បេឡារូសដកហូតការយល់ព្រមការតែងតាំងឯកអគ្គរដ្ឋទូតអាមេរិក ទាមទារឱ្យកាត់បន្ថយបុគ្គលិកស្ថានទូត
កាលពីថ្ងៃពុធនេះ ក្រសួងការបរទេសបេឡារូសបានដកការយល់ព្រមចំពោះការតែងតាំងលោកស្រី Julie Fisher ជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសនេះ ហើយក៏បានទាមទារអាមេរិកកាត់បន្ថយបុគ្គលិកស្ថានទូតប្រចាំទីក្រុងមីនស្ក៍។
វិធានការណ៍ទាំងនេះធ្វើឡើងពីរថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិកលោកចូ បៃដិន ជាមួយនឹងចក្រភពអង់គ្លេស និងកាណាដា ប្រកាសដាក់ទណ្ឌកម្មថ្មីលើក្រុមហ៊ុនបេឡារូសមួយចំនួនពាក់ព័ន្ធនឹងថ្នាក់ដឹកនាំបេឡារូស ហើយក៏រួមមានគណៈកម្មាធិការជាតិអូឡាំពិកបេឡារូសផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសបេឡារូសលោក Anatoly Glaz បានប្រាប់សារព័ត៌មានរដ្ឋរុស្សី RIA Novosti ថា៖ «សកម្មភាពក្រអឺតក្រទម និងអរិភាពរបស់ភាគីអាមេរិក បានបង្ខំឱ្យយើងដកហូតការយល់ព្រមដែលបានចេញពីមុនរបស់សាធារណរដ្ឋបេឡារូសចំពោះការតែងតាំងលោកស្រី J. Fisher ជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសរបស់យើង»។
បើទោះបីជាបានធ្វើសម្បថចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងមីនស្ក៍តាំងពីខែធ្នូឆ្នាំមុនក៏ដោយ លោកស្រី Fisher នៅមិនទាន់អាចចូលប្រទេសបេឡារូសនៅឡើយ ដោយសារការអូសបន្លាយការចេញទិដ្ឋាការជូនលោកស្រី។
លោក Glaz ក៏បាននិយាយថាបេឡារូសបានជូនដំណឹងដល់អាមេរិកថាស្ថានទូតនៅទីក្រុងមីនស្ក៍មានពេលដល់ថ្ងៃទី១ កញ្ញាដើម្បីកាត់បន្ថយចំនួនបុគ្គលិកឱ្យសល់ត្រឹមប្រាំ។ លោកនិយាយថា៖«ដោយមើលតថភាពនៃសកម្មភាពរបស់ក្រុងវ៉ាស៊ីនតោនក្នុងការកាត់បន្ថយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការរឹតបន្តឹងសេដ្ឋកិច្ចរបស់យើង យើងមិនអាចមើលឃើញចំណុចណាមួយសម្រាប់វត្តមានបុគ្គលិកធំបែបនេះក្នុងបេសកកម្មការទូតអាមេរិកប្រចាំបេឡារូស»៕

ប្រភព៖ NBC News