ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងគំរាមថា សហរដ្ឋអាមេរិក-កូរ៉េខាងត្បូងនឹងប្រឈមមុខការគំរាមកំហែងកាន់តែខ្លាំង ជុំវិញការបន្តធ្វើសមយុទ្ធយោធា (មានវីដេអូ)
កូរ៉េខាងជើង៖ ប្អូនស្រីបង្កើតរបស់មេដឹកនាំកំពូលកូរ៉េខាងជើង អ្នកនាង គីម យ៉ូចុង នៅថ្ងៃអង្គារនេះព្រមានថា សហរដ្ឋអាមេរិក-កូរ៉េខាងត្បូងនឹងត្រូវប្រឈមមុខការគំរាមកំហែងផ្នែកសន្តិសុខកាន់តែខ្លាំងឡើង ដោយសារតែប្រទេសទាំងពីរនេះ នៅតែបន្តផែនការធ្វើសមយុទ្ធយោធានៅក្នុងសប្តាហ៍នេះ ។
ស្របពេលជាមួយគ្នានេះដែរ អ្នកនាង គីម យ៉ូចុង បានចោទប្រកាន់កូរ៉េខាងត្បូងផងដែរថា កំពុងប្រព្រឹត្តទង្វើក្បត់ តាមរយៈការសម្រេចចិត្តបន្តធ្វើសមយុទ្ធយោធា ជាមួយសហរដ្ឋអាមេរិក តែមួយរយៈពេលខ្លីប៉ុណ្ណោះក្រោយប្រទេសកូរ៉េទាំងពីរ បានសម្រេចតភ្ជាប់ខ្សែទូរស័ព្ទបន្ទាន់ (hotline) ឡើងវិញ ដោយស្ថិតក្នុងគោលដៅបន្ធូរបន្ថយភាពតានតឹងកន្លងមកនេះ ។ ការព្រមានធ្ងន់ៗរបស់ប្អូនស្រីបង្កើតរបស់មេដឹកនាំកំពូលកូរ៉េខាងជើងរូបនេះ បានកើតមានឡើងស្របពេលដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានប្រកាសធ្វើសមយុទ្ធយោធាប្រចាំឆ្នាំចាប់ពីថ្ងៃទី១០ ខែសីហានេះតទៅ បើទោះបីជាកូរ៉េខាងជើងកន្លងមកនេះ ធ្លាប់បានព្រមានជាច្រើនដងរួចហើយថា វានឹងបំផ្លាញដល់ដំណើរការស្តារឡើងវិញ នៃទំនាក់ទំនងអន្តរកូរ៉េយ៉ាងណាក៏ដោយ ៕ ប្រភព៖ Reuters

