្រៀមទប់ទល់នឹងការផ្ទុះឡើងនៃជំងឺ មានសារៈសំខាន់ ណាស់ ដែលមិនត្រឹមតែដើម្បីការពារសុខភាពនិងសុវត្ថិភាពកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីធានាវិបុល ភាពនៃសេដ្ឋកិច្ចនិងការពារសន្តិសុខរបស់សហរដ្ឋអាមេរិកផងដែរ។
លោក Patrick Murphy បានថ្លែងបន្តថា ជំនួយរបស់សហរដ្ឋអាមេរិកនោះ គឺជាការបន្ថែមលើជំនួយចំនួនជាង ១១ លានដុល្លារ របស់សហរដ្ឋអាមេរិកទាក់ទងនឹងជំងឺកូវីដ១៩ ដល់កម្ពុជា ចាប់តាំងពីជំងឺនេះបានផ្ទុះឡើង ជា លើកដំបូងនោះមក។ ស្ថានទូតបានថ្លែងទៀតថា តាំងពីឆ្នាំ ១៩៩២ មក សហរដ្ឋអាមេរិកបានចំណាយថវិកាអស់ ជាង ១ពាន់៥៤០លានដុល្លារជួយប្រទេសកម្ពុជា តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID ។