សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិ៍សាត់ចែកជូនកង់ដល់កុមារគ្រួសារក្រ១និងក្រ២ចំនួន៤៩នាក់
អត្ថបទដោយ៖
ហេង វណ្ណា
ពោធិ៍សាត់៖ លោក សំរិទ្ធ អេង ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត លោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ នាថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញចែកជូនកង់ដល់កុមារគ្រួសារក្រ១និងក្រ២ចំនួន៤៩នាក់ នៅភូមិពាលញែក១សង្កាត់ផ្ទះព្រៃចំនួន២៨នាក់មកពីសង្កាត់ផ្ទះព្រៃ បន្ទាយដី ព្រៃញីនិងសង្កាត់ស្វាយអាត់ និងនៅសាលាសង្កាត់លលកសចំនួន២១នាក់មកពីសង្កាត់លលកស រលាបនិងសង្កាត់ចំរើនផល។
លោក សំរិទ្ធ អេង ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិ៍សាត់ បានជម្រាបជូនថា សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត បានបង្កើតនូវកម្មវិធីមួយដែលមានឈ្មោះថា លើកកម្ពស់សមត្ថភាពស្ថាប័ននិងការប្រតិបត្តិ ក្រោមជំនួយថវិកាពីសហភាពអឺរ៉ុប មានអង្គការ អេដ អេ អាក់ស្យុង (AEA) និងវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ (API) ជាអ្នកផ្តល់នូវបច្ចេកទេស។គម្រោងខ្នាតតូច ត្រូវបានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានអនុវត្តគ្រប់ឃុំ សង្កាត់ទូទាំងខេត្ត ដូចជានៅក្នុងក្រុងពោធិ៍សាត់ ក្រុមការងារបានជ្រើសរើសកុមារគ្រួសា ក្រ១និងក្រ២ទាំង៧សង្កាត់ចំនួន៤៩នាក់ក្នុងម្នាក់ៗទទួលបានកង់មួយគ្រឿង ដើម្បីឱ្យកុមារទាំងនោះ មានមធ្យោបាយប្រើប្រាស់ ងាយស្រួលធ្វើដំណើរទៅសាលារៀននិងជួយសម្រួលដល់បន្ទុក ឳពុក ម្តាយបានមួយចំណែកផងដែរ៕
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។