លោក Ashraf Ghani ៖ ក្រុមតាលីបង់បានទទួលជ័យជំនះហើយ ក្រោយពួកគេចូលគ្រប់គ្រងវិមានប្រធានាធិបតីអាហ្វហ្កានីស្ថាន

កាប៊ុល៖ ប្រធានាធិបតីអាហ្វហ្គានីស្ថាន Ashraf Ghani បាននិយាយនៅថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីបានភៀសខ្លួនចេញពីប្រទេសថា ក្រុមតាលីបង់បានឈ្នះហើយ ខណៈដែលក្រុមសកម្មប្រយុទ្ធបានចូលរដ្ឋធានីកាប៊ុល ពោលគឺជិត២០ឆ្នាំបន្ទាប់ពីពួកគេត្រូវបានបណ្តេញចេញពីអំណាចដោយការលុកលុយដឹកនាំដោយសហរដ្ឋអាមេរិក ។

លោក Ghani បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ក្រុមតាលីបង់បានឈ្នះដោយការវិនិច្ឆ័យលើផ្លែដាវ និងកាំភ្លើងរបស់ពួកគេ… ហើយឥឡូវនេះ ជាការទទួលខុសត្រូវចំពោះកិត្តិយស, ទ្រព្យសម្បត្តិ និងការការពារខ្លួនឯងរបស់ជនរួមជាតិ ។ លោកបានសង្កត់ធ្ងន់ថា លោកចាកចេញគឺដើម្បីការពារការបង្ហូរឈាម ។ យ៉ាងណាមិញ លោក Ghani មិនបាននិយាយថា លោកធ្វើដំណើរចាកចេញទៅណាទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយឈានមុខរបស់អាហ្វហ្កានីស្ថាន Tolo News បានអោយដឹងថា លោកបានធ្វើដំណើរទៅកាន់ប្រទេសតាហ្ស៊ីគីស្ថាន ។ ហើយបើតាមក្រសួងការបរទេសរុស្ស៊ីនោះ លោក Ghani ប្រហែលជាអាចភៀសខ្លួនតាមយន្ដហោះមួយគ្រឿងរបស់សហរដ្ឋអាមេរិក ។

សូមបញ្ជាក់ថា មន្ត្រីពីរនាក់របស់ក្រុមតាលីបង់បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា នឹងមិនមានឡើយរដ្ឋាភិបាលបណ្ដោះអាសន្ន ពោលគឺពួកគេនឹងឡើងគ្រប់ គ្រងអាហ្វហ្កានីស្ថានទាំងស្រុងតែម្ដង ។ បើតាមមន្ត្រីដដែលនេះ ក្រុមតាលីបង់នៅពេលនេះបានគ្រប់គ្រងវិមានប្រធានាធិបតីហើយ តែខាងរដ្ឋាភិបាលទីក្រុងកាប៊ុលមិនទាន់ទទួលស្គាល់នៅឡើយទេ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner