នូវែលសេឡង់ គ្រោងបើកព្រំដែនឡើងវិញ ខណៈប្រទេសនេះកំពុងខ្វះកម្លាំងពលកម្ម
ក្រោយទទួលសម្ពាធពីអាជីវកម្ម និងវិស័យសាធារណៈ ដែលប្រឈមនឹងកង្វះកម្មករ អ្នកគោលនយោបាយនានា ខ្លាចថា បញ្ហានេះនឹងជំរុញឱ្យមានអតិផរណាដល់ប្រទេសនេះ ហេតុដូចនេះហើយ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern គ្រោងនឹងបង្ហាញផែនការនៅសប្តាហ៍នេះ ស្ដីអំពីការបើកព្រំដែនប្រទេសឡើងវិញ។
លោកស្រី Ardern ទទួលបានការកោតសរសើរជាសកល ចំពោះការទប់ស្កាត់ការចម្លងមេរោគកូវីដ -១៩ ក្នុងតំបន់តាមរយៈយុទ្ធសាស្ត្រកំចាត់កូវីដ ការបិទខ្ទប់យ៉ាងតឹងរ៉ឹង និងបិទព្រំដែនអន្តរជាតិនូវែលសេឡង់នៅខែ មីនា ឆ្នាំ ២០២០ ។
ទោះយ៉ាងណា បច្ចុប្បន្នយុទ្ធសាស្ត្រនេះ កំពុងធ្វើឱ្យសេដ្ឋកិច្ចពឹងផ្អែកយ៉ាងខ្លាំងទៅលើកម្លាំងពលករអន្តោប្រវេសន៍ បង្កឱ្យមានការចំណាយខ្ពស់ និងទិន្នផលទាប។ ផលិតផលទឹកដោះគោ សាកវប្បកម្ម លំនៅដ្ឋាន សេវាកម្ម សុខភាព និងវិស័យសាធារណៈ បានរាយការណ៍អំពីកង្វះបុគ្គលិកយ៉ាងធ្ងន់ធ្ងរ ហើយបានអំពាវនាវឱ្យរដ្ឋាភិបាលបើកព្រំដែនវិញ។
លោកស្រី Ardern បានឱ្យដឹងថា លោកស្រីនឹងនៅតែប្រយ័ត្នប្រយែងជានិច្ច និងបានបង្ហាញផែនការរយៈពេល ៦ ខែរបស់រដ្ឋាភិបាលនាង សម្រាប់សុខភាពសាធារណៈ និងការត្រួតពិនិត្យព្រំដែនប្រទេសនេះ។ កាលពីសប្តាហ៍មុន លោកស្រីក៏បានបើកការធ្វើដំណើរ ដោយគ្មានចត្តាឡីស័កសម្រាប់កម្មករតាមរដូវពីប្រទេសសាម័រ តុងហ្គា និងវ៉ានូអាទូ ដែលសុទ្ធសឹងតែជាប្រទេសគ្មានករណីឆ្លង ដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មនៅក្នុងឧស្សាហកម្មសាកវប្បកម្ម។
គួរបញ្ជាក់ផងដែរថា ប្រទេសនូវែលសេឡង់ បានរកឃើញករណីវិជ្ជមានប្រមាណ ២៥០០ ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ២៦ នាក់ ដែលជាប្រទេសមានចំនួនករណីឆ្លងទាបជាងគេបំផុតនៅលើពិភពលោក។

ប្រភព៖ CNA