ការប្រឆាំងអុីស្លាមលើបណ្ដាញសង្គមរបស់ក្មេងជំទង់ម្នាក់ បង្កជាការដេញដោលគ្នាលើសេរីភាពបញ្ចេញមតិនៅបារាំង
បារីស៖ រឿងគ្រប់យ៉ាងបានចាប់ផ្ដើម នៅពេលដែលក្មេងជំទង់ អាយុ ១៦ ឆ្នាំម្នាក់ ឈ្មោះMila បានបង្ហោះគំនិតប្រឆាំងសាសនាអ៊ីស្លាម និងមូស្លីមរបស់ខ្លួន នៅលើបណ្ដាញសង្គមអ៊ីនស្តាក្រាម (Instagram) ដែលមានអ្នកតាមដានមើលប្រហែល ១ ម៉ឺននាក់កាលពីខែមករាឆ្នាំមុន ហើយបង្កបានជាការដេញដោលគ្នាជុំវិញសិទ្ធិសេរីភាពបញ្ចេញមតិនៅបារាំងមកទល់បច្ចុប្បន្ន។
ដោយហៅអ៊ីស្លាមថាលាមក ហើយភ្ជាប់ជាមួយនឹងរូបភាពមួយសំដៅលើព្រះរបស់សាសនានេះផង Milaបាននិយាយក្នុងវីឌីអូដែលនាងបង្ហោះថា៖ «កូរ៉ាន គឺជាសាសនានៃការស្អប់ខ្ពើម។ មានតែការស្អប់នៅក្នុងគម្ពីរនេះប៉ុណ្ណោះ»។ ក្រោយបង្ហោះវិឌីអូប្រឆាំងអ៊ីស្លាម Mila បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយបារាំងថា៖ «ខ្ញុំនិយាយអ្វីដែលខ្ញុំគិត ខ្ញុំធ្វើត្រូវស្របតាមសិទ្ធិរបស់ខ្ញុំ ហើយខ្ញុំមិនសោកស្ដាយទេ»។
ក្រោយវិឌីអូនេះបានសាយភាយ Mila បានទទួលសារដែលពោពេញទៅដោយការស្អប់ ការគំរាមរំលោភ និងសម្លាប់ ប្រហែលជាង ១ សែនសារលើបណ្ដាញសង្គម Twitter Instagram និង Snapchat ប៉ុន្តែក្មេងជំទង់រូបនេះ នៅតែប្រកាន់ជំហររបស់ខ្លួន និងបានរៀបចំវិធានការផ្លូវច្បាប់ប្ដឹងអ្នកដែលផ្ញើសារគំរាម និងប្រើពាក្យសម្អប់មកលើនាងតាមអ៊ិនធឺណិត។
ប៉ុន្តែវាមិនមែនតែម្ដងទេដែល Mila ចែករំលែករឿងបែបនេះ។ ក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ នាងបានបង្ហោះវិឌីអូថ្មីមួយនៅលើ Tik Tok ដោយភ្ជាប់ជាមួយពាក្យប្រមាថមួយថា «សម្លាញ់របស់អ្នកគឺអាឡោះ»។ វិឌីអូចុងក្រោយ ធ្វើឱ្យនាងត្រូវប្ដូសាលាមករៀននៅផ្ទះវិញ ក្រោយទទួលបានសារគំរាមកាត់ក្បាល។
សំណុំរឿងរបស់ Mila បានទាក់ទាញមតិដេញដោលសាធារណៈក្នុងស្រុកជាច្រើន អំពីសេរីភាពនៃការបញ្ចេញមតិដែលរួមមានទាំងសិទ្ធិក្នុងការប្រមាថមើលងាយសាសនា ការពារដោយច្បាប់ប្រទេសនេះផង។ លើសពីនោះ វាក៏បង្ហាញពីការសាកល្បងច្បាប់ថ្មី ស្តីពីការគំរាមកំហែងតាមអ៊ីនធឺណិតរបស់បារាំងដែរ។
រហូតមកទល់ខែកក្កដា តុលាការបារាំងបានកាត់ទោសមនុស្សចំនួន ១១ នាក់ ពីបទយាយីវាយប្រហារនាង Mila ដោយប្រើច្បាប់ Schiappa ឆ្នាំ ២០១៨ ប្រឆាំងនឹងការគំរាមកំហែងតាមអ៊ីនធឺណិត និងការវាយឆ្មក់តាមប្រព័ន្ធឌីជីថល ដែលបង្កើតឡើងដោយលោកស្រី Marlène Schiappa ប្រតិភូរដ្ឋមន្ត្រីទទួលបន្ទុកសញ្ជាតិ ដើម្បីអនុវត្តការកាត់ទោសនេះ។
សម្រាប់អ្នកគាំទ្រ Mila សាលក្រមនេះបង្ហាញពីក្តីសង្ឃឹមសម្រាប់ជនរងគ្រោះដែលរងការគំរាមកំហែងតាមអ៊ីនធឺណិត។លោកស្រី Justine Atlan អគ្គនាយកសមាគម e-Enfance ជាអង្គការមិនរកប្រាក់ចំណេញសម្រាប់ជនរងគ្រោះពីការរំលោភបំពានតាមអ៊ីនធឺណិត និងជាអង្គភាពជួយ Mila ដើម្បីប្រមូលសារជាភស្តុតាងបញ្ជូនទៅប៉ូលីស និយាយថា សាលក្រមនេះ មានសមាមាត្រយ៉ាងខ្លាំងចំពោះអ្នកនិពន្ធ និងមានភាពស៊ីសង្វាក់គ្នា ហើយថាវានឹងក្លាយជាមេរៀនមួយសម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិតទទួលខុសត្រូវអ្វីដែលបានកើតឡើងតាមអញឡាញ។
យ៉ាងណាមិញ លោក Juan Branco មេធាវីរបស់ Jordan ម្នាក់ក្នុងចំណោមមនុស្សជាប់ទោសទាំង ១១ នាក់ និយាយថា៖ «ការជំនុំជម្រះក្តីរៀបចំឡើង ដោយគួរឱ្យរំខានណាស់សម្រាប់ខ្ញុំ»។ លោកបន្តថា៖ «ជាទូទៅ នៅពេលអ្នកព្យាយាមបង្កើតនិមិត្តសញ្ញាតាមរយៈយុត្តិធម៌ វាប្រឆាំងនឹងសិទ្ធិរបស់បុគ្គលដែលត្រូវវិនិច្ឆ័យ ប៉ុន្តែក៏មានសក្តានុពលប្រឆាំងនឹងជនរងគ្រោះផងដែរ»។
លោក Branco និយាយថា ប្រព័ន្ធផ្សព្វផ្សាយរបស់បារាំងបានរៀបចំឧបករណ៍សាកល្បងដើម្បីបង្កើតនិមិត្តសញ្ញា «Joan of Arc» ថ្មីចេញពីសំណុំរឿងរបស់នាង Mila ។ លោកថា Mila បានផ្តល់បទសម្ភាសន៍ជាច្រើនក្នុងកម្មវិធីជជែកកំសាន្ត ដែលនាងត្រូវបានគេបង្ហាញថាជាជនរងគ្រោះ ប៉ុន្តែគ្មានកន្លែងណាផ្តល់ឱ្យអ្នកដែលរងការមើលងាយ ចំពោះគំនិតប្រឆាំងអ៊ីស្លាមដែលនាងបង្ហោះតាមអនឡាញនោះទេ។
ទន្ទឹមនឹងនោះ គេឃើញមានប្រព័ន្ធយុត្តិធម៌ ប៉ូលីស ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកនយោបាយធំៗ លូកដៃចូលក្នុងសំណុំរឿងនេះ។ អាចនិយាយបានថាជានយោបាយកម្មផង អ្នកនយោបាយបារាំងមួយចំនួនបានចេញមុខការពារ Mila ដោយនិយាយថា វាជាសេរីភាពនៃការបញ្ចេញមតិ។
អ្នកស្រី Marine Le Pen មេដឹកនាំនយោបាយស្ដាំនិយម បានសរសេរនៅលើបណ្ដាញសង្គមធ្វីតធ័ររបស់ខ្លួនថា៖ «ពាក្យរបស់ក្មេងស្រីនេះ គឺជាការពិពណ៌នាផ្ទាល់មាត់របស់រូបត្លុកឆាលី (សំដៅលើរូបត្លុករបស់ទស្សនាវដ្តី Charlie Hebdo) ហើយគ្មានអ្វីលើសពីនេះទេ។ យើងអាចថា វាជាពាក្យថោកទាប ប៉ុន្តែយើងមិនអាចទទួលយកបានទេចំពោះរឿងដែលមនុស្សខ្លះថ្កោលទោសនាងរហូតដល់ស្លាប់ក្នុងសតវត្សរ៍ទី ២១ នៅប្រទេសបារាំងនេះ»។
ចំណែកឯប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានប្រាប់កាសែត Le Dauphiné Libéré ថា ច្បាប់បានចែងច្បាស់ថា ពលរដ្ឋមានសិទ្ធិក្នុងការប្រមាថ រិះគន់ និងធ្វើគំនូរជីវចលអំពីសាសនា។ លោកបន្ថែមថា៖ «ក្នុងការជជែកវែកញែកនេះ យើងមើលរំលងការពិតដែលថា Mila គឺជាក្មេងជំទង់។ យើងជំពាក់នាងលើការការពារនៅសាលារៀន ក្នុងជីវិតប្រចាំថ្ងៃ និងចលនាផ្សេងៗរបស់នាង»។
យ៉ាងណាមិញ លោក Branco និយាយថា៖ «សង្គមមួយដែលមិនគោរពជំនឿ និងសាសនា គឺស្ថិតនៅក្នុងគ្រោះថ្នាក់ពិតប្រាកដ»។ លោកស្រី Imen Neffati អ្នកប្រវត្តិសាស្រ្តស្តីពីពូជសាសន៍ សាសនាអ៊ីស្លាម និងសេរីភាពសារព័ត៌មាននៅប្រទេសបារាំង និយាយថា ខណៈដែលសិទ្ធិក្នុងការរិះគន់សាសនាគួរតែត្រូវបានគោរព គោលការណ៍នេះជារឿយៗ ត្រូវបានគេប្រើដើម្បីបិទបាំងការប្រឆាំងនឹងសាសនាអ៊ីស្លាម។
លោកស្រីនិយាយថា៖ «ការរិះគន់សាសនាអ៊ីស្លាម ជាពិសេសនៅប្រទេសបារាំង តែងតែត្រូវបានធ្វើឡើងក្នុងលក្ខណៈប្រកាន់ជាតិសាសន៍ ដែលធ្វើបាបម៉ូស្លីម ឬយ៉ាងហោចណាស់ក៏ទាក់ទងនឹងនិន្នាការប្រកាន់ពូជសាសន៍»។
សំណុំរឿងរបស់ Mila មិនមែនជាលើកទីមួយទេដែលការជំនុំជម្រះក្តីនៅប្រទេសបារាំង បង្កជាការជជែកវែកញែកអំពីសិទ្ធិក្នុងការប្រមាថមើលងាយសាសនា។ ក្នុងឆ្នាំ ២០០៧ ទស្សនាវដ្ដី Charlie Hebdo ត្រូវបានវិហារអ៊ីស្លាមប៉ារីសប្ដឹងពីបទ បោះពុម្ពរូបត្លុកដែលចាត់ទុកថាជាការមើលងាយ រួមទាំងរូបរបស់ព្យាការីមូហាម៉ាត់ (Muhammad) ដែលមានគ្រាប់បែកនៅលើឆ្នួតក្បាលរបស់លោក។

ប្រភព៖ Aljazeera