ជំងឺកូវីដរយៈពេលវែង កំពុងគំរាមគំហែងដល់កុមារតូចៗ និងក្មេងវ័យជំទង់
ខណៈដែលយុវជនវ័យជំទង់ និងកុមារនានា ត្រៀមខ្លួនត្រឡប់ទៅសាលារៀនវិញ យុវជនជំទង់ និងកុមារដទៃទៀត កំពុងព្យាយាមព្យាបាលផលប៉ះពាល់លើសរសៃប្រសាទ រាងកាយ ឬ ផ្លូវចិត្ត បន្សល់ដោយជំងឺកូវីដ-១៩ ។ ជារឿយៗ គេហៅថាជំងឺនេះថា «ជំងឺកូវីដរយៈពេលវែង» ដោយសាររោគសញ្ញា និងរយៈពេលក្នុងការព្យាបាលរបស់វាមានរយៈពេលយូរ។ នេះបើតាមឱ្យដឹងពីសារព័ត៌មានញូយ៉កថែមស៍។
ការសិក្សា បានប៉ាន់ប្រមាណថា ជំងឺកូវីដ-១៩ បង្កផលប៉ះពាល់ដល់មនុស្សពេញវ័យចន្លោះពី ១០ ទៅ ៣០ ភាគរយ ក្រោយឆ្លងវីរុសនេះ។ ការប៉ាន់ស្មានពីការសិក្សាមួយចំនួនលើផលប៉ះពាល់លើកុមារ និងក្មេងវ័យជំទង់រហូតមកដល់ពេលនេះ មានលក្ខណៈខុសពីផលប៉ះពាល់លើមនុស្សពេញវ័យ។ លោកវេជ្ជបណ្ឌិត Francis Collins ប្រធានវិទ្យាស្ថានជាតិសុខភាព កាលពីខែ មេសា បានដកស្រង់ការសិក្សាស្រាវជ្រាវមួយ ដែលបង្ហាញពីផលប៉ះពាល់លើយុវជន ចន្លោះពី ១១% ទៅ ១៥% និងបន្សល់ដោយផលវិបាករយៈពេលវែងនេះ ដែលអាចរំខានដល់លក្ខខណ្ឌនានារបស់ពួកគេដូចជាទៅសាលារៀនជាដើម។
បញ្ហាប្រឈម ចំពោះអ្នកជំងឺវ័យក្មេង កើតឡើង ដោយសារករណីកុមារ ដែលឆ្លងកូវីដ-១៩ កើនឡើងយ៉ាងខ្លាំង ដែលបណ្តាលមកពីការប្រែប្រួលវ៉ារ៉្យង់ឌែលតាលើកុមារអាយុក្រោម ១២ ទៅ ១៧ ឆ្នាំ ដែលទើបតែចាក់វ៉ាក់សាំងបានពាក់កណ្ដាល និងមិនទាន់បានចាក់។
វេជ្ជបណ្ឌិតដដែលនេះ និយាយថាសូម្បីតែយុវជនដែលមានការឆ្លងមេរោគដំបូងក្នុងកម្រិតស្រាល ឬ មិនមានរោគសញ្ញាសោះ ក៏អាចត្រូវប្រឈមនឹង«ជំងឺកូវីដរយៈពេលវែង»ដែរ ដែលបង្កឱ្យមានភាពស្មុគស្មាញពេលខ្លះ មានបញ្ហាដែលរំខានដល់ការរៀនសូត្រ ការគេង សកម្មភាពក្រៅម៉ោង និងទិដ្ឋភាពផ្សេងទៀតនៃជីវិត។
វេជ្ជបណ្ឌិត Avindra Nath ប្រធានផ្នែកជំងឺឆ្លងនៃប្រព័ន្ធប្រសាទនៅវិទ្យាស្ថានជាតិជំងឺសរសៃប្រសាទ និងជំងឺដាច់សរសៃឈាមខួរក្បាល បានមានប្រសាសន៍ថា៖ «ផលប៉ះពាល់ ដែលអាចកើតមានគឺធំធេងណាស់។ ខ្ញុំចង់និយាយថា ពួកគេស្ថិតក្នុងវ័យលូតលាស់ វ័យផ្លាស់ប្ដូរ។ ក្រោយពួកគេ ត្រូវប្រឈមនឹងការដើរយឺតជាងគេ ដោយសារតែត្រូវប្រឈមនឹងជំងឺកូវីដ ក៏អាចធ្វើឱ្យពួកគេបាត់បង់ទំនុកចិត្តលើខ្លួនឯងដែរ»។
វេជ្ជបណ្ឌិត Molly Wilson-Murphy អ្នកឯកទេសខាងជំងឺឆ្លងទាក់ទងនឹងប្រព័ន្ធប្រសាទនៅ មន្ទីរពេទ្យកុមារបូស្តុន ជាកន្លែង ដែលកម្មវិធីមួយសិក្សាពីអ្នកជំងឺកូវីដរយៈពេលវែងទូទាំងប្រទេស បានឱ្យដឹងថា៖ «យើងឃើញនូវផលវិបាក ដូចជាអស់កម្លាំង ឈឺក្បាល អ័ព្ទក្នុងខួរក្បាល ការចងចាំចុះខ្សោយ និងពិបាកផ្តោតអារម្មណ៍ ការរំខានដំណេក ការផ្លាស់ប្តូរក្លិន និងរសជាតិជាបន្តបន្ទាប់” ។ ប្រសិនបើ ក្មេងៗឆ្លង កូវីដហើយ យកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យទេ អាការៈរបស់ពួកគេនឹងបាត់ទៅណាងាយៗទេ ឬពួកគេហាក់ដូចជាធូរស្បើយទាំងស្រុង ហើយបន្ទាប់មកពីរបីសប្តាហ៍ ឬ មួយខែក្រោយមក ពួកគេចាប់ផ្ដើមចេញរោគសញ្ញាបន្ត»។
វេជ្ជបណ្ឌិត Amanda Morrow សហប្រធានគ្លីនិកកុមារ ក្រោយកូវីដ-១៩ នៅវិទ្យាស្ថានកេណ្ណឌីក្រៀជឺ (Kennedy Krieger Institute) នៅបលធីម័រ បាននិយាយថា ការព្យាបាលទាន់ពេលអាចជួយឱ្យជាសះស្បើយឡើងវិញ។ ប៉ុន្តែ ពួកគេត្រូវការអ្នកឯកទេស និងវិធីសាស្រ្តជាច្រើន រួមមានការធ្វើលំហាត់ប្រាណការព្យាបាលអាកប្បកិរិយា យល់ដឹងការកែប្រែការគេង និងការប្រើថ្នាំ សម្រាប់បញ្ហាដូចជា បញ្ហាផ្លូវដង្ហើម និងក្រពះពោះវៀនជាដើម។
រោគសញ្ញានៃជំងឺកូវីដរយៈពេលវែងខ្លះ មានផលប៉ះពាល់ដល់ខួរក្បាលផងដែរ។ អ្នកជំនាញនិយាយថា អ្នកខ្លះអាចនឹងមានអាការៈមិនស្រួលខ្លួន (ស្រដៀងនឹងអការៈក្រោយពេលសម្រាលកូន) អស់កម្លាំងកាយ ឬ ផ្លូវចិត្ត អស់កម្លាំងរ៉ាំរ៉ៃ។ អ្នកជំងឺខ្លះអាចវិវត្តទៅជារោគសញ្ញាជំងឺ POTS ដែលមានការឈឺក្បាលកម្រិតស្រាល និងចង្វាក់បេះដូងលោតនៅពេលក្រោកឈរ។
ការសិក្សាខ្លះរាយការណ៍ពីសមាមាត្រខ្ពស់នៃក្មេងវ័យជំទង់ ដែលអាចប្រឈមនឹងបញ្ហាទាំងនេះក្នុងរយៈពេលវែងនោះគឺដោយសារតែក្មេងជំទង់ ត្រូវប្រឈមនឹង រោគសញ្ញាមួយចំនួន ដែលរំខានច្រើនជាង ឬ ដោយសារតែក្រោយពេលពេញវ័យអ័រម៉ូន អាចបង្កើនការឆ្លើយតបរបស់ប្រព័ន្ធការពារ។
ការសិក្សានៅខែមេសា ដោយការិយាល័យស្ថិតិជាតិរបស់ចក្រភពអង់គ្លេស បានរកឃើញថា ប្រមាណ ៩,៨% នៃក្មេងអាយុ ២-១១ ឆ្នាំ និង ១៣% នៃក្មេងអាយុ ១២-១៦ ឆ្នាំ ដែលឆ្លងកូវីដ មានរោគសញ្ញាបន្តនៅ ៥ សប្តាហ៍ក្រោយ។ បន្ទាប់ពី ១២ សប្តាហ៍ក្រោយ អត្រានៃការមានរោគសញ្ញារនៅតែច្រើនដដែលពោលគឺមានប្រមាណ ៧.៤% ចំពោះក្រុមក្មេង និង ៨.២% នៅក្នុងក្រុមជំទង់។

ប្រភព៖ BBC