អ៊ីរ៉ង់អំពាវនាវអោយសហរដ្ឋអាមេរិកបោះបង់គោលនយោបាយដាក់សម្ពាធលើប្រទេសខ្លួន (មានវីដេអូ)
អ៊ីរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក សាអ៊ីដ ខាធីបហ្សាដេស បញ្ជាក់ថា សហរដ្ឋអាមេរិកគួរតែបោះបង់ចោលគោលនយោបាយដាក់សម្ពាធលើប្រទេសខ្លួន កាលពីអំឡុងរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់រូបនេះ បានគូសបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយថា រដ្ឋបាលអាមេរិកគួរតែដឹងថា ខ្លួននឹងមិនទទួលបានអ្វីដែលទាក់ទងនឹងការស្តារឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ថា ជាផែនការសកម្មភាពរួម (JCPOA) ប្រសិនបើខ្លួននៅតែប្រកាន់ខ្ជាប់នូវផ្នត់គំនិតរបស់លោក ត្រាំ ។ លោកបានសង្កត់ធ្ងន់ថា គោលនយោបាយដាក់សម្ពាធយ៉ាងខ្លាំងរបស់រដ្ឋបាលលោក ត្រាំ បានបរាជ័យ ហើយសហរដ្ឋអាមេរិកត្រូវតែទទួលស្គាល់ការពិត និងផ្លាស់ប្តូរវិធីសាស្រ្តនេះ បើមិនដូច្នេះទេ វានឹងមិនជួយស្តារឡើងវិញនូវការអនុវត្តបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ទេ ។
សូមរំលឹកថា នៅខែឧសភា ឆ្នាំ២០១៨ លោក ត្រាំ បានដកអាមេរិកជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយបានចាប់ផ្តើមឡើងវិញ និងបន្ថែមទណ្ឌកម្មជាបន្តបន្ទាប់ប្រឆាំងនឹងអ៊ីរ៉ង់ ។ ចាប់តាំងពីខែឧសភា ឆ្នាំ២០១៩ អ៊ីរ៉ង់បានផ្អាកជាបណ្តើរៗនូវការអនុវត្តបទប្បញ្ញត្តិមួយចំនួន នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ។ នៅថ្ងៃទី៦ ខែមេសា ឆ្នាំនេះ ភាគីពាក់ព័ន្ធនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់បានចាប់ផ្តើមធ្វើកិច្ចចរចានៅទីក្រុងវីយែន ដើម្បីពិភាក្សាអំពីបញ្ហាអាមេរិកនិងអ៊ីរ៉ង់បន្តការអនុលោមតាមច្បាប់ ៕ ប្រភព៖ ស៊ីនហួរ

