តុលាការចិនផ្តន្ទាទោសអ្នកជំនួញកាណាដារយៈពេល ១១ ឆ្នាំ

កាល​ពី​ថ្ងៃ​ពុធ​នេះ ​​តុលាការ​ចិន​បាន​ផ្តន្ទាទោសអ្នក​ជំនួញ​​ជន​ជាតិ​កាណាដា​ដោយ​ត្រូវ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១១​ ឆ្នាំ​ក្នុងដោយ​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ការ​សង​សឹក​ចំពោះ​ការ​ចាប់​ខ្លួននាយក​ប្រតិបត្តិ​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន​ Huawei​ ។

តុលាការកម្រិត​មធ្យម​នៃ​ទី​ក្រុង​ដាន់​ដុង​(Dandong) បាន​និយាយ​ថា​ លោក​ Michael​ Spavor​ ត្រូវ​បាន​ផ្តន្ទា​ទោស​ដោយ​ដាក់​ពន្ធនាគារ​ពី​បទ​ចារកម្ម​ និង​បញ្ជូន​រឿង​សម្ងាត់​របស់​រដ្ឋ​ទៅ​ប្រទេស​ក្រៅ​។ ការ​ជំនុំ​ជម្រះ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​មីនា​ ប៉ុន្តែ​សាល​ក្រម​មិន​ត្រូវ​បាន​បញ្ចេញ​រហូតមក​ដល់​ពេល​នេះ​។​ កំឡុង​ពេល​ដែល​លោក​ Spavor ត្រូវ​បាន​ផ្តន្ទាទោស សវនាការ​បទ​បត្យាប័ន​របស់​នាយក​ប្រតិបត្តិ​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន​ Huawei​ លោក​ស្រី​ Meng​ Wanzhou​ បាន​ឈាន​ដល់​ដំណាក់​កាល​ដ៏​សំខាន់​នៅ​ប្រទេស​កាណាដា​។

លោក​ Spavor​ និង​អតីត​អ្នក​ការ​ទូត​កាណាដា​លោក​ Michael​ Kovrig​ ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ប្រទេស​ចិន​កាល​ពី​ចុង​ឆ្នាំ​ ២០១៨​ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​លោក​ស្រី​ Meng​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​កាណាដា​តាម​បញ្ជា​របស់​សហរដ្ឋ​អាមេរិក​ពី​បទ​ឆបោក​ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ជំនួញ​របស់​ក្រុមហ៊ុន​ Huawei​ នៅ​អ៊ីរ៉ង់​។

តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន The​​ Washington​ Post​ កាល​ពី​ថ្ងៃ​ទី ១១ សីហា​នាយក​រដ្ឋ​មន្រ្តី​កាណាដា​ លោក​ Justin Trudeau​ បាន​និយាយ​ថា​៖ «រឿង​​នេះគឺអយុត្តិធម៌​ និង​​ពិត​ជា​មិន​អាច​ទទួល​យក​បាន​ទេ»។ លោក​បាន​បន្ត​និយាយ​ថា​ ការ​ជំនុំ​ជម្រះ​ក្តី​នេះ​មិន​បាន​បំពេញ​សូម្បី​តែ​ស្តង់ដារ​អប្បបរមា​ដែលទាម​ទារ​ដោយ​ច្បាប់​អន្តរជាតិ​ ។

លោក​ Trudeau​ បាន​និយាយ​ថា​ អាទិភាព​កំពូល​របស់​ប្រទេស​កាណាដា​គឺ​នៅ​តែ​ធានា​ការ​ដោះ​លែង​ជន​ជាតិ​កាណាដា​ទាំង​ពីរ​ ហើយ​ប្រទេស​កាណាដា​នឹង​បន្ត​ធ្វើ​ការ​ជា​និច្ច​ដើម្បី​នាំ​អ្នក​ទាំង​ពីរ​ត្រឡប់​មក​វិញ​អោយ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ឯក​អគ្គ​រដ្ឋ​ទូត​កាណាដា​ប្រចាំ​ទី​ក្រុង​ប៉េកាំង​លោក​ Dominic​ Barton​ បាន​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​ Dandong​ ប្រទេស​ចិន​ដើម្បី​ចូល​រួម​សវនាការ​របស់​លោក​ Spavor ​ក្រោយ​មក​លោក​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ រដ្ឋ​អាជ្ញា​បាន​ចោទ​ប្រកាន់​លោក​ Spavor​ ថា​បាន​ថត​រូប​នៅ​ជុំ​វិញ​អាកាសយានដ្ឋាន​ ឬ​កន្លែង​ដែល​មិន​គួរ​ថត​នៅ​ក្នុង​ប្រទេស​ចិន​រួម​ទាំង​យន្តហោះ​យោធា​ផង​ដែរ​។ នេះ​បើ​យោង​តាម​ការ​រាយការណ​របស់​សារព័ត៌មាន​ New York Times។

ចំពោះ​ភាគីអាមេរិក​​ដែល​ទាមទារ​អោយ​មាន​ការ​ចាប់​ខ្លួន​លោកស្រី​ Meng​ វិញ​ ប្រធានា​ធិបតី​អាមរិក​ លោក​​ Joe Biden​ បាន​និយាយ​ថា​ លោក​នឹង​ស្វែង​រក​ការ​ធានា​អោយ​មាន​ការ​ដោះ​លែង​ជនជាតិ​កាណាដា​ទាំង​ពីរ​រូប​។ ប៉ុន្តែ​នោះ​អាច​តម្រូវ​អោយ​សហរដ្ឋអាមេរិក​ទម្លាក់​ ឬ​កែ​ប្រែ​សំណុំ​រឿង​ប្រឆាំង​នឹង​លោក​ស្រី​ Meng​ ដើម្បី​អោយ​លោក​ស្រី​អាច​ត្រលប់​ទៅ​ប្រទេស​ចិន​វិញ​។

រដ្ឋា​ភិ​បាល​ចិន​បាន​បដិសេធដែល​​ថា​ លោក​ Spavour​ និង​លោក​ Kovrig​ ត្រូវ​បាន​ឃុំ​ខ្លួន​ជា​ចំណាប់​ខ្មាំង​នយោបាយ​។ ក្នុង​ការ​ទាម​ទារ​អោយ​មាន​ការ​ដោះ​លែង​លោក​ស្រី​ Meng​ មន្រ្តី​ចិន​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា​ នាយក​ប្រតិបត្តិ​កក្រុម​ហ៊ុន​បច្ចេកវិទ្យា​រូប​នេះ​គឺ​ជា​ជន​រង​គ្រោះ​នៃ​ការ​ជ្រៀត​ជ្រែក​របស់​អាមេរិក​។ ទី​ក្រុង​ប៉េកាំង​បាន​ចោទ​កាណាដា​ពី​បទ​ចាប់​ជំរិត​លោក​ស្រី​ Meng​ និង​ជា​អ្នក​សម​គំនិត​ជា​មួយ​សហរដ្ឋ​អាមេរិក​។

ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​ទី​ក្រុង​ Ottawa​ ប្រទេស​កាណាដានៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​តាម​អ៊ិនធរណេត​អំពី​ការ​ផ្តន្ទាទោស​ជនជាតិ​កាណា​ដា​ថា​ ស្ថាប័ន​តុលាការ​ចិន​ដោះ​ស្រាយ​រឿង​ក្តី​ដោយ​ឯករាជ្យ​ស្រប​តាម​ច្បាប់​។ សេចក្តី​ថ្លែង​ការណ៍​បាន​ប​ន្ត​សរសេរ​ថា ម៉្យាង​វិញ​ទៀត​កាណាដា​បាន​ឃុំ​ខ្លួន​លោក​ស្រី​ Meng​ ដែល​ជា​ជន​ជាតិ​ចិន​ដែល​គ្មាន​កំហុស​ ហើយ​មិន​បាន​រំលោភ​ច្បាប់​កាណាដា​ទាល់​តែ​សោះ។

ប្រភព៖ The New York Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner