សម្តេចតេជោ ហ៊ុន សែន បានទិញឧត្ធម្ភាគចក្រ Mi-17 ចំនួន៣គ្រឿង ដើម្បីបំពាក់ជូនដល់កងទ័ព
យោងតាមអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្ដមសេនីយ៍ វង្ស ពិសេន នៅថ្ងៃទី១២សីហា ឆ្នាំ២០២១ បានចុះទៅត្រួតពិនិត្យឧត្ធម្ភាគចក្រ Mi-17 ចំនួន៣គ្រឿង ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីទើបតែបានទិញដើម្បីបំពាក់ជូនដល់កងយោធពលខេមរភូមិន្ទ។ ក្នុងឱកាសចុះពិនិត្យនោះ នាយឧត្ដមសេនីយ៍វង្ស ពិសេន អគ្គមេបញ្ជាការ បានណែនាំដល់អស់លោកនាយទាហាននៅទ័ពអាកាសឱ្យយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ និងថែទាំឱ្យបានល្អត្រឹមត្រូវតាមបច្ចេកទេស។
ជាមួយគ្នានោះ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានបំពាក់ឧត្ធម្ភាគចក្រជូនដល់កងយោធពលខេមរភូមិន្ទដើម្បីបម្រើក្នុងកិច្ចប្រតិបត្តិការបានលឿនទាន់ពេលវេលា។ ឧត្ធម្ភាគចក្រ Mi-17 ជាឧត្ធម្ភាគចក្រផលិតនៅប្រទេសរុស្សី ដែលមានតួនាទីពហុជំនាញ ទាំងប្រយុទ្ធ និងដឹកជញ្ជូន ដោយវាអាចហោះហើរបានក្នុងល្បឿន២៥០គីឡូម៉ែត្រក្នុង១ម៉ោង។







