អនុប្រធានសហព័ន្ធកីឡាចំបាប់ ប្រគល់រថយន្តជូនគ្រូអឺរ៉ង់ ជាមធ្យោបាយសម្រាប់ធ្វើដំណើរមកបង្ហាត់ជម្រើសជាតិ
លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងនាយកវិទ្យាស្ថាន CamED Business School នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានប្រគល់រថយន្តជូនគ្រូចំបាប់ជនជាតិអឺរ៉ង់ ដើម្បីជាមធ្យោបាយធ្វើដំណើរទៅមកបង្ហាត់កីឡាករ កីឡាការិនីចំបាប់ជម្រើសជាតិ ក្នុងអំឡុងបំពេញបេសកម្មបង្វឹក នៅកម្ពុជា ។

លោក ខេស៊ី បាណេត ជឿជាក់ថា ការនាំយកគ្រូបង្វឹកជនជាតិអ៊ីរ៉ង់មកកម្ពុជា ថ្វីដ្បិតរយៈពេល ខ្លីបន្តិចមែន ប៉ុន្តែក្រុមជម្រើសជាតិចំបាប់ធ្លាប់មានបទពិសោធន៍ចូលរួមប្រកួតជាលក្ខណអន្តរជាតិ ។ ម្យ៉ាងទៀតតាមបទពិសោធន៍លោក Komeil Ghasemi ដែលជាម្ចាស់មេដាយមាស អូឡាំពិក ទីក្រុងឡុងដ៏ និងម្ចាស់មេដាយសំរឹទ្ធ អូឡាំពិក ទីក្រុងរីយ៉ូ រួមទាំងមេដាយមាស ប្រាក់ និងសំរឹទ្ធ កីឡាអាស៊ី និងពិភពលោកជាច្រើន នឹងអាចជួយឲ្យកីឡាករ កីឡាការិនីចំបាប់ ដណ្តើមបានជោគជ័យ ជូនកម្ពុជា ពីការប្រកួតស៊ីហ្គេម ជាក់ជាមិនខាន ។
លោក អនុប្រធានសហព័ន្ធ បានបញ្ជាក់ទៀតថា ក្រៅពីកាតព្វកិច្ចជាគ្រូបង្វឹកជម្រើសជាតិ លោកក៏បានពឹងឲ្យលោក Komeil Ghasemi ជួយជ្រើសរើសរកកីឡាករ កីឡាការិនី ដែលជាធនធនវ័យក្មេងរបស់កម្ពុជា មកហ្វឹកហាត់ចំបាប់បន្ថែមទៀត ។ ហើយ វិទ្យាស្ថានស្ថាន CamED Business School និងផ្តល់ជូនជាអាហារូបករណ៍ ដើម្បីជាការលើកទឹកដល់ពួកគេផងដែរ ។ លោក ខេស៊ី បាណេត អះអាងថា ការជម្រុញលើកទឹកចិត្តផ្តល់ជាអាហារូបករណ៍ដល់អត្តពលិកចំបាប់ គឺជាការជម្រុញអភិវឌ្ឍវិស័យកីឡា នៅកម្ពុជាឲ្យរីកចំរើន ព្រោះថាកីឡាជាចលនករមួយជួយអភិវឌ្ឍបញ្ញាស្មារតី កាយសម្បទា និងជួយឲ្យមនុស្សចេះធ្វើការជាក្រុម ។

ដោយឡែកលោក Komeil Ghasemi បានសម្តែងការសប្បាយចិត្តយ៉ាងខ្លាំង ចំពោះលោក ខេស៊ី បាណេត ដែលបានយកចិត្តទុកដាក់ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះបេសកម្មបង្វឹកអត្តពលិកជម្រើសជាតិចំបាប់ នៅកម្ពុជា ។ លោក សន្យាថា នឹងយកបទពិសោធន៍ធ្លាប់ទទួលជោគជ័យ នៅអូឡាំពិក និងព្រឹត្តិការណ៍អន្តរជាតិផ្សេង មកចែករំលែកផ្តល់ឲ្យជម្រើសជាតិកម្ពុជា ដើម្បីប្រជែងមេដាយពីការប្រកួតលើឆាកអន្តរជាតិ ជាពិសេសព្រឹត្តការណ៍ ស៊ីហ្គេម ។
សូមបញ្ជាក់ថា លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានប្រគល់រថយន្តម៉ាក Prius ជូនគ្រូចំបាប់ជនជាតិអឺរ៉ង់ សម្រាប់ជាមធ្យោបាយធ្វើដំណើរហ្វឹកហាត់ដល់អត្តពលិកម្ពុជា ត្រៀប្រកួតប្រជែងដណ្តើមេដាយ ពីស៊ីហ្គេម លើកទី៣១ នៅវៀតណាម នាចុងខែមេសាឬដើមខែឧសភា ឆ្នាំ២០២២ និងឆ្ពោះទៅប្រជែងមេដាយពីស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ៕





