ព្រះសង្ឃវត្តស្វាយរមៀត នាំទេយ្យទានជាគ្រឿងឧបភោគ បរិភោគផ្តល់ជូនបងប្អូនចំនួន ៧គ្រួសារ ដែលឆ្លងជំងឺកូវីដ-១៩ ក្នុងសង្កាត់ទឹកវិល
ព្រះចៅអធិការវត្តបារាយ មហានទីរតនារាម (ស្វាយរមៀត)សហការជាមួយអាជ្ញាធរ និងក្រុមការងារយុវជន ក្នុងសង្កាត់ទឹកវិល នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បាននាំយកទេយ្យទានជាគ្រឿងបរិភោគមួយចំនួនផ្តល់ជូនគ្រួសារដែលមានសមាជិកកំពុងព្យាបាលជំងឺកូវីដ-១៩ និងគ្រួសារដែលប៉ះពាល់ដោយផ្ទាល់និងដោយប្រយោលជាមួយអ្នកឆ្លងជំងឺនេះ សរុបចំនួន ៧គ្រួសារ នៅក្នុងសង្កាត់ទឹកវិល ក្រុង ខេត្តសៀមរាប។ ទេយ្យទានទាំងនោះក្នុងមួយគ្រួសារទទួលបាន អង្ករ៥០គ.ក្រ មី២កេស ទឹកសុទ្ឋ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ សម្ភារៈជាច្រើនទៀត រួមនឹងថវិកា១០ម៉ឹនរៀលផងដែរ។
ព្រះសច្ចានុបាល ភទ្ទកោ នឿម វុទ្ធី ព្រះរាជាគណៈកិត្តិយស ទីប្រឹក្សាសម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត ស្វាយរមៀត មានសង្ឃដិកាថា សម្ភារអំណោយថវិកាទាំងនេះ បានមកពីការប្រគេនរបស់ប្រជាពុទ្ឋបរិស័ទ ក្នុងពិធីបុណ្យផ្សេងៗនាពេលកន្លងមក ហើយបានសន្សំ និងប្រមូលបំរុងទុកសម្រាប់ចែកជូនគ្រួសារ ឬអាជ្ញាធរមូលដ្ឋាន ណាមួយដែលជួបហានិភ័យដោយប្រការផ្សេងៗ សម្រាប់ដោះស្រាយការលំបាកមួយគ្រាៗ ព្រោះថា ការលំបាករបស់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពុទ្ឋបរិស័ទក៍ជាការលំបាករបស់ព្រះសង្ឃដែរ។ ដូច្នេះហើយក្នុងនាមមិត្តរួម ជាតិ មិត្តរួមសាសន៍ គឺតែងតែជួយគិតគូរ និងផ្តល់ជូនគ្នាទៅវិញទៅមកទៅតាមលទ្ឋភាពដែលក្រុមព្រះសង្ឃមាន។
លោកស្រី ជា ភឿយ សមាជិកក្រុមប្រឹក្សាសង្កាត់ទឹកវិល មានប្រសាសន៍ថ្លែងអំណរព្រះគុណនូវការយកព្រះទ័យទុកដាក់របស់ព្រះសង្ឃ ស្របពេលបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់នេះមួយចំនួន ពួកគាត់ពិតជាជួបការលំបាកក្នុងជីវភាពមែន ដោយសារតែវិបត្តិជំងឺកូវីដ-១៩ ការងារនិងកិច្ចការជួញដូរផ្សេងៗរបស់ពួកគាត់ខ្លះត្រូវបានផ្អាក ឬមិនដំណើរការ ចំណូលគ្រួសារតិចជាដើម៕ ដោយ ស៊ាន សុផាត





