អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ បន្តនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនពិការ ៤៧គ្រួសារ បន្ថែមទៀតក្នុងសង្កាត់ត្រពាំងក្រសាំង
ភ្នំពេញ ៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ បន្តនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនពិការ៤៧គ្រួសារ បន្ថែមទៀតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ជីវភាព ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ កំពុងរីករាលដាលយ៉ាងគំហុក ។ ដែលពិធីចែកអំណោយនេះ ធ្វើឡើងនាព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២១ ក្រោមវត្តមានលោក ហែម ដារិទ្ធិ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ លោកស្រី អ៊ឹម ថាវី ប្រធានអនុសាខាកាកាបាទក្រហមខណ្ឌពោធិ៍សែនជ័យ លោកលោកស្រីជាអភិបាលរងខណ្ឌ ចៅសង្កាត់ រួមនិងក្រុមការងារអនុសាខាជាច្រើននាក់ នៅបរិវេន្តវត្តអរុណវតី ស្ថិតក្នុងភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
លោក ហែម ដារិទ្ធិ បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក ហើយទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។
លោកប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ ក៏សូមអំពាវនាវដល់គ្រួសារទាំងអស់បន្តការប្រុងប្រយត្ន័បន្ថែមទៀត និងជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣ការពារ និង ៣ កុំ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ។
គួរបញ្ជាក់ថា នៅដើមខែសីហា ឆ្នាំ២០២១ សង្កាត់ចំនួន៦ ត្រូវបានផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនពិការ៤៧គ្រួសារ ។ អំណោយផ្តល់ជូននៅពេលនេះក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មីមួយកេស ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ម៉ាស់១ប្រអប់ អាល់កុល១ដប រួមនិងថវិកា៣ម៉ឺនរៀលផងដែរ ៕ ដោយ / គ្រី សម្បត្តិ





