ស៊ូដង់នឹងប្រគល់អតីតប្រធានាធិបតីរបស់ខ្លួនទៅឱ្យតុលាការ ICC

ក្រុងខាទុំ៖ ​​រដ្ឋាភិបាល​ស៊ូដង់​ នឹង​ប្រគល់​អតីត​ប្រធានា​ធិបតី​ Omar al-Bashir ​ដែល​​គ្រប់​គ្រង​ប្រទេស​​អស់​បី​ទសវត្សរ៍​មុន​ធ្លាក់​ពី​តំណែង​ក្នុង​ឆ្នាំ​ ២០១៩ ​ទៅ​ឱ្យ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ (ICC) ​រួម​ជាមួយ​មន្រ្តី​ផ្សេង​ទៀត​​ជុំ​វិញ​ជម្លោះ​នៅ​ដាហ្វួរ​ (Darfur) ​ដោយ​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រល័យ​ពូជសាសន៍​ ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​។ ​នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​មួយ​របស់​គណៈរដ្ឋមន្ត្រី​ស៊ូដង់​។​

ការ​សម្រេច​ថ្មី​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ព្រះរាជ​អាជ្ញា​ ICC ​លោក​ Karim ​Khan ​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ស៊ូដង់​កាល​ពី​ថ្ងៃ​ទី​ ១០ ​ខែ​សីហា​។​

លោក​ Hashem ​Abu Bakr al-Jaali ​សមាជិក​ក្រុម​ការពារ​​លោក​ Bashir ​បាន​ប្រាប់​ CNN ​​​ថា​ ការ​សម្រេច​ចិត្ត​របស់​គណៈ​រដ្ឋ​មន្រ្តី​ក្នុង​ការ​ប្រគល់​មន្រ្តី​ដែល​​ ICC ​បង្ហាញ​ពី​ការ​សម​គំនិត​ដែល​រង​ការ​ញុះញង់​ ហើយ​ប្រសិន​បើ​ជំហាន​បត្យាប័ន​ត្រូវ​បាន​អនុវត្ត​នោះ​ វា​នឹង​ក្លាយ​ជា​គ្រោះមហន្តរាយ​សម្រាប់​ស៊ូដង់​។​

​​ជម្លោះ​នៅ​ដាហ្វួរ​ បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ ​២០០៣ ​នៅ​ពេល​ដែល​ក្រុម​ឧទ្ទាម​ជា​ច្រើន​ បាន​កាន់​អាវុធ​ប្រឆាំង​រដ្ឋាភិបាល​នៅ​ក្រុង​ខាទុំ​។ ​ពួកគេ​មាន​ការ​ត្អូញ​ត្អែរ​ ពី​បញ្ហា​ដី​ធ្លី​ និង​ការ​កាត់​ផ្តាច់​ប្រវត្តិ​សាស្ត្រ​។ ​ជា​ការ​ឆ្លើយ​តប​ យុទ្ធសាស្ត្រ​ប្រឆាំង​កុបកម្ម​របស់​រដ្ឋាភិបាល​ បាន​កំណត់​គោលដៅ​ក្រុម​ប្រឆាំង​ ប៉ុន្តែ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​ពង្រីក​ទៅ​ដល់​ក្រុម​កុល​សម្ព័ន្ធ​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​បះបោរ​។​ កង​ជីវពល​ Janjaweed ​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ ក៏​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​ចាប់​រំលោភ​ស្ត្រី​នៅ​ដាហ្វួរ​ ហើយ​រដ្ឋាភិបាល​​​ក៏​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រើ​ប្រាស់​អាវុធ​គីមី​ប្រឆាំង​នឹង​សហគមន៍​។​

របាយការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ បាន​បង្ហាញ​ថា​ប្រជាជន​ស៊ូដង់​ចំនួន​ ៣០ ​ម៉ឺន​នាក់​ ត្រូវ​បាន​សម្លាប់​ ហើយ​ ២,៥ ​លាន​នាក់​ត្រូវ​បាន​ផ្លាស់​ទី​លំនៅ​ក្នុង​អំឡុង​ជម្លោះ​ដាហ្វួរ​ឆ្នាំ​ ២០០៣ ​។

​​ក្នុង​ឆ្នាំ ​២០០៩ ​ព្រះរាជអាជ្ញា ICC ​​បាន​​ចេញ​ដីកា​ចាប់​ខ្លួន​លោក ​Bashir ​ជា​លើក​ដំបូង​ពី​បទ​​ប្រល័យ​ពូជ​សាសន៍​ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទាក់ទង​នឹង​ដាហ្វួរ​។ ​តុលាការ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​មួយ​ទៀត​នៅ​ឆ្នាំ​ ២០១០ ​ប៉ុន្តែ​នៅ​ឆ្នាំ ​២០១៤ ​សំណុំ​រឿង​នេះ​ត្រូវ​បាន​ព្យួរ​ដោយ​សារ​តែ​ខ្វះ​ការ​គាំទ្រ​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រ​ជាជាតិ​។​

ប្រភព៖ CNN

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner