លោក មុត ចន្ថា៖ លោក អ៊ូ ច័ន្ទរ័ត្ន ជាថៅកែគក់ជេរខាងដើរបង្កើតបក្សនយោបាយ, គណបក្សបង្កើតថ្មី គឺជាបក្សកម្ទេចដែក
ភ្នំពេញៈ លោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា បានធ្វើការរិះគន់ទៅលើលោក គង់ គាំ និងលោក អ៊ូ ច័ន្ទរ័ត្ន រួមទាំងមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិមួយចំនួនទៀត ដែលទើបបង្កើតគណបក្សថ្មី អំពីការប្រកូកប្រកាសបង្រួបបង្រួមគណបក្ស ដែលទើបបង្កើតថ្មីឱ្យទៅជាគណបក្សតែមួយ ដើម្បីយកឈ្នះគណបក្សប្រជាជនកម្ពុជា គឺគ្រាន់តែប្រកាសឱ្យឮសូរសំឡេង កុំឱ្យប្រជាពលរដ្ឋស្តីបន្ទោសតែប៉ុណ្ណោះ និងបានហៅគណបក្សដែលទើបបង្កើតថ្មី គឺជាបក្សកម្ទេចដែក។
លោក មុត ចន្ថា បានចំអកឱ្យលោក អ៊ូ ច័ន្ទរ័ត្ន ថា ទោះអុជធូបបួងសួងដល់ព្រះឥន្ទ ព្រះព្រហ្ម ក៏ទៅមិនអាចយកឈ្នះលើគណបក្សប្រជាជនកម្ពុជា បានទេ បើស្ថិតក្នុងទម្រង់ និងស្ថានភាពដូចចាប់ក្តាមដាក់ចង្អេរបែបនេះ។
មនុស្សជំនិតរបស់លោក កឹម សុខា បានសរសេរឌឺដងឌៀមដាមនៅលើហ្វេសប៊ុកថា ម្នាក់ៗប្រកូកប្រកាសរួបរួម រួបរួមតាមរូបមន្តខាងក្រោម?
១-សុំចុះចូល?
២-ដាក់ពាក្យសុំចូលរួម ឬសុំចូលជ្រកផ្ទះ?
៣-រុះផ្ទះចោល ឬទុកផ្ទះចោល ដើម្បីរួបរួម?
៤-គ្រាន់តែប្រកាសឱ្យឮសូរសំឡេង កុំឱ្យពលរដ្ឋស្តីបន្ទោស?
៥-រួបរួមមានលក្ខខណ្ឌៈ អញគ្រាន់បើជាង ធំជាង យូរជាងឯង?

លោក គង់ គាំ 
លោក អ៊ូ ច័ន្ទរ័ត្ន
លោក មុត ចន្ថា បានបន្តថា ការរួបរួមមិនអាចធ្វើទៅបាន ដោយសារកត្តាមួយចំនួនរួមមានៈគ្មានឆន្ទៈពិតប្រាកដ គ្មានគោលបំណងសុចរិត ចង់ធ្វើធំក្នុងបក្សរៀងៗខ្លួន បើមានឆន្ទៈរួបរួម ម្ល៉េះបក្សតូចៗទាំងនេះ មិនកើតឡើងទេ យក្សប្រែកាឡាជាទេវតា គ្មានមេដែកឆក់អាចស្រូបកម្ទេចដែកឱ្យមកជុំកន្លែងតែមួយបាន។ លោកបានចំអកថា លោក អ៊ូ ចន្ទរ័ត្ន អះអាងថា រួបរួមកម្លាំងអតីតគណបក្សសង្រ្គោះជាតិ ដើម្បីយកឈ្នះគណបក្សកាន់អំណាច កុំទាន់អាលអួតរឿងនេះអី ខណៈដែលខ្លួនគ្មានសមត្ថភាពអាចបង្រួបបង្រួមអ្វីបាន ហើយដែលត្រូវបានគេចោទថា ជាឈ្មួញកណ្តាលនយោបាយ ឬថៅកែគក់ជេរខាងដើរបង្កើតបក្សនយោបាយ។ តើគួរជូនពរបក្សកម្ទេចដែកទាំងនេះទេ? ទោះអុជធូកបួងសួងដល់ព្រះឥន្ទ ព្រះព្រហ្មក៏ទៅមិនរួច គឺចាញ់! បើស្ថិតក្នុងទម្រង់និងស្ថានភាពដូចចាប់ក្តាមដាក់ចង្អេរបែបនេះ។ ចូរកុំនឹករកលេសដាក់កំហុសលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ថា រៀបចំការបោះឆ្នោតមិនសេរី និងមិនយុត្តិធម៌ មិនឯករាជ្យ និងចូរកុំចោទបក្សកាន់អំណាចថា លួចបន្លំសន្លឹកឆ្នោត ឬទិញសន្លឹកឆ្នោត នៅពេលដែលចាញ់ការបោះឆ្នោតខាងមុខ។

ឯកឧត្តម សុខ ឥសាន
ចំណែកឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ការចង់បង្រួបបង្រួមអ្នកនយោបាយដែលទើបទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ គឺគ្រាន់តែជាការចង់បានរបស់អ្នកគិត តែការពិតយ៉ាងណាមិនអាចទៅរួចទេ បើគេប្រុងនឹងបង្រួបបង្រួម គេមិនទៅបង្កើតគណបក្សផ្សេងៗគ្នាទេ។ ឯកឧត្តមបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនភ័យព្រួយពីគំនិតចង់បង្រួបបង្រួមគ្នានេះទេ ក្រុមឧទ្ទាមបែកបាក់ក៏គណបក្សប្រជាជនកម្ពុជានៅតែមានប្រជាប្រិយ៍ភាពដដែល ដល់មន្ត្រីមួយចំនួនចង់រួបរួមគ្នាក៏គណបក្សប្រជាជនកម្ពុជារក្សាបានប្រជាប្រិយ៍ភាពដដែល។ ប្រជាប្រិយ៍ភាពរបស់គណបក្សប្រជាជនកម្ពុជា គឺអាស្រ័យលើសកម្មភាពបម្រើប្រជាជនដោយស្មោះត្រង់ក្នុងឧត្តមគតិស្នេហាជាតិស្រឡាញ់ប្រជាជន។ ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាមានប្រជាធិបតេយ្យទូលំទូលាយ មានការគាំទ្រពីប្រជាជនកម្ពុជាដ៏ច្រើនលើសលុបដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសបានរាប់សិបឆ្នាំ។ ការដែលគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសបានរាប់សិបឆ្នាំ បញ្ជាក់ថាគណបក្សប្រជាជនកម្ពុជាមិនផ្តាច់ការដូចក្រុមឧទ្ទាមក្រៅច្បាប់ និងបក្សពួកថានោះទេ៕
ដោយៈពលជ័យ