អាជ្ញាធរសុខាភិបាលអ៊ីស្រាអែលផ្តល់អនុសាសន៍អោយចាក់វ៉ាក់សាំង Covid-19 ដូសទី៣ដល់មនុស្សអាយុក្រោម៦០ឆ្នាំ ដើម្បីទប់ស្កាត់ការកើនឡើងវីរុសបំប្លែងថ្មី Delta
អ៊ីស្រាអែល៖ ក្រសួងសុខាភិបាលអ៊ីស្រាអែលបានចេញសេចក្តីណែនាំអោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី៣ ដល់មនុស្សមានអាយុចាប់ពី៥០ ទៅ ៦០ឆ្នាំ ដោយសង្ឃឹមថា នឹងអាចទប់ស្កាត់ការកើនឡើងវីរុសបំប្លែងថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា ។
អនុសាសន៍របស់ក្រុមទីប្រឹក្សានៃក្រសួងសុខាភិបាលអ៊ីស្រាអែល បានធ្វើឡើងបន្ទាប់ពីមានការអំពាវនាវរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett អោយពង្រីកការចាក់បន្ថែមដូសទី៣ដល់ប្រជាជនអ៊ីស្រាអែលនៅមិនទាន់ទទួលបានការអនុម័តពីអគ្គនាយករបស់ក្រសួងសុខាភិបាលឡើយ ។ លោក Bennett បានបញ្ជាក់ក្នុងសេចក្តីប្រកាសកាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ខ្ញុំសូមសរសើរក្រុមអ្នកជំនាញលើការព្យាបាលកូវីដ១៩ ក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវចំពោះសុខភាពប្រជាពលរដ្ឋអ៊ីស្រាអែល ។ ខ្ញុំសូមអំពាវនាវដល់ប្រជាជនដែលមានអាយុ៥០ឆ្នាំឡើងទៅតម្រង់ជួរគ្នាព្រឹកស្អែក… ទៅទទួលវ៉ាក់សាំង ។
អ៊ីស្រាអែលបានចាប់ផ្តើមចាក់ដូសជំរុញដល់ប្រជាជនអាយុ ៦០ ឆ្នាំបានមួយសប្តាហ៍កន្លងទៅហើយ ដែលបានធ្វើឲ្យអ៊ីស្រាអែលក្លាយជាកន្លែងសាកល្បងសម្រាប់ដូសទី៣ មុនពេលទទួលបានការអនុម័តពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ខណៈប្រជាជនអាយុ៦០ឆ្នាំជាង៧០ម៉ឺននាក់នៅអ៊ីស្រាអែលបានចាក់ដូសទី៣ ។ ការសិក្សាពីដំបូងបង្ហាញថា មនុស្សភាគច្រើនដែលបានចាក់ដូសទី៣ មានផលរំខានប្រហាក់ប្រហែល ឬតិចជាងផលរំខានដូចចាក់ដូសទី២ដែរ ៕ ប្រភព៖ Reuters


