ទឹកជំនន់បានវាយប្រហារភាគខាងជើងប្រទេសតួកគី បន្ទាប់ពីមានភ្លើងឆេះព្រៃនៅភាគខាងត្បូង
ទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតាកំពុងវាយលុកឆ្នេរសមុទ្រភាគខាងជើង ប្រទេសតួកគី ដោយបានបំផ្លាញស្ពាននិងធ្វើឱ្យភូមិខូចខាតយ៉ាងដំណំ។ ទឹកជំនន់កាលពីថ្ងៃពុធ បានកើតឡើងបន្ទាប់ពីភ្លើងឆេះព្រៃដ៏ធំបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រប្រទេសតួកគី បានរាលដាលពាសពេញភាគនិរតី។
ទូរទស្សន៍រដ្ឋ TRT Haber បាននិយាយថា មនុស្សម្នាក់បានស្លាប់ដោយសារគាំងបេះដូងនៅខេត្ត Bartin ភាគខាងជើងចំពេលមានទឹកជំនន់ ហើយបុគ្គលិកសង្គ្រោះបន្ទាន់កំពុងស្វែងរកមនុស្សម្នាក់ទៀតដែលកំពុងបាត់ខ្លួន។ ទីភ្នាក់ងារគ្រោះមហន្តរាយនិងការគ្រប់គ្រងគ្រាអាសន្ន (AFAD) បាននិយាយថាមនុស្ស ១៣ នាក់បានរងរបួសផងដែរ បន្ទាប់ពីស្ពានមួយបានដួលរលំ នៅខេត្ត Bartin ហើយមានការដាច់ភ្លើងនៅក្នុងភូមិចំនួន ១២ផងដែរ ។
ជាពិសេស តួកគីក៏បានប្រឈមមុខនឹងគ្រោះមហន្តរាយ ជាច្រើនទាក់ទងនឹងការប្រែប្រួលអាកាសធាតុក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ភ្លើងឆេះព្រៃ ដ៏សាហាវបានដុតបំផ្លាញព្រៃរាប់ម៉ឺនហិកតានៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងរបស់ខ្លួនក្នុងរយៈពេលពីរ សប្តាហ៍ចុងក្រោយនេះ។ កាលពីខែមុនប្រទេសតួកគី បានកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតរបស់ខ្លួន ចាប់តាំងពីឆ្នាំ ១៩៦១ - ៤៩,១ អង្សាសេ នៅទីក្រុង Cizre. ផងដែរ។។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានបង្ហាញថានៅក្នុងខេត្ត Sinop ដែលមានចម្ងាយ ២៤០ គីឡូម៉ែត្រ (១៥០ ម៉ាយល៍) ខាងកើតទីក្រុង Bartin ផ្ទះមួយខ្នង បានដួលរលំដោយសារទឹកជំនន់ ហើយរថយន្តជាច្រើនត្រូវបានជាប់គាំងនៅក្នុងទឹក។
គ្រោះទឹកជំនន់ចុងក្រោយនេះ បានកើតឡើង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមប្រឹក្សាអាកាសធាតុ របស់អង្គការសហប្រជាជាតិ បានបញ្ចេញការព្រមានយ៉ាងធ្ងន់ធ្ងរថា កម្រិតឧស្ម័នផ្ទះកញ្ចក់នៅលើពិភពលោកកាន់តែមានកំរិតខ្ពស់ ទៅហើយ។

ប្រភព៖ Aljazeera