ប៉ូលីសថៃប្រឈមមុខដាក់គ្នាជាថ្មីជាមួយក្រុមបាតុករក្បែរផ្ទះរបស់នាយករដ្ឋមន្ត្រី
បាងកក៖ ប៉ូលីសថៃ បានប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ាអស់រយៈពេលពីរថ្ងៃជាប់ៗគ្នាកាលពីថ្ងៃពុធ បន្ទាប់ពីមនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅជិតផ្ទះរបស់លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) ដើម្បីទាមទារឱ្យលោកចុះចេញពីតំណែង ជុំវិញភាពកំសោយរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩។
យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ក្រុមបាតុកររាប់រយនាក់ បានបាចម្សៅពណ៌ទៅលើក្រុមប៉ូលីសកុបកម្មដែលខ្លួនប្រឈមមុខ អំឡុងពេលព្យាយាមដើរក្បួនទៅលើផ្ទះរបស់លោកប្រាយុទ្ធ ហើយប៉ូលីសបានតបវិញដោយឧស្ម័នបង្ហូរទឹកភ្នែក កាណុងបាញ់ទឹក និងគ្រាប់កាំភ្លើងជ័រដើម្បីបំបែកហ្វូងបាតុកម្ម និងប្រើរបងលួសបន្លា និងកុងតឺន័រដើម្បីបិទផ្លូវ។
ប៉ូលីសបានការពារការប្រើកម្លាំងរបស់ខ្លួន ដោយថាជាវិធានការសុវត្ថិភាពសាធារណៈដ៏ចាំបាច់មួយដើម្បីកុំឱ្យមានការខូចខាតច្រើន ហើយនិយាយថាមនុស្ស ៤៨ នាក់ដែលត្រូវចាប់ខ្លួន ត្រូវប្រឈមនឹងការចោទប្រកាន់រួមមានការបំពានច្បាប់រឹតត្បឹតដើម្បីការពារវីរុសកូរ៉ូណាដែលហាមឃាត់ការជួបជុំសាធារណៈជាដើម។
លោក ប្រាយុទ្ធ រងការរិះគន់យ៉ាងខ្លាំងចំពោះយុទ្ធនាការចាក់វ៉ាក់សាំង និងការបរាជ័យរបស់លោកក្នុងការទប់ទល់នឹងរលកឆ្លងនៃជំងឺកូវីដ-១៩ ដែលសម្លាប់មនុស្សអស់ជាង ៦ ៧០០ នាក់ និងមានអ្នកឆ្លងរហូតដល់ជាង ៧៨៨ ០០០ ករណីក្នុងប្រទេសនេះ។
ចលនាបាតុកម្មដែលដឹកនាំដោយក្រុមយុវជន ព្យាយាមផ្តួលរំលំអតីតមេដឹកនាំយោធារូបនេះអំឡុងការប្រមូលផ្តុំគ្នាដ៏ធំកាលពីចុងឆ្នាំមុន ដោយចោទថា លោកបានឃុបឃិតជាមួយប្រព័ន្ធនយោបាយរបស់ថៃដើម្បីបន្តការដឹកនាំ ប៉ុន្តែត្រូវបានលោកប្រាយុទ្ធ បដិសេធ។ ថ្វីបើមេដឹកនាំបាតុករស្នូលខ្លះនៅជាប់ឃុំក៏ដោយ ចលនានេះបានងើបឡើងវិញ ចាប់តាំងពីស្ថានភាពជំងឺកូវីដ-១៩ កាន់តែអាក្រក់ទៅៗ។





ប្រភព៖ Reuters