ព្រះសង្ឃវត្តស្វាយរមៀតនាំទេយ្យទានជាគ្រឿងឧបភោគ បរិភោគ ផ្តល់ជូនបងប្អូនចំនួន ៧គ្រួសារដែលឆ្លងជំងឺកូវីដ-១៩ក្នុងសង្កាត់ទឹកវិល

សៀមរាប ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ ព្រះចៅអធិការវត្តបារាយមហានទីរតនារាម (ស្វាយរមៀត) សហការជាមួយអាជ្ញាធរ និងក្រុមការងារយុវជនក្នុងសង្កាត់ទឹកវិល បាននាំយកទេយ្យទានជាគ្រឿងបរិភោគមួយចំនួនផ្តល់ជូនគ្រួសារដែលមានសមាជិកកំពុងព្យាបាលដោយការឆ្លងជំងឺកូវីដ-១៩ និងគ្រួសារដែលប៉ះពាល់ដោយផ្ទាល់និងដោយប្រយោលជាមួយអ្នកឆ្លងជំងឺនេះ សរុបចំនួន ៧គ្រួសារនៅក្នុងសង្កាត់ទឹកវិលក្រុងសៀមរាប ខេត្តសៀមរាប ។ ទេយ្យទានទាំងនោះក្នុងមួយគ្រួសារទទួលបាន អង្ករ ៥០គ.ក្រ មី២កេស ទឹកសុទ្ឋ ២យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ១យួរ ស្ករស ១ថង់ អំបិល ១ថង់ ទឹកដោះគោ ២កំប៉ុង ថវិកា ១០ម៉ឹនរៀលផងដែរ។

ព្រះសច្ចានុបាល ភទ្ទកោ នឿម វុទ្ធី ព្រះរាជាគណៈកិត្តិយស ទីប្រឹក្សាសម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តបារាយមហានទីរតនារាម (ស្វាយរមៀត )មានសង្ឃដិកាថា សម្ភារអំណោយថវិកាទាំងនេះ បានមកពីការប្រគេនរបស់ប្រជាពុទ្ឋបរិស័ទក្នុងពិធីបុណ្យផ្សេងៗនាពេលកន្លងមក ហើយបានសន្សំនិងប្រមូលបំរុងទុកសម្រាប់ចែកជូនគ្រួសារ ឬអាជ្ញាធរមូលដ្ឋានសម្រាប់ដោះស្រាយការលំបាកមួយគ្រាៗ ព្រោះថា ការលំបាករបស់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពុទ្ឋបរិស័ទក៍ជាការលំបាករបស់ព្រះសង្ឃដែរ ។

លោកស្រី ជា ភឿយ សមាជិកក្រុមប្រឹក្សាសង្កាត់ទឹកវិល មានប្រសាសន៍ថ្លែងអំណរព្រះគុណព្រះអង្គ ស្របពេលបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់នេះមួយចំនួនពួកគាត់ពិតជាជួបការលំបាកក្នុងជីវភាពមែន ដោយសារតែវិបត្តិជំងឺកូវីដ-១៩ ការងារនិងកិច្ចការជួញដូរផ្សេងៗរបស់ពួកគាត់ខ្លះត្រូវបានផ្អាក ឬមិនដំណើរការ ចំណូលគ្រួសារតិចជាដើម ៕ ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner