ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកំពុងពិភាក្សាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍ថ្កោលទោសក្រុមតាលីបង់ (មានវីដេអូ)
អាមេរិក៖ មន្រ្តីការទូតបាននិយាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបាននិងកំពុងពិភាក្សាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍មួយ ដែលនឹងថ្កោលទោសការវាយប្រហាររបស់ក្រុមតាលីបង់ទៅលើបណ្តាទីក្រុងជាច្រើន ដោយបណ្តាលអោយមានជនស៊ីវិលស្លាប់ និងរងរបួស ក៏ដូចជាគំរាមដាក់ទណ្ឌកម្មចំពោះការរំលោភបំពាន និងសកម្មភាពដែលបង្កហានិភ័យដល់សន្តិភាព និងស្ថិរភាពរបស់ប្រទេសអាហ្វហ្គានីស្ថាន ។
សេចក្តីថ្លែងការណ៍ជាផ្លូវការ ដែលព្រាងដោយប្រទេសអេស្តូនី និងន័រវ៉េស និងឃើញដោយសារព័ត៌មានរ៉យទ័រផងនោះ ត្រូវបានព្រមព្រៀងដោយមានការឯកភាពពីសមាជិកចំនួន ១៥ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ សេចក្តីព្រាងសេចក្តីថ្លែងការណ៍នេះ ក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថា ក្រុមអ៊ីស្លាមអេមីរ៉ាត់អាហ្វហ្គានីស្ថានមិនត្រូវបានទទួលស្គាល់នៅអង្គការសហប្រជាជាតិឡើយ ហើយអង្គការអន្តរជាតិនេះក៏បានប្រកាសទៀតថា ខ្លួននឹងមិនទទួលយក និងមិនគាំទ្រការបង្កើតរដ្ឋាភិបាលណាមួយនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលបានកំណត់តាមរយៈកម្លាំងយោធា ឬការស្តារឡើងវិញនូវក្រុមរដ្ឋអ៊ីស្លាមអេមីរ៉ាត់អាហ្វហ្គានីស្ថានឡើយ ។ គួរកត់សម្គាល់ មកទល់ពេលនេះ ក្រុមតាលីបង់បានគ្រប់គ្រង២ភាគប៣នៃប្រទេស ខណៈដែលកងកម្លាំងរដ្ឋាភិបាលបានដកថយស្ទើរតែគ្រប់តំបន់ទាំងអស់ លើកលែងតែទីក្រុងកាប៊ុលប៉ុណ្ណោះ ដែលជាទីក្រុងតែមួយគត់ មិនទាន់ត្រូវបានវាយប្រហារដោយផ្ទាល់ ៕ ប្រភព៖ Reuters


