ខេត្តកំពង់ស្ពឺ រកឃើញមេរោគកូវីដ-១៩ បំប្លែងថ្មីដែលតាចំនួន ៤ករណី
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ស្ពឺនៅយប់ថ្ងៃទី១០សីហាឆ្នាំ២០២១បានឲ្យដឹងថា ក្រុមគ្រូពេទ្យជំនាញបានទទួលលទ្ធផលវិភាគរកមេរោគបំប្លែងថ្មីដែលតា (Delta) ពីវិទ្យាស្ថានប៉ាស្ទ័រ ដោយបានរកឃើញករណីវិជ្ជមានមេរោគបំប្លែងថ្មីដែលតា នៅក្នុងមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺចំនួន៤នាក់។ អ្នកទាំង៤នាក់មាន២នាក់ មានអសយដ្ឋាននៅភូមិផ្សារឌុយមិច សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ និង២នាក់ទៀត មានអាយដ្ឋាននៅភូមិព្រែកញ្ជាន់ ឃុះភារី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
អ្នកវិជ្ជមានមេរោគកូវីដ-១៩បំប្លែងថ្មីដែលតា ទាំង៤នាក់នោះ ត្រូវបានក្រុមគ្រូពេទ្យដាក់ព្យាបាលនៅដាច់ដោយឡែក នៅមណ្ឌលព្យាបាលពន្លឺថ្មី។ជាមួយគ្នានោះ ក្រុមជំនាញថ្នាក់ខេត្ត កំពុងបន្ដស្រាវជ្រាវរកអ្នកប៉ះពាល់ ដើម្បីធ្វើសំណាកវត្ថុវិភាគទៅវិទ្យាស្ថានប៉ាស្ទ័រវិភាគរកប្រភេទមេរោគកូវីដ-១៩បំប្លែងថ្មីតាមបច្ចេកទេសសុខាភិបាលបន្តទៀត។ កម្ពុជាគិតចាប់ពីថ្ងៃទី៣១មីនារហូតមកដល់ថ្ងៃទី៧សីហាឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩បំប្លែងថ្មីដែលតា ចំនួន៣៨៥នាក់ហើយ ក្នុងនោះ រួមមានពលករត្រឡប់មកពីប្រទេសថៃ, អ្នកដំណើរចូលប្រទេសកម្ពុជាតាមយន្តហោះ, បុគ្គលិកសុខាភិបាល និងអ្នកភូមិក្នុងសហគមន៍។
