ឆមាសទី១ ឆ្នាំនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានជួយដល់ប្រជាពលរដ្ឋខ្វះខាត និងរងផលប៉ះពាល់នៃការឆ្លងរាតត្បាតដោយសារជំងឺកូវីដ-១៩ សរុប ២.៣១៩គ្រួសារ
បើយោងតាមរបាយការណ៍ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ឆ្នាំ ២០២១ និងការអនុវត្តសកម្មភាពក្នុងឆមាសទី២បន្តរបស់សាខាកាកបាទក្រហមខេត្តកំពត បានបញ្ជាក់ថា នៅក្នុងឆមាសទី១ ឆ្នា២០២១នេះ សាខា បានធ្វើប្រតិបត្តិការជួយដល់ប្រជាពលរដ្ឋប្រឈមការខ្វះខាត ពិសេសជួយដល់ប្រជាពលរដ្ឋរងផលប៉ះពាល់នៃការឆ្លងរាតត្បាតដោយសារជំងឺកូវីដ១៩ មានចំនួនសរុប ២.៣១៩គ្រួសារ និងមានសប្បុរសជននៅតែបន្តចូលរួមជួយឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់តាមរយៈការអំពាវនាវកៀងគរប្រភពចំណូលរបស់ថ្នាក់ដឹកនាំ ។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានលើកឡើងថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានតែងបានអនុវត្តគោលការណ៍គ្រឹះមនុស្សធម៌ទាំង ៧ បានយ៉ាងខ្ជាប់ខ្ជួន ជួយដល់ប្រជាពលរដ្ឋមិនមានការរើសអើងអ្វីទាំងអស់។ ដោយផ្អែកលើគោលការណ៍មូលដ្ឋានគ្រឹះនេះ ទើបមានសប្បុរសជន មានជំនឿទុកចិត្តចូលរួមឧបត្ថម្ភ ទាំងសម្ភារៈ ថវិកា និងស្មារតី រួមចំណែកជាមួយកាកបាទក្រហមកម្ពុជាដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋជួបការលំបាកខ្វះខាតគ្រប់ ទីកន្លែងបានទាន់ពេលវេលានៅទូទាំងប្រទេស។
ដោយឡែកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បើទោះបី មានការយកចិត្តទុកដាក់ខិតខំអភិវឌ្ឍ និងជំរុញញធ្វើការឆ្លើយតបជួយសង្គ្រោះដល់ប្រជាពលរដ្ឋជួបការលំបាកខ្វះខាត រហូតទទួលបានលទ្ធផលល្អប្រសើរក្ដី ក៏នៅតែមានចំណុចខ្វះខាតមួយចំនួន ដោយសារជួបវិបត្តិជំងឺឆ្លងសកលកូវីដ១៩ ដែលបញ្ហាប្រឈមទាំងនេះបានធ្វើឱ្យមានការខកខានការងារមួយចំនួនដែលត្រូវតែទាមទារឲ្យមានការខិតខំបំពេញដោះស្រាយ និងអនុវត្តបន្ត ឲ្យបានល្អប្រសើរថែមទៀត។ ចំពោះសាខាក៏ដូចជាអនុសាខាក្រុង ស្រុកទាំង៨ បន្តចែកអំណោយមនុស្សធម៌ជូនដល់ គ្រួសារប្រជាពលរដ្ឋប្រឈមការខ្វះខាតនឹងរងផលប៉ះពាល់ដោយសារជំងឺឆ្លងកូវីដ១៩ មិនត្រូវទុកអោយគ្រួសារណាមួយខ្វះខាតស្បៀងនិងមិនមានការដោះស្រាយឡើយ ៕Sila Sarin





