កម្ពុជាត្រៀមបញ្ជូនកងកម្លាំងមួកខៀវជាង៣០០នាក់ ទៅប្រទេសម៉ាលី (Video Inside)
កម្ពុជាគ្រោងនឹងបញ្ជូនកម្លាំងមួកខៀវកម្ពុជាជាង៣០០នាក់ទៅប្រទេសម៉ាលី នៅពាក់កណ្ដាលខែកញ្ញាខាងមុខ នេះដើម្បីធ្វើការផ្លាស់ប្តូរកម្លាំងចាស់។
អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងនៅថ្ងៃនេះជុំវិញគម្រោងបញ្ជួនកងកម្លាំងមួកខៀវជាង៣០០នាក់ទៅប្រទេសម៉ាលីដើម្បីបំពេញ បេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែង បញ្ជាក់ថាកងកម្លាំងមួកខៀវកម្ពុជាទាំងជាង៣០០នាក់ នឹងត្រូវទទួលការចាក់វ៉ាក់សាំងដូសទី៣រួចរាល់មុននឹង ចាកចេញពីប្រទេសកម្ពុជា។
កងម្លាំងទាំង៣០០នាក់នោះមានកងអនុសេនាធំលេខ ២៨៨ និងកងអនុសេនាធំ វិស្វកម្មលេខ៩២៧ ដែលរួមមានកម្លាំងជាយោធិននារីចំនួន២៦រូប។ កម្ពុជាចាប់តាំងពីឆ្នាំ ២០០៦ មក បាន បញ្ជូនកងកម្លាំងមួកខៀវចំនួន ៧ពាន់១២៣ នាក់ក្នុងនោះមានស្ត្រី ៤១៩ នាក់ ក្នុងការចូលរួម បេសកកម្មថែរក្សា សន្តិភាពរបស់អង្គការសហប្រជាជាតិ។
បច្ចុប្បន្ន កម្ពុជានៅមានកងកម្លាំងប្រមាណ ៨០០ នាក់ដែលកំពុង ចូលរួមបេសកកម្មនៅក្នុងប្រទេសចំនួន៤ រួមមានប្រទេសស៊ូដង់ខាងត្បូង, សាធារណរដ្ឋអាហ្វ្រិកកណ្តាល, ប្រទេសលីបង់ និងប្រទេសម៉ាលី។