ទីបំផុតអាជ្ញាធរសុខាភិបាលអាមេរិកអនុម័តអោយចាក់វ៉ាក់សាំង Covid-19 ដូសទី៣ដល់មនុស្សមានប្រព័ន្ធភាពស៊ាំទន់ខ្សោយ (មានវីដេអូ)
អាមេរិក៖ នៅទីបំផុតទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក (FDA) បានសម្រេចអនុម័តអោយចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣របស់ក្រុមហ៊ុន Pfizer និង Moderna ជូនដល់ពលរដ្ឋអាមេរិកដែលមានប្រព័ន្ធភាពស៊ាំទន់ខ្សោយ ។
ក្រៅពីសហរដ្ឋអាមេរិក បណ្តាប្រទេសមួយចំនួនទៀតដូចជា អ៊ីស្រាអែល និងអាល្លឺម៉ង់ក៏មានផែនការដូចគ្នាទៅនឹងសហរដ្ឋអាមេរិកផងដែរ ឬបានចាត់ចែងការចាក់វ៉ាក់សាំងដូសទី ៣ រួចហើយ ដើម្បីជៀសវាងវិបត្តិមួយទៀត ដោយសារតែវីរុសបំប្លែងថ្មី Delta ដែលកំពុងឆ្លងរីករាលដាលពាសពេញពិភពលោក ។ ទីភ្នាក់ ងារចំណីអាហារ និងឱសថអាមេរិក (FDA) បញ្ជាក់ថា ការអនុញ្ញាតខាងលើនេះធ្វើឡើងនៅក្រោមលក្ខខណ្ឌនៃការប្រើប្រាស់បន្ទាន់ ដោយប្រើប្រាស់វ៉ាក់សាំង Pfizer និង Moderna ចាប់ពីចុងសប្ដាហ៍នេះតទៅ ។
ប្រជាជនអាមេរិកមួយចំនួន ដែលមានជំងឺប្រចាំកាយ ក្រោយទទួលការវះកាត់ប្ដូរអវៈយវៈ ឬអ្នកទាំងឡាយណាដែលត្រូវបានធ្វើរោគវិនិច្ឆ័យថា មានប្រព័ន្ធភាពសុំាទន់ខ្សោយនោះ នឹងទទួលបានការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី ៣ ។ ទោះជាយ៉ាងណា អង្គការសុខភាពពិភពលោក (WHO) ធ្លាប់បានអំពាវនាវអោយបណ្ដាប្រទេសទាំងឡាយ ពន្យារពេលការចាក់វ៉ាក់សាំងដូសទី ៣ រហូតដល់ចុងខែកញ្ញាខាងមុខនេះ ៕ ប្រភព៖ CNA


