អ្នកជំនាញ៖ អ្នកបង្កើតគោលនយោបាយនៅចិនកំពុងជួបវិបត្តិ ខណៈតម្លៃចេញពីរោងចក្រកើនឡើង ហើយអ្នកផលិតមានអារម្មណ៍ថារងគំនាប
ក្រុងប៉េកាំង៖ ផ្អែកលើទិន្នន័យសេដ្ឋកិច្ចចុងក្រោយ អតិផរណានៃតម្លៃផលិតផលចេញពីរោងចក្រនៅចិន និងកំណើននៃការថយចុះនៃការនាំចេញរបស់ប្រទេស បង្ហាញពីការធ្លាក់ចុះនៃសេដ្ឋកិច្ច ប៉ុន្តែមានហានិភ័យតិចតួចដែលថ្លៃដើមនៃការចំណាយប្រចាំថ្ងៃនឹងកើនឡើង ទោះបីជាអតិផរណាតម្លៃទំនិញប្រើប្រាស់កើនឡើងតិចតួចនាខែកក្កដានេះក៏ដោយ។
យោងតាមការិយាល័យស្ថិតិជាតិចិន (NBS) អតិផរណានៃតម្លៃចេញពីរោងចក្រ វាស់វែងដោយសន្ទស្សន៍ថ្លៃផលិត (PPI) បានកើនឡើងចំនួន ៩ ភាគរយកាលពីខែកក្កដាធៀបនឹងពេលវាលាដដែលកាលពីឆ្នាំមុន។ សន្ទស្សន៍ថ្លៃផលិត ដែលបង្ហាញពីតម្លៃរោងចក្រគិតថ្លៃពីអ្នកលក់ដុំសម្រាប់ផលិតផលរបស់ពួកគេ គឺខ្ពស់ជាងការកើនឡើងចំនួន ៨,៨ ភាគរយកាលពីខែមិថុនា។
កាលចុងសប្តាហ៍ ទិន្នន័យពាណិជ្ជកម្មថ្មីក៏បានបង្ហាញផងដែរថា កំណើននៃការនាំចេញរបស់ចិនក្នុងខែកក្កដា បានធ្លាក់ចុះដូចការរំពឹងទុក។ ការនាំចេញបានកើនឡើងដល់ ២៨២,៦៦ ប៊ីលានដុល្លារ ឬស្មើ ១៩,៣ ភាគរយធៀបនឹងឆ្នាំមុន ពោលគឺធ្លាក់ចុះពីកំណើន ៣២,២ ភាគរយនៅខែមិថុនា និងទាបជាងការរំពឹងទុកត្រឹម ១៩,៩ ភាគរយ។
សារព័ត៌មាន The South China Morning Post បានដកស្រង់កំណត់ត្រាមួយរបស់លោក Zhang Zhiwei ប្រធានសេដ្ឋវិទូប្រចាំក្រុមហ៊ុន Pinpoint Asset Management ដែលថា ការដាក់សម្ពាធពាណិជ្ជកម្មបន្ថែមទៀតប្រទេសចិន ត្រូវបានគេរំពឹងថា នឹងត្រួតពិនិត្យយ៉ាងហ្មត់ចត់នូវចលនាដឹកទំនិញ និងអ្នកដំណើរឆ្លងកាត់ព្រំដែន ដោយសារតែការផ្ទុះឡើងនៃវ៉ារ្យ៉ង់ដែលតា (Delta) អាចរឹតបន្តឹងសង្វាក់ផ្គត់ផ្គង់ខណៈដែលជំរុញតម្លៃទំនិញរោងចក្រ។
លោក Zhang និយាយថា៖ «បញ្ហានេះ ធ្វើឱ្យអ្នកបង្កើតគោលនយោបាយជួបនឹងបញ្ហាមួយ ដោយអតិផរណានៃតម្លៃចេញពីច្រកទ្វាររោងចក្រ កំពុងកើនឡើង ហើយកំណើនកំពុងធ្លាក់ចុះ។ ជំងឺរាតត្បាតរំខានដល់ចង្វាក់ផ្គត់ផ្គង់ពិភពលោក និងធ្វើឱ្យវាអាក្រក់ទៅៗ»។
ថ្វីបើមួយភាគធំបានធូរស្បើយពីការរំខានដោយការរាតត្បាតនៃវីរុសកូរ៉ូណាក៏ហើយក្ដី ក៏ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន ឥឡូវនេះកំពុងបាត់បង់ថាមពលមួយដែលជាលទ្ធផលនៃអតិផរណាតម្លៃរោងចក្រ។ ក្រុមហ៊ុនអ្នកផលិត នៅតែប្រឈមមុខនឹងបញ្ហាដូចជាតម្លៃវត្ថុធាតុដើមខ្ពស់ តម្លៃភស្តុភារកើនឡើង និងការជាប់គាំងនៃចង្វាក់ផ្គត់ផ្គង់ពិភពលោក ហើយកត្តាទាំងនេះ កំពុងរារាំងការចាប់អារម្មណ៍ណាមួយក្នុងការបង្កើនទិន្នផល។
ការផ្អាកផលិតកម្ម បានរាលដាលដល់មជ្ឈមណ្ឌលផលិតកម្មភាគខាងត្បូងនៃខេត្ត Guangdong របស់ចិនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារតែកំណើននៃថ្លៃដើមធ្វើឱ្យខាតបង់ប្រាក់ចំណេញ ខណៈតម្រូវការនៅបរទេសកើនឡើងសម្រាប់ទំនិញ។
យោងតាមអ្នកវិភាគនៅធនាគារជប៉ុន Nomura ការចំណាយខ្ពស់លើវត្ថុធាតុដើម ផ្តើមចេញពីការងើបឡើងវិញរបស់ប្រទេសចិនដែលជំរុញតម្រូវការ ខណៈពេលដែលកត្តាផ្គត់ផ្គង់ក៏ដើរតួផងដែរ រួមទាំងការទប់ស្កាត់ទិន្នផលនៅក្នុងឧស្សាហកម្មដែលមានការបំពុលបរិស្ថានខ្ពស់។ ធនាគារនេះ នៅតែមានភាពវិជ្ជមានចំពោះចក្ខុវិស័យអតិផរណា ដោយចាត់ទុកថាវា «អាចគ្រប់គ្រងបាន»។
ជាមួយគ្នានេះ NBS បាននិយាយកាលពីថ្ងៃច័ន្ទថា សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ផ្លូវការរបស់ចិន បានកើនឡើង ១ ភាគរយនៅក្នុងខែកក្កដាធៀបនឹងឆ្នាំមុន ធ្លាក់ចុះពី ១,១ ភាគរយកាលពីខែមិថុនា។
លោក Wen Bin ប្រធានអ្នកវិភាគម៉ាក្រូសេដ្ឋកិច្ចនៃធនាគារចិន Minsheng និយាយថា៖ «អតិផរណានៃអ្នកប្រើប្រាស់ នៅតែអាចគ្រប់គ្រងបាន ហើយវានឹងមានផលប៉ះពាល់តិចតួចចំពោះការបង្កើតគោលនយោបាយរូបិយវត្ថុ»។
អ្នកប្រើប្រាស់ចិន ក៏ឃើញផងដែរថា តម្លៃម្ហូបអាហារបានធ្លាក់ចុះក្នុងខែកក្កដា ៣,៧ ភាគរយប្រៀបធៀបនឹងឆ្នាំមុន ធ្លាក់ចុះ ១,៧ ភាគរយកាលពីខែមិថុនា។
ការកើនឡើងនៃសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់នៅខែកក្កដា បណ្តាលមកពីផលិតផលមិនមែនជាស្បៀង ជាពិសេសសេវាកម្មដឹកជញ្ជូនទាក់ទងនឹងប្រេងឥន្ធនៈ ដែលទទួលរងនូវការឡើងថ្លៃប្រេងពិភពលោកដោយសារតម្រូវការខ្ពស់ ហើយខ្វះការផ្គត់ផ្គង់។
នៅក្នុងវិស័យពាណិជ្ជកម្មវិញ ទិន្នន័យបានបង្ហាញថា ការធ្លាក់ចុះនៃកំណើននៃការនាំចេញរបស់ចិន គឺបណ្តាលមកពីភាពយឺតយ៉ាវនៃការទិញពីអ្នកទិញធំៗបំផុតរបស់ចិនរួមមានប្រទេសអាស៊ានទាំង ១០ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
រយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២១ ការនាំចេញរបស់ចិនទៅកាន់អាស៊ានបានកើនឡើង ៣៤,២ ភាគរយ សហភាពអឺរ៉ុប ៣២,៧ ភាគរយ និងនាំចូលពីសហរដ្ឋអាមេរិកបានកើនឡើង ៣៦,៩ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។
យ៉ាងណាមិញ ប្រទេសចិនកំពុងប្រឈមមុខនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅក្នុងប៉ុន្មានខែខាងមុខនេះ ហើយអ្នកវិភាគខ្លះបានកាត់បន្ថយការព្យាករណ៍សម្រាប់សេដ្ឋកិច្ចចិនរួចទៅហើយ។ ក្រុមហ៊ុន Goldman Sachs Group Inc. ដែលជាក្រុមហ៊ុនធនាគារវិនិយោគ បានទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចចិនរបស់ខ្លួនសម្រាប់ត្រីមាសទី ៣ និងកំណើនផលិតផលក្នុងស្រុកសរុបពេញមួយឆ្នាំពី ៨,៦ ភាគរយ មកត្រឹម ៨,៣ ភាគរយ ដោយសារតែវិធានការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ចុងក្រោយបង្អស់នៅប្រទេស។

ប្រភព៖ SCMP