នាយករដ្ឋមន្ត្រីប៉ាគីស្ថាន៖ អាមេរិកចាត់ទុកប៉ាគីស្ថានថាមានប្រយោជន៍សម្រាប់តែសម្អាតភាពរញ៉េរញ៉ៃនៅអាហ្វហ្គានីស្ថាន

នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក​អ៊ីមរ៉ាន ខាន​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា​ចាត់​ទុក​ប្រទេស​របស់​លោក​មាន​ប្រយោជន៍​តែ​នៅ​ក្នុង​បរិបទ​នៃ​ការ​សម្អាត​ «ភាព​រញ៉េរញ៉ៃ» ដែល​ខ្លួន​បន្សល់​ទុក ​បន្ទាប់​ពី​ការ​ដក​ខ្លួន​ចេញ​ពី​សង្គ្រាម​ជិត​ ២០ ឆ្នាំ​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​។

ក្រុង​វ៉ាស៊ីនតោន​ គឺ​កំពុង​ដាក់​សម្ពាធ​លើ​ប៉ាគីស្ថាន​ឱ្យ​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​លើ​ក្រុម​តាលីបង់​ដើម្បី​សម្រុះសម្រួល​ឱ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព ខណៈ​ពេល​ដែល​ការ​ចរចា​រវាង​ក្រុម​ឧទ្ទាម​នេះ​ និង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​កំពុង​ជាប់​គាំង ហើយ​អំពើ​ហិង្សា​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​។

លោក​ខាន​បាន​និយាយ​ពី​គេហដ្ឋាន​របស់​លោក​ថា​៖ «ប៉ាគីស្ថាន​គ្រាន់​តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​ប្រយោជន៍​នៅ​ក្នុង​បរិបទ​នៃ​ការ​ដោះស្រាយ​បញ្ហា​រញ៉េរញ៉ៃ​ដែល​បាន​បន្សល់​ទុក​បន្ទាប់​ពី​ការ​ព្យាយាម​អស់​រយៈ​ពេល ២០ ឆ្នាំ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​យោធា នៅ​ពេល​ដែល​គ្មាន​ដំណោះ​ស្រាយ​»។

សហរដ្ឋអាមេរិក នឹង​ដក​កងទ័ព​របស់​ខ្លួន​ចេញ​ត្រឹម​ថ្ងៃ​ទី ៣១ ខែ​សីហា ២០ ឆ្នាំ​បន្ទាប់​ពី​ផ្ដួល​រំលំ​រដ្ឋាភិបាល​តាលីបង់​ក្នុង​ឆ្នាំ ២០០១។ ប៉ុន្តែ​ខណៈ​ពេល​ដែល​អាមេរិក​ចាកចេញ​ក្រុម​តាលីបង់​សព្វ​ថ្ងៃ​នេះ​គ្រប់គ្រង​ទឹកដី​ច្រើន​ជាង​នៅ​ចំណុច​ណា​មួយ​ចាប់​តាំង​ពី​ពេល​ធ្លាក់​ពី​អំណាច​។

ទីក្រុង​កាប៊ុល និង​រដ្ឋាភិបាល​លោក​ខាង​លិច​មួយ​ចំនួន និយាយ​ថា​ការ​គាំទ្រ​របស់​ប៉ាគីស្ថាន​ចំពោះ​ក្រុម​ឧទ្ទាម​បាន​អនុញ្ញាត​ឱ្យ​ក្រុម​នេះ​ទប់ទល់​នឹង​សង្គ្រាម​ជា​មួយ​លោក​ខាង​លិច​។ ការ​ចោទ​ប្រកាន់​ថា​គាំទ្រ​តាលីបង់​ បើ​ទោះ​បី​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ គឺ​ចំណុច​តានតឹង​មួយ​ក្នុង​ទំនាក់​ទំនង​រវាង​ក្រុង​វ៉ាស៊ីនតោន​ និង​ក្រុង​អ៊ីស្លាម៉ាបាត​។ ប៉ាគីស្ថាន​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​នេះ​។

យ៉ាង​ណា​មិញ​លោក​ខាន​ក៏​បាន​និយាយ​អំពី​ការ​ប្រែប្រួល​ទំនាក់ទំនង​ជា​មួយ​អាមេរិក​ផង​ដែរ​ថា​៖ «​ខ្ញុំ​គិត​ថា​ឥឡូវ​នេះ​អាមេរិក​បាន​សម្រេច​ថា​ប្រទេស​ឥណ្ឌា​គឺ​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​ពួកគេ​ហើយ​ខ្ញុំ​គិត​ថា​នេះ​ជា​មូលហេតុ​ជា​មាន​ការ​វិធី​ទាក់ទង​ថ្មី​ជា​មួយ​ប៉ាគីស្ថាន​»​។

លោក​ខាន​និយាយ​ថា​ប៉ាគីស្ថាន​ «បាន​ធ្វើ​ការ​បញ្ជាក់​យ៉ាង​ច្បាស់​» ថា​ខ្លួន​មិន​ចង់​មាន​មូលដ្ឋាន​យោធា​អាមេរិក​នៅ​ក្នុង​ប្រទេស​ខ្លួន​ បន្ទាប់​ពី​អាមេរិក​បាន​ដក​កងទ័ព​ចេញ​ពី​អាហ្វហ្គានីស្ថាន​៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner