រដ្ឋបាលខេត្តព្រះវិហារ បើកយុទ្ធនាការដង្ហែរក្បួនរថយន្តជាង ១២០គ្រឿង នៅក្នុងក្រុង-ស្រុកចំនួន២ ដើម្បីពញ្ញាក់ស្មារតីប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះការឆ្លងរាលដាល នៃជំងឺកូវីដ១៩ !


ខេត្តព្រះវិហារ ៖ ការបើកយុទ្ធនាការជាតិទប់ស្កាត់ជំងឺកូវីដ-១៩ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ បានធ្វើឡើងនៅថ្ងៃទី១៣សីហាឆ្នាំ២០២១នេះ ដោយមានរថយន្តប្រមាណ ១២០គ្រឿង បានចូលរួមដង្ហែរ និងការចាក់សារសម្លេង ជាការដាស់ស្មារតីប្រជាពលរដ្ឋទូទៅ ឲ្យមានការភ្ញាក់រលឹក និងចូលរួមបង្ការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ទាំងអស់គ្នា នៅតាមដងផ្លូវក្នុងក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ នៃខេត្តព្រះវិហារ។

ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីបើកយុទ្ធនាការជាតិទប់ស្កាត់ជំងឺកូវីដ-១៩ ហើយនៅក្នុងការដង្ហែរជាក្បួនរថយន្តនាពេលនេះ តាមការគ្រោងទុក គឺត្រូវធ្វើការដង្ហែរចេញពីខេត្តព្រះវិហារ ឆ្ពោះទៅកាន់ឃុំពោធិ៍ ស្រុកត្បែងមានជ័យ រួចត្រឡប់មកវិញ ក្បួនរថយន្តដង្ហែរ នឹងត្រូវចែកចេញជា ៣ក្រុមទៀត គឺក្រុមទី១ ដង្ហែរឆ្ពោះទៅកាន់ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ, ក្រុមទី២ដង្ហែរទៅឆ្ពោះទៅកាន់ឃុំឈានមុខ ស្រុកត្បែងមានជ័យ និងក្រុមទី៣ តម្រូវឲ្យដង្ហែរជុំវិញក្រុងព្រះវិហារ។ ហើយនៅក្នុងក្បួនរថយន្តដង្ហែរនេះ ក៏មានការចាក់សារសម្លេង ណែនាំ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ផងដែរ។

លោកវេជ្ជបណ្ឌិត គួង ឡូ បានសម្តែងការអរគុណ ចំពោះអង្គភាពពាក់ព័ន្ធទាំងអស់ ក៏ដូច ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ ដែលបានចូលរួមដង្ហែរក្បួន ក្នុងយុទ្ធនាការជាតិទប់ស្កាត់ជំងឺកូវីដ-១៩ និងលោកលោកវេជ្ជបណ្ឌិត ក៏បានអំពាវនាវចំពោះប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្នជានិច្ច ក្នុងការអនុវត្តន៍ឲ្យបានជាប់ជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្តីណែនាំដ៏ខ្ពង់ខ្ពស់របស់ រាជរដ្ឋាភិបាល នូវការអនុវត្តវិធានការ «៣កុំ និង៣ការពារ» ដើម្បីការពារខ្លួនយើង គ្រួសារយើង និងសហគមន៍យើង គ្មានការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពិសេស កូវីដDelta ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner