មនុស្សជាង ៤ពាន់នាក់ ត្រូវបានឃាត់ខ្លួន និង ១៣នាក់ត្រូវបានបញ្ជូនទៅតុការចំពោះការល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនៅថ្ងៃទី១១ សីហា
គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅថ្ងៃទី១២សីហាបានជូនដំណឹងថាលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១១សីហា ឆ្នាំ២០២១ គឺគេបានអនុវត្តវិធានការច្បាប់មានចំនួន២ពាន់៥៨ករណី។ ក្នុងនោះ ឃាត់ខ្លួនមនុស្សចំនួន៤ពាន់១៥៤នាក់ ដើម្បីអប់រំ និងផាកពិន័យ។ ជាមួយគ្នានោះ សមត្ថកិច្ចក៏បានបញ្ជូនមនុស្ស១៣នាក់ទៅតុលាការផងដែរ។
ក្នុងការអនុវត្តច្បាប់នៅថ្ងៃទី១១សីហា សមត្ថកិច្ចបានឃាត់យានយន្តចំនួន៩៩០គ្រឿង, បិទអាជីវកម្ម១ទីតាំង និង ពិន័យជាប្រាក់ចំនួ២៦លានរៀលផងដែរ។ យោងតាមច្បាប់ បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី១លានទៅ៥លានរៀល។ ត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានទៅ១០លានរៀល បើអំពើនោះបានបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានទៅ២០លានរៀល បើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
