អូស្រ្តាលីផ្លាស់ប្តូរទិសដៅពាណិជ្ជកម្ម ពីប្រទេសចិនទៅឥណ្ឌា
បេសកជនពិសេសអូស្រ្តាលីនិងជាអតីតនាយករដ្ឋមន្ត្រីអូស្រ្តាលី លោក Tony Abbott បាននិយាយថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសរបស់លោកនិងឥណ្ឌានឹងបង្ហាញថា « ប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យគឺងាកចេញពីចិនហើយ» ។
លោក Abbott បានធ្វើទស្សនកិច្ចនៅទីក្រុង ញូវដេលី កាលពីសប្តាហ៍មុនក្នុងនាមជាប្រេសិតពាណិជ្ជកម្មពិសេស របស់អូស្ត្រាលីសម្រាប់ប្រទេសឥណ្ឌាដោយសាររដ្ឋាភិបាលអូស្ត្រាលីផ្តល់អាទិភាពក្នុងការសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយឥណ្ឌា។ នៅក្នុងអត្ថបទមួយដែលទំនងជាចង់ធ្វើឱ្យទីក្រុងប៉េកាំងខឹង និងត្រូវបានបោះពុម្ពផ្សាយនៅក្នុងកាសែត The Australian កាលពីថ្ងៃច័ន្ទទី ៩ ខែសីហា លោកAbbott បាននិយាយថា« ឥណ្ឌាជាចម្លើយរបស់សំណួរអំពីប្រទេសចិន»។
លោក Abbott បានសរសេរក្នុងអត្ថបទដដែលថា « នៅពេលដែល ប្រទេសមហាអំណាច លេចធ្លោផ្សេងទៀត នៅលើពិភពលោកកាន់តែមានភាពលេចធ្លោស្ទើរតែរាល់ថ្ងៃបែបនេះ វាជាផលប្រយោជន៍រួមរបស់ពិភពលោកដែលឥណ្ឌា ត្រូវប្រកាន់យកកន្លែងត្រឹមត្រូវ របស់ខ្លួនក្នុងចំណោមប្រទេសនានាឱ្យបានលឿនតាមដែលអាចធ្វើទៅបាន» ។
លោក Abbott បានបន្ថែមថា៖ « ដោយសារតែកិច្ចព្រមព្រៀងពាណិជ្ជកម្ម គឺទាក់ទងនឹងនយោបាយក៏ដូចជាផ្នែកសេដ្ឋកិច្ចផងដែរនោះ កិច្ចព្រមព្រៀងរវាងឥណ្ឌានិងអូស្រ្តាលី នឹងក្លាយជាសញ្ញាដ៏សំខាន់មួយនៃពិភពប្រជាធិបតេយ្យ ដែលកំពុងឃ្លាតឆ្ងាយពីប្រទេសចិនក៏ដូចជា ចាប់ផ្តើមបង្កើនវិបុលភាពរយៈពេលវែងនៃប្រទេសទាំងពីរផងដែរ» ។ ស្ថានទូតចិន នៅអូស្រ្តាលីមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេកាលពីថ្ងៃចន្ទនេះ។
លោក Abbott គឺជានាយករដ្ឋមន្រ្តីអូស្ត្រាលីនៅពេលដែលប្រទេសចិននិងអូស្ត្រាលី បានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដែលបានចូលជាធរមាននៅឆ្នាំ ២០១៥កន្លងទៅ ។ចាប់តាំងពីពេលនោះមក ទំនាក់ទំនងចិន- អូស្ត្រាលីបានធ្លាក់ចូលភាព ស្រពិចស្រពិលលើបញ្ហាដូចជាអូស្ត្រាលីបានហាមឃាត់ក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei ពីគម្រោងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ធំ ៗ ដោយមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែក ពីបរទេសចូលក្នុងនយោបាយ អូស្រ្តាលីនិងអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យអំពីប្រភពដើមនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ។

ប្រភព៖ CNA