កូរ៉េខាងជើង៖ អាមេរិក និងកូរ៉េខាងត្បូងនឹងប្រឈមមុខការគំរាមកំហែងថ្មីចំពោះសមយុទ្ធយោធា

ក្រុងសេអ៊ូល៖ ​លោក​ស្រី ​គីម ​យ៉ូជុង​ (Kim Yo Jong) ​មន្រ្តី​កូរ៉េ​ខាង​ជើង​ដ៏​មាន​អំណាច​ និង​ជា​ប្អូន​ស្រី​របស់​មេដឹក​នាំ​លោក​ គីម ​ជុងអ៊ុន​ បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ប្រទេស​កូរ៉េខាងត្បូង​ និង​សហរដ្ឋ​អាមេរិក​ នឹង​ប្រឈម​មុខ​​ការ​គំរាម​កំហែង​ផ្នែក​សន្តិសុខ​កាន់​តែ​ខ្លាំង​ ដោយ​សារ​តែ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ដែល​​ចាប់​ផ្តើម​នៅ​សប្តាហ៍​នេះ​។​ នេះបើយោង​​​តាម​ការ​រាយការណ៍​ របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។​

​លោក​ស្រី​ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ KCNA​ ថា​ សមយុទ្ធ​នេះគឺ​ជា​សកម្មភាព​ដែល​បំផ្លាញ​ខ្លួន​ឯង​ និង​មិន​គួរ​ឱ្យ​ស្វាគមន៍​​ បង្ក​ការ​គំរាម​កំហែង​ដល់​ប្រជាជន​កូរ៉េខាងជើង​ និង​បង្កើន​ភាព​តាន​តឹង​នៅ​ឧបទ្វីប​កូរ៉េ​។​ លោក​ស្រី​បន្ត​ថា​៖​ «​សហរដ្ឋ​អាមេរិក​ និង​កូរ៉េ​ខាងត្បូង​ នឹង​ប្រឈម​មុខ​​ការ​គំរាម​កំហែង​សន្តិសុខ​ធ្ងន់ធ្ងរ​ជាង​មុន​ ​ដោយ​សារ​មិន​អើពើ​នឹង​ការ​ព្រមាន​របស់​យើង​ម្តង​ហើយ​ម្តង​ទៀត​ ​ជំរុញ​ឱ្យ​មាន​ការ​ធ្វើ​សមយុទ្ធ​សង្គ្រាម​ដ៏​គ្រោះ​ថ្នាក់​»​។​

លោក​ស្រី គីម បាន​ចោទ​ប្រកាន់​កូរ៉េ​ខាង​ត្បូង​ថា​ ក្បត់​ការ​ប្រព្រឹត្ត​របស់​ខ្លួន​​ឯង​ ដោយ​​​ធ្វើ​សម​យុទ្ធ​ភ្លាមៗ​ ​មិន​បាន​ប៉ុន្មាន​ផង​ក្រោយ​ក្រុង​ព្យុងយ៉ាង​ និង​សេអ៊ូល ​​និយាយ​គ្នា​អំពី​ការ​បន្ធូរបន្ថយ​ភាព​តាន​តឹង​។​

​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោក​ Martin​ Meiners​ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​សេចក្តី​ថ្លែងការណ៍​របស់​កូរ៉េ​ខាង​ជើង​​ ដោយ​ថា​វា​ប្រឆាំង​នឹង​គោល​នយោបាយ​​សម​យុទ្ធ​​​។ ​ចំណែក​ឯ​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​ ក៏​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ដូច​គ្នា​ ដោយ​លើក​ឡើង​ថា​ ប្រទេស​ទាំង​ពីរ​នៅ​តែ​ពិភាក្សា​អំពី​ពេល​វេលា​ ទំហំ​ និង​វិធីសាស្ត្រ​នៃ​សមយុទ្ធ​ជា​ប្រចាំ​។​

ប្រទេស​កូរ៉េ​ខាង​ត្បូង​ និង​សហរដ្ឋ​អាមេរិក​ បាន​ចាប់​ផ្តើម​សម​យុទ្ធ​យោធា​បឋម​របស់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​​ ទោះ​បី​ជា​មាន​ការ​ព្រមាន​ពី​កូរ៉េខា​ង​ជើង​ពី​មុន​មក​ក្ដី​។​ សម​យុទ្ធ​បែប​នេះ​ ត្រូវ​បាន​កាត់​បន្ថយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​ ដើម្បី​សម្រួល​ដល់​កិច្ចចរចា​លុប​ចោល​កម្មវិធី​នុយក្លេអ៊ែរ​ និង​មីស៊ីល​របស់​ក្រុង​ព្យុងយ៉ាង​ ជា​ថ្នូរ​នឹង​ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​របស់​អាមេរិក​។ ​យ៉ាង​ណា​មិញ​ កិច្ចចរចា​នេះ​បាន​ដួលរលំ​នៅ​ឆ្នាំ​ ២០១៩​។​

លោកស្រី ​គីម​ ​និយាយ​ថា​ សកម្មភាព​យោធា​អាមេរិក​​បង្ហាញ​ពី​​ចរិក​​ពុតត្បុត​​​របស់ក្រុង​វ៉ាស៊ីនតោន​ ចំពោះ​ការ​ឈ្លាន​ពាន​នៅ​ឧបទ្វីប​កូរ៉េ​ ហើយ​សន្ដិភាព​នឹង​អាច​ធ្វើ​ទៅ​បាន​ លុះ​ត្រា​តែ​សហរដ្ឋ​អាមេរិក​រុះរើ​កម្លាំង​យោធា​ដែល​ខ្លួន​ដាក់​ពង្រាយ​ប្រមាណ​ជាង​ ២៨ ៥០០០ ​នាក់​នៅ​កូរ៉េ​ខាង​ត្បូង​។​

ព្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner