រដ្ឋបាលលោកបៃដិន ប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលបេឡារុសសារជាថ្មី
រដ្ឋបាលលោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃច័ន្ទ បានប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីប្រឆាំងនឹងប្រទេសបេឡារុស ដោយហៅវិធានការនេះថា ជាការឆ្លើយតបទៅនឹងការគាបសង្កត់នយោបាយ និងអំពើពុករលួយដែលកំពុងបន្តរបស់ក្រុងមីនស្ក៍។
តាមបញ្ជីរបស់ក្រសួងរតនាគារ ក្រុមហ៊ុនរងទណ្ឌកម្មថ្មីរួមមានក្រុមហ៊ុន Belaruskali OAO ដែលជាសហគ្រាសរដ្ឋធំបំផុតមួយរបស់បេឡារុស និងជាប្រភពទ្រព្យសម្បត្តិនៃរដ្ឋាភិបាលប្រទេសនេះ គណៈកម្មាធិការអូឡាំពិកជាតិបេឡារុស និងក្រុមហ៊ុនឯកជនចំនួន ១៥ រួមទាំងធនាគារ Absolutbank ដែលមានទំនាក់ទំនងជាមួយរបបលោកប្រធានាធិបតី Alexander Lukashenko ។ យោងតាមការរាយការណ៍របស់ Association Press គណៈកម្មាធិការអូឡាំពិកបេឡារុស ត្រូវបានគេចោទប្រកាន់ថាបានជួយសម្រួលដល់ការលាងលុយកខ្វក់ ការគេចវេសការដាក់ទណ្ឌកម្ម និងគេចពីការហាមឃាត់ទិដ្ឋាការជាដើម។
លោក បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «វាគឺជាទំនួលខុសត្រូវរបស់អស់អ្នកដែលខ្វល់ខ្វាយអំពីបញ្ហាសិទ្ធិមនុស្ស ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ និងសេរីភាពក្នុងការបញ្ចេញមតិដើម្បីប្រឆាំងនឹងការជិះជាន់នេះ»។ លោកបន្តថា៖ «សហរដ្ឋអាមេរិក នឹងបន្តក្រោកឈរឡើងដើម្បីលើកស្ទួយស្ថានភាពសិទ្ធិមនុស្ស និងការបញ្ចេញមតិដោយសេរីខណៈដែលការទទួលខុសត្រូវរបស់លោក Lukashenka ក្នុងការព្រមព្រៀងគ្នាជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើង»។
ទណ្ឌកម្មថ្មី ធ្វើឡើងក្នុងខួបមួយឆ្នាំនៃការបោះឆ្នោតដែលអនុញ្ញាតឱ្យលោក Lukashenko បន្តអាណត្តិទី ៦ របស់លោក ក្រោមការចោទប្រកាន់របស់សហគមន៍អន្តរជាតិ និងក្រុមប្រឆាំងក្នុងស្រុកដែលថា មានការលួចបន្លំសន្លឹកឆ្នោត និងភាពមិនប្រក្រតីផ្សេងៗ ដែលបង្កជាការតវ៉ាមានលក្ខណៈទ្រង់ទ្រាយធំទូទាំងប្រទេស រហូតធ្វើឱ្យមនុស្សជាង ៣៥ ០០០ ត្រូវបានចាប់ខ្លួន។
លោក Lukashenko ត្រូវបានលោកខាងលិចឱ្យរហស្សនាមថា «ជនផ្តាច់ការចុងក្រោយរបស់អឺរ៉ុប» ដោយសារការបង្ក្រាបក្រុមប្រឆាំងរបស់លោករាប់ចាប់តាំងពីការឡើងកាន់តំណែងក្នុងឆ្នាំ ១៩៩៤។ យ៉ាងណាមិញ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលថ្ងៃច័ន្ទក្នុងទីក្រុងមីនស្ក៍ មេដឹកនាំបេឡារុសរូបនេះ បានបដិសេធថា លោកមិនមែនជាជនផ្តាច់ការទេ ហើយបានចោទប្រកាន់គូប្រជែងរបស់លោកថាបានរៀបចំផែនការធ្វើរដ្ឋប្រហារ។

ប្រភព៖ NBC News