អាល្លឺម៉ង់ ចាប់ខ្លួនបុរសជនជាតិអង់គ្លេសម្នាក់ សង្ស័យថាធ្វើចារកម្មឱ្យរុស្ស៊ី
ប៉ូលីសអាល្លឺម៉ង់ បានចាប់ខ្លួនបុរសជនជាតិអង់គ្លេសម្នាក់ ដែលធ្វើការនៅស្ថានទូតអង់គ្លេសនៅទីក្រុងប៊ែរឡាំងពីបទសង្ស័យថា បានបញ្ជូនឯកសារទៅឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៊ីជាថ្នូរនឹងសាច់ប្រាក់។ នេះបើតាមឱ្យដឹងពីសារព័ត៌មាន Reuters។
ការិយាល័យរដ្ឋអាជ្ញាសហព័ន្ធអាល្លឺម៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «បុរសអាយុ ៥៧ ឆ្នាំនេះ បានបញ្ជូនឯកសារដែលគាត់ទទួលបានក្នុងសកម្មភាពអាជីពរបស់គាត់ទៅឱ្យអ្នកតំណាងនៃសេវាកម្មស៊ើបការណ៍សម្ងាត់រុស្ស៊ី។ ជនជាប់ចោទ បានទទួលសាច់ប្រាក់មួយចំនួន តែមិនទាន់ដឹងនៅឡើយទេថាមានទឹកប្រាក់ប៉ុន្មាន ជាថ្នូរនឹងការបញ្ជូនព័ត៌មានរបស់គាត់»។
ចៅក្រមស៊ើបសួរម្នាក់នៅតុលាការយុត្តិធម៌សហព័ន្ធ ក្រោយមកបានអនុម័តដីកាចាប់ខ្លួន«សង្ស័យថាមានសកម្មភាពភ្នាក់ងារភ្នាក់ងារសម្ងាត់» មានន័យថា បុរសនេះអាចត្រូវឃុំខ្លួន ហើយការស៊ើបអង្កេតអាចបន្តទៅមុខទៀត។
ប្រភពសន្តិសុខលោកខាងលិច មួយបាននិយាយថា កត្តាជំរុញឱ្យមានការលួចបញ្ជូនឯកសារនេះទំនងជាបញ្ហាលុយកាក់។ ក្នុងនាមជាបុគ្គលិក ដែលមានការងារធ្វើនៅក្នុងស្រុក គាត់មិនមានលទ្ធភាពទទួលបានសម្ភារៈថ្លៃៗនោះទេ ហើយសេវាកម្មប្រឆាំងព័ត៌មានស៊ើបការណ៍ MI5 របស់ចក្រភពអង់គ្លេសនឹងចូលខ្លួនមកចាប់ខ្លួនគាត់។
ទស្សនាវដ្តីអនឡាញអាល្លឺម៉ង់ Focus Online បានរាយការណ៍ថា ជនសង្ស័យបានផ្តល់ឯកសារ ដែលមានព័ត៌មានស្តីពីការប្រឆាំងភេរវកម្ម ដល់រុស្ស៊ី។

ប្រភព៖ Reuters