រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋ បានចំនួនជាង១២ម៉ឺន៦ពាន់នាក់ (Video Inside)
ពលរដ្ឋចំនួន១២ម៉ឺន៦ពាន់៨៦០នាក់ បានទទួលការចាក់វ៉ាក់សាំងរយៈពេល២៤ម៉ោងកន្លងមកនេះដែលនាំឲ្យ ចំនួនមនុស្សដែលបានទទួលវ៉ាក់សាំង បានកើនសារុប៨លាន៣សែន៩ម៉ឺន៦ពាន់៦១៣នាក់, ក្នុងនោះអ្នកបាន ចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន៦លាន៤សែន៣ម៉ឺន៨ពាន់៧៧០នាក់។ មនុស្សទី៨លាន ដែលទទួលបាន ថវិកាឧបត្ថម្ភ១០លានរៀលនិងសម្ភារៈផ្សេងៗពីរាជរដ្ឋាភិបាលកម្ពុជា គឹជាស្ត្រីអាយុ៥៧ឆ្នាំឈ្មោះថឹង ថា រស់នៅ ក្នុងភូមិដនឡុង, ឃុំសេកុង, ស្រុកសៀមប៉ាង ក្នុងខេត្តស្ទឹងត្រែង។
កម្ពុជាដែលមានប្រជាពលរដ្ឋសរុបចំនួន ១៦ លាននាក់ ទំហំភាគរយនៃការចាក់វ៉ាក់សាំងនាពេលនេះ ទើបបានប្រមាណ៥២,៤៨% តែប៉ុណ្ណោះ។ រាជរដ្ឋាភិ បាលកម្ពុជា ក្នុងសប្តាហ៍នេះបានពង្រីក ការចាក់ដូសទី៣ បន្ថែមទៀត ដែលជាដូសជម្រុញបន្ថែម លើពលរដ្ឋ មួយចំនួនដើម្បីបង្កាទប់ស្កាត់ការឆ្លងវីរុសបំប្លែងថ្មី Delta ដែលកំពុងធ្វើចរាចរណ៍ក្នុងរាជធានីនិងតាមបណ្តា ខេត្តមួយចំនួន។
យោងតាមក្រសួងសុខាភិបាល ការចាក់ដូសទី៣ ឬដូសជម្រុញដែលទើបនឹងចាប់ផ្តើម ក្នុង សប្តាហ៍នេះ ទើបនឹងចាក់បានលើមនុស្សចំនួន៦ម៉ឺន៧ពាន់៦៣៧នាក់នោះទេ។