ប្រជាជនជប៉ុនរាប់សែននាក់ត្រូវបានស្នើអោយជម្លៀសខ្លួន ដើម្បីគេចចេញពីគ្រោះទឹកជំនន់ និងបំណាក់ដីបង្កឡើងដោយព្យុះភ្លៀងដ៏អាក្រក់
ជប៉ុន៖ អាជ្ញាធរជប៉ុននិយាយថា ប្រជាជនរាប់សែននាក់នៅខេត្តណាហ្គាសាគី និងផ្នែកផ្សេងទៀតនៃកោះគីស៊ូ ភាគនិរតីប្រទេស ត្រូវបានស្នើឱ្យភៀសខ្លួនទៅកាន់ទីមានសុវត្ថិភាព ក្នុងគោលបំណងគេចចេញពីទឹកជំនន់ និងហានិភ័យនៃការបាក់ដីដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ។
ការព្រមានដែលចេញដោយទីភ្នាក់ងារឧតុនិយមជប៉ុននេះ ធ្វើឡើងនៅពេលដែលព្យុះភ្លៀងបាន និងកំពុងបោកបក់ឆ្ពោះទៅកាន់ភាគខាងលិច ។ ឆ្លើយតបនឹងបញ្ហានេះដែរ អាជ្ញាធរបានចេញបទបញ្ជាជម្លៀសកម្រិត៥ ដែលធ្ងន់ធ្ងរបំផុត នៅតាមផ្នែកខ្លះនៃភាគកណ្តាលកោះគីស៊ូ ដោយព្រមានប្រជាជនឱ្យចាត់វិធានការជាបន្ទាន់ដើម្បីការពារខ្លួន ។
ដោយឡែកទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញការព្រមានគ្រាអាសន្នខ្លាំងបំផុតរបស់ខ្លួន ចំពោះភ្លៀងធ្លាក់ខ្លាំងនៅភាគខាងលិចទីក្រុងហ៊ីរ៉ូស៊ីម៉ា ផងដែរ ។ មន្រ្តីទីភ្នាក់ងារបានចេញនូវការជូនដំណឹងកម្រិត៥ ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងប្រព័ន្ធព្រមានកម្រិត៥ នៅម៉ោង ៨ និង ៤៥ នាទីព្រឹកថ្ងៃសុក្រសប្តាហ៍នេះ ។ ពួកគេនិយាយថា មានគ្រោះថ្នាក់ជិតមកដល់នៃការខូចខាតដ៏ធំសម្បើមដែលមិនត្រូវបានគេឃើញអស់ជាច្រើនទសវត្សមកហើយ ៕ ប្រភព៖ Reuters & NHK


