ប្រមុខ WHO ព្រមានថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅទូទាំងពិភពលោក អាចនឹងកើនឡើងដល់៣០០លានករណីនៅដើមឆ្នាំ២០២២ខាងមុខ
ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) ព្រមានថា បើសិនស្ថានការណ៍មិនប្រសើរឡើងទេនោះ ពិភពលោកនឹងមានករណីឆ្លងជំងឺកូវីដ១៩ថ្មីៗបន្ថែមទៀតចំនួន១០០លានករណី នៅចន្លោះពេលនេះ និងដើមឆ្នាំ២០២២ខាងមុខ ។
ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ជាមួយនឹងនិន្នាការបច្ចុប្បន្ននេះ យើងអាចឆ្លងដល់៣០០លានករណីនៅដើមឆ្នាំក្រោយ ហើយថា ចំនួនករណីកូវីដ១៩នៅទូទាំងពិភពលោក បានឈានដល់២០០លានករណីកាលពីសប្តាហ៍មុន ពោលគឺត្រឹមតែ៦ខែប៉ុណ្ណោះ បន្ទាប់ពីពិភពលោកបានឆ្លងដល់ ១០០លាននាក់ ។
សូមជម្រាបថា បច្ចុប្បន្នវីរុសកូវីដ១៩ប្រភេទបំប្លែងថ្មីកំពុងរីករាតត្បាតនៅទូទាំងពិភពលោក ដើម្បីឆ្លើយតបទៅនឹងរលកថ្មីនៃជំងឺកូវីដ១៩នោះ មជ្ឈមណ្ឌលគ្រប់ គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) បានណែនាំថា ទាំងអ្នកបានចាក់ និងមិនបានចាក់វ៉ាក់សាំងត្រូវពាក់ម៉ាស់នៅកន្លែងដែលមានមនុស្សច្រើន និងបិទជិត ៕ ប្រភព៖ វ៉ាស៊ីនតោនប៉ុស្តិ៍

