ព្រះអង្គម្ចាស់ Andrew របស់ចក្រភពអង់គ្លេស ប្រឈមនឹងបណ្តឹងរំលោភបំពានផ្លូវភេទ
ឯកសារតុលាការសហព័ន្ធរបស់សហរដ្ឋអាមេរិកដែលបានដាក់ នៅថ្ងៃចន្ទ បានបង្ហាញថាពាក្យបណ្តឹងមួយត្រូវបានដាក់ដោយកញ្ញា Virginia Roberts Giuffre (ជនជាតិ អាមេរិកសញ្ជាតិអូស្ត្រាលី)ដែលជាជនរងគ្រោះនៃការរំលោភបំពានផ្លូវភេទ។ មុននេះ កញ្ញាGiuffre បាននិយាយជា សាធារណៈថានាងត្រូវបានបង្ខំឱ្យធ្វើសកម្មភាពផ្លូវភេទជាមួយព្រះអង្គម្ចាស់ Andrew របស់ចក្រភពអង់គ្លេស។
នាងបានប្រាប់សារពត៌មាន BBC កាលពីឆ្នាំ ២០១៩ ថានាងត្រូវបានបុគ្គលម្នាក់ឈ្មោះJeffrey Epstein បោកប្រាស់ហើយត្រូវបានបង្ខំឱ្យរួមភេទជាមួយមិត្តភក្តិរបស់លោក Epstein ច្រើននាក់រួមទាំងព្រះអង្គម្ចាស់ Andrew ផងដែរ តាំងតែពីពេលនាងមិនទាន់គ្រប់អាយុ។
ព្រះអង្គម្ចាស់ Andrew បានបដិសេធម្តងហើយម្តងទៀត នូវការចោទប្រកាន់ពីកញ្ញា Giuffre ។ ប៉ុន្តែទំនាក់ទំនងរបស់ទ្រង់ជាមួយ លោកEpstein បានធ្វើឱ្យមានស្រមោលងងឹតនិងមន្ទិលសង្ស័យខ្លះលើទ្រង់។
ព្រះអង្គម្ចាស់ Andrew ដែលមានងាររាជវង្សានុវង្ស ជាផ្លូវការ ថា His Royal Highness The Duke of York គឺជាកូនប្រុសទី ២ របស់មហាក្សត្រីអេលីសាបេតទី២ និងជាបងប្រុសរបស់ព្រះអង្គម្ចាស់ឆាល។ ដើមឡើយទ្រង់ស្ថិតនៅលំដាប់ទី ២ ក្នុងតំណែងអ្នកស្នងរាជបល្ល័ង្ក ក៏ប៉ុន្តែគាត់បានក្លាយជាអ្នកស្នងដំណែងនៅលេខរៀងទី ៣ នៅពេលដែលព្រះអង្គម្ចាស់វីលៀម បានប្រសូតហើយបានធ្លាក់តំណែងចុះជាបន្តបន្ទាប់ ក្រោយពីមានកំណើតរាជវង្សក្រោយៗ។ ហើយ ឥឡូវនេះ ទ្រង់ស្ថិតនៅតំណែងលេខប្រាំបួនក្នុងជួរអ្នកអាចមានសិទ្ធិស្នងតំណែង។ ខុសស្រឡះពីព្រះអង្គម្ចាស់ Charles ព្រះអង្គម្ចាស់ Andrew មិនបានចូលរៀននៅសាកលវិទ្យាល័យទេ។ ផ្ទុយទៅវិញ ទ្រង់បានចូលកងទ័ពជើងទឹកភូមិន្ទអង់គ្លេស។
ប្រឈមមុខនឹងសម្ពាធពីសាធារណជន ព្រះអង្គម្ចាស់ បានដកថយពីព្រះរាជកិច្ចរបស់រាជវង្ស បន្ទាប់ពីបានផ្តល់បទសម្ភាសន៍នោឆ្នាំ ២០១៩ ។ ទ្រង់ក៏កម្របង្ហាញមុខ ជាសាធារណៈណាស់។ នៅពេលបុត្រីច្បងរបស់ទ្រង់គឺព្រះនាង Beatrice បានរៀបអភិសេកកាលពីឆ្នាំមុន ទ្រង់មិនត្រូវបានគេឃើញនៅក្នុងរូបថតផ្លូវការ ណាមួយក្នុងចំណោមរូបថតផ្លូវការទាំងបួនដែលបានចេញផ្សាយនោះទេ។
ព្រះបរមរាជវាំង Buckingham បានបដិសេធការចោទប្រកាន់របស់កញ្ញា Giuffre នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅឆ្នាំ ២០១៩ ទៅកាន់ទូរទស្សន៍ CNN ដោយបាននិយាយថា“ យើងសូមបដិសេធយ៉ាងដាច់អហង្ការ ថាព្រះអង្គម្ចាស់ Andrew មិនមានទំនាក់ទំនងផ្លូវភេទឬទំនាក់ទំនងណាមួយជាមួយកញ្ញាVirginia Roberts Giuffre ទេ។
ប្រភពមួយបានប្រាប់ CNN នៅពេលនោះថា ព្រះរាជអាជ្ញាសហព័ន្ធបានស្នើសុំសម្ភាសព្រះអង្គម្ចាស់ Andrewកាលពីខែមិថុនាឆ្នាំ ២០២០ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើការជួញដូរផ្លូវភេទ។ ប៉ុន្តែពួកគេមិនបានទទួលភ្លើងខៀវនោះទេ។
លោកស្រី Sigrid McCawley មេធាវីរបស់កញ្ញា Giuffre បានប្រាប់ CNN នៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ ការដាក់ពាក្យបណ្តឹងនេះ បង្ហាញថា អំណាច ឯកសិទ្ធិឬសូម្បីតែឋានះជាព្រះអង្គម្ចាស់ ក៏គ្មាននរណាម្នាក់អាចនៅពីលើច្បាប់របស់ សហរដ្ឋអាមេរិកបានដែរហើយជនល្មើសទាំងអស់នៃការរំលោភបំពានគួរតែមានទទួលខុសត្រូវ” ។


ប្រភព៖ CNN