ចិនប្រកាសកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួន ចេញពីលីទុយអានី ក្រោយពីប្រទេសអឺរ៉ុបនេះអនុញ្ញាតឱ្យតៃវ៉ាន់បើកការិយាល័យតំណាង

ចិន​ប្រកាស​កោះ​ហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ចេញ​ពី​រដ្ឋធានី Vilnius ប្រទេស​លីទុយអានី ក្រោយ​ពេល​ដែល​ប្រទេស​អឺរ៉ុប​ខាង​កើត​មួយ​នេះ​ បើក​ភ្លើង​ខៀវ​ឱ្យ​កោះ​តៃវ៉ាន់​បើក​ការិយាល័យ​តំណាង ក្រោយ​ឈ្មោះ​ថា «តៃវ៉ាន់»។ នេះ​បើ​តាម​ការ​លើកឡើង​របស់​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការបរទេស​ចិន​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។

ជាមួយ​នឹង​ការ​ហៅ​ទូត​របស់​ខ្លួន​មក​ស្រុក​វិញ ចិន​ក៏​ទាមទារ​ឱ្យ​លីទុយអានី​ដក​ឯកអគ្គរដ្ឋទូត​ចេញ​ពី​រដ្ឋធានី​ប៉េកាំង​ផង​ដែរ។

ខាង​ចិន​យល់​ថា សកម្មភាព​របស់​លីទុយអានី​បែប​នេះ​ជា​ការ​រំលោភ​អធិបតេយ្យ និង​បូរណភាព​ដែនដី​របស់​ចិន​យ៉ាង​ធ្ងន់ធ្ងរ។

ជា​ការ​ឆ្លើយតប ក្រសួង​ការបរទេស​លីទុយអានី​សោកស្ដាយ​នឹង​ទង្វើ​របស់​ចិន ហើយ​បកស្រាយ​ទៅ​វិញ​ថា ខ្លួន​គាំទ្រ​គោលនយោបាយ «ចិន​តែ​មួយ» ហើយ​រឿង​ដែល​អនុញ្ញាត​ឱ្យ​តៃវ៉ាន់​បើក​ការិយាល័យ​តំណាង​ គ្រាន់​តែ​ជា​កិច្ចការ​សម្របសម្រួល​ពាណិជ្ជកម្ម​ជាមួយ​តៃវ៉ាន់​ប៉ុណ្ណោះ។

ការិយាល័យ​តំណាង​របស់​ដែនដី​កោះ​តៃវ៉ាន់​នៅ​ក្រៅ​ប្រទេស​ ច្រើន​តែ​ប្រើប្រាស់​ក្រោម​ឈ្មោះ «ការិយាល័យ​តំណាង​តៃប៉ិ» ហើយ​​ជា​គោលការណ៍​ធ្វើការ​តែ​ផ្នែក​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ប៉ុណ្ណោះ។

លីទុយអានី​ ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប កន្លង​មក​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​មាន​ទំនាក់ទំនង​រកាំរកូស​ជាមួយ​ចិន ដោយ​ប្រទេស​នេះ​ច្រើន​តែ​រិះគន់​ចិន​លើ​រឿង​ស៊ីនជាំង ហើយ​ក៏​ដូច​ជា​ហាម​មិន​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ 5G របស់​ Huawei ក្នុង​ទឹកដី​របស់​ខ្លួន​ទៀត​ផង។

បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត​ ប្រទេស​នេះ​ដក​ខ្លួន​ចេញ​ពី​កិច្ចប្រជុំ ១៧+១ កាល​ពី​ខែ​ឧសភា ដោយ​យល់​ថា​កិច្ចប្រជុំ​ដែល​មាន​ការ​ចូល​រួម​រវាង​ចិន និង​ប្រទេស​អឺរ៉ុប​កណ្ដាល-អឺរ៉ុប​ខាង​កើត​មួយ​នេះ ធ្វើ​ឱ្យ​មាន​ការ​បែកបាក់​ផ្ទៃក្នុង​នៅ​ក្នុង​សហភាព​អឺរ៉ុប៕

ប្រភព៖ FT

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner