ក្រុងតូចៗនានាក្នុងភាគខាងជើងរដ្ឋកាលីហ្វូញ៉ា ប្រឈមមុខនឹងកង្វះទឹកប្រើប្រាស់ធ្ងន់ធ្ងរ
សហគមន៍ Mendocino ដែលជាកូនក្រុងទេសចរណ៍តូចមួយនៅតាមបណ្ដោយឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិក កំពុងជួបប្រទះនឹងកង្វះទឹកប្រើ ដោយសូម្បីតែភោជនីយដ្ឋាន ក៏តម្រូវឱ្យភ្ញៀវរបស់ខ្លួនប្រើប្រាស់បន្ទប់ទឹកចល័តតាមចិញ្ចើមផ្លូវ ខណៈនាយកដ្ឋានពន្លត់អគ្គីភ័យ ប្រាប់មន្រ្តីមន្ទីរឱ្យប្រយ័ត្នចំពោះបំពង់ម៉ាស៊ីនទឹកក្រោមដីរបស់ខ្លួន ក្រែងលោមានអ្នកលួចបូមទឹក។

កង្វះទឹកក្នុងក្រុងនេះ គឺជាឧទាហរណ៍យ៉ាងច្បាស់មួយសម្រាប់អ្វីដែលក្រុងដាច់ស្រយាលផ្សេងទៀតនៅរដ្ឋកាលីហ្វ័រញ៉ា កំពុងជួបប្រទះ ស្របពេលដែលរដ្ឋមួយនេះធ្លាក់ចូលទៅក្នុងគ្រោះរាំងស្ងួតជាថ្មី។ អណ្តូងជីកដោយដៃអាយុកាលរាប់សតវត្សរ៍ក្នុងក្រុងបានរីងស្ងួត បង្ខំឲ្យអ្នកស្រុក ផ្ទះសំណាក់ និងភោជនីយដ្ឋាននានា ទិញទឹកដែលដឹកចេញពីកន្លែងឆ្ងាយៗក្នុងតម្លៃពី ២០ ទៅ ៤៥ សេនក្នុងមួយហ្គាឡុងដោយគ្មានជម្រើស។
លោកស្រី Julian Lopez ម្ចាស់ភោជនីយដ្ឋាន Café Beaujolais ក្នុងក្រុងភាគខាងជើងក្រុងសាន់ហ្វ្រាន់ស៊ីស្កូមួយនេះ និយាយថា៖ «យើងមានការភ័យខ្លាច ថានឹងមានពេលដែលយើងគ្មានទឹកទាល់តែសោះ ហើយមានតែមនុស្សមានលុយទេ ដែលអាចមានលទ្ធភាពប្រើ»។
អភិបាលរដ្ឋកាលីហ្វ័រញ៉ាលោក Gavin Newsom កាលពីខែឧសភា បានប្រកាសភាពអាសន្នគ្រោះរាំងស្ងួតនៅក្នុងចំនួន ៥០ នៃស្រុកទាំង ៥៨ របស់រដ្ឋកាលីហ្វ័រញ៉ា ដែលស្មើនឹងប្រមាណ ៤២% នៃប្រជាជនរដ្ឋ ដោយលើកលែងតែក្រុងសាន់ហ្វ្រាន់ស៊ីស្កូ និងក្រុងនៅភាគខាងត្បូងនៃរដ្ឋនេះប៉ុណ្ណោះ។ ហើយកាលពីនៅខែមេសាក្រុង Mendocino និងក្រុង Sonoma បានប្រកាសអាសន្នមុនគេ។ រហូតដល់ខែកក្កដា អភិបាលរដ្ឋដដែលបានប្រកាសម្ដងទៀត ដោយអំពាវនាវឱ្យប្រជាជនក្នុងរដ្ឋកាលីហ្វ័រញ៉ា កាត់បន្ថយទឹកប្រើប្រាស់ឱ្យបាន ១៥ ភាគរយ។
កាលពីចុងសប្ដាហ៍មុន ព្រឹទ្ធសភាអាមេរិកបានអនុម័តកញ្ចប់ថវិកាចំនួន ១ ទ្រីលានដុល្លារលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ។ លោកស្រី Dianne Feinstein សមាជិកព្រឹទ្ធសភាជាន់ខ្ពស់មកពីរដ្ឋកាលីហ្វ័រញ៉ាបានចង្អុលបង្ហាញថា កញ្ចប់ថវិកានេះផ្តោតជាពិសេសលើគម្រោងកាត់បន្ថយគ្រោះរាំងស្ងួតដូចជាការស្តុកទុកទឹក ការកែច្នៃទឹកឡើងវិញ និងការចម្រាញ់ទឹកប្រៃជាដើម។ យ៉ាងណាមិញ ពលរដ្ឋក្នុងក្រុង Mendocino កំពុងឆ្ងល់ថាតើថវិកាទាំងនោះនឹងអាចទៅដល់ពួកគេដែរឬយ៉ាងណា ខណៈគេមើលឃើញថា គម្រោងនេះនឹងមិនអាចកើតឡើងឆាប់ៗទេ សម្រាប់មនុស្សជាច្រើនដែលរស់នៅក្នុងក្រុងតូចៗនាភាគខាងជើងនៃរដ្ឋនេះ។
លោក Ian Roth ម្ចាស់ផ្ទះសំណាក់មួយក្នុងក្រុង Mendocino បាននិយាយថា៖ «ប្រសិនបើយើងអត់ទឹក អាជីវកម្មរបស់យើងក៏ត្រូវចប់។ យើងមិនអាចប្រាប់ភ្ញៀវ ឱ្យសម្អាតខ្លួនដោយប្រើកន្សែងជូតដៃបានទេ។ វាជាអ្វីដែលខ្ញុំគិតរាល់យប់»។
ពលរដ្ឋក្នុងក្រុងនេះផ្សេងទៀតនិយាយថា រដ្ឋបាលក្រុងត្រូវគិតគូរពីការចម្រាញ់ទឹកប្រៃប្រើប្រាស់ ឬសាងសង់បណ្តាញបំពង់បង្ហូរទឹកដែលភ្ជាប់ជាមួយទីក្រុងដទៃទៀតនៅតាមបណ្ដោយឆ្នេរសមុទ្រដែលមានប្រជាជនតិច ជាគម្រោងដែលនឹងចំណាយអស់រាប់លានដុល្លារ។
តាមពិតទៅ ក្រុង Mendocino មានប្រភពទឹកជាច្រើននៅជុំវិញ ប៉ុន្តែទន្លេ និងប្រភពទឹកផ្សេងទៀតដូចជាអណ្ដូង និងទឹកក្រោមដី ប្រែជារីងអស់នារដូវក្តៅ ខណៈភ្លៀងធ្លាក់ក៏តិច។ យ៉ាងណាមិញ ក្រុងនេះមិនមានប្រព័ន្ធទឹកដូចក្រុងដទៃទេ។ រាល់អាជីវកម្ម និងផ្ទះទាំងអស់ ត្រូវពឹងផ្អែកលើអណ្ដូងដែលខ្លះជីកតាំងពីសតវត្សរ៍ឆ្នាំ ១៨០០។
ការនាំយកទឹកតាមសាឡង់ ត្រូវបានលើកយកមកពិភាក្សា ប៉ុន្តែគ្មានកន្លែងណាដែលអាចដាក់វានៅតាមច្រាំងថ្មចោទនៃឆ្នេរក្រុង Mendocino បានទេ ហើយកប៉ាល់ក៏ហាក់ធំពេកសម្រាប់កំពង់ផែនៅក្រុង Fort Bragg។ មន្រ្តីក្នុងក្រុងនេះ កំពុងព្យាយាមបញ្ចុះបញ្ចូលឱ្យនាយកដ្ឋានព្រៃឈើនិងការពារភ្លើងនៃរដ្ឋកាលីហ្វ័រញ៉ា ឱ្យធ្វើលំហាត់ហ្វឹកហ្វឺនជាមួយយន្តហោះទម្លាក់ទឹក យកទឹកពីស្រះឬបឹងជាដើម។
គ្រោះរាំងស្ងួតនៅរដ្ឋកាលីហ្វ័រញ៉ា កំពុងបង្ហាញថា លុយ និងហេដ្ឋារចនាសម្ព័ន្ធដែលកំណត់ថាអ្នកណាមានទឹកគ្រប់គ្រាន់ក្នុងកំឡុងគ្រោះរាំងស្ងួត ប្រហែលជាពិសេសជាងទឹកភ្លៀងទៅទៀត។ វិបត្តិនេះ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុជាទូទៅ បានគូសបញ្ជាក់ពីចំណុចខ្សោយរបស់សហគមន៍តូចៗដែលមានធនធានតិច។
លោក Jay Lund អ្នកជំនាញលើប្រព័ន្ធទឹកក្នុងរដ្ឋកាលីហ្វ័រញ៉ានៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ាបាននិយាយថា កង្វះទឹកប្រើប្រាស់ជាអ្វីដែលគេតែងតែមើលឃើញនៅពេលមានគ្រោះរាំងស្ងួត។ លោកបន្តថា៖ «ក្រុងធំៗ ដែលមានទ្រព្យសម្បត្តិច្រើន បានរៀបចំយ៉ាងល្អ ដោយមានផែនការវែងឆ្ងាយ»។
ផ្ទុយពីភាគខាងជើង ក្រុងនានានៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា បានបង្កើតទុនបំរុងដ៏ធំមួយតាមរយៈការកសាងអាងស្តុកទឹកទាំងលើ និងក្រោមដី។ បឹងមួយចំនួនដូចជា Skinner បឹង Matthews បឹង Diamond Valley និងបឹងសិប្បនិម្មិត Perris ដែលស្ថិតនៅភាគអាគ្នេយ៍នៃក្រុង Los Angeles ក្នុងតំបន់ខ្ពស់រាបមានអាកាសធាតុស្ងួត ជាអាងស្តុកទឹកដ៏រឹងមាំ មានទឹកប្រហែល ៨០ ភាគរយ ឬជិតពេញព្រៀបនៃមាត់បឹង។ កត្តានេះសឱ្យឃើញថា ហិរញ្ញវត្ថុ និងផែនការរាប់ទសវត្សរ៍ ជាលក្ខខណ្ឌកំណត់ធនធានទឹកនៅរដ្ឋកាលីហ្វ័រញ៉ានាពេលបច្ចុប្បន្ននេះ។
ក្រុងតូចៗភាគខាងជើង ដូចជាក្រុង Mendocino ក្រុង Fort Bragg និងក្រុង Ukiah ស្ថិតនៅក្នុងអាកាសធាតុសើម ពឹងផ្អែកលើការផ្គត់ផ្គង់ទឹកជាច្រើនពីប្រភពតែមួយ។ តាមរយៈនេះ អ្នកជំនាញខាងទឹកនិយាយថា ការប្រែប្រួលអាកាសធាតុ និងអាកាសធាតុក្តៅស្ងួតហួតហែងរាប់សប្ដាហ៍នៅភាគខាងជើងមានន័យថា ក្រុងតូចៗទាំងនេះ ត្រូវចាប់ផ្តើមយកក្រុងភាគខាងត្បូងជាឧទាហរណ៍ ដោយបង្កើតប្រព័ន្ធស្តុកទឹកពីប្រភពផ្សេងៗគ្នា។
នៅទូទាំងភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា អាងស្តុកទឹកជាច្រើនកំពុងស្ថិតក្នុងកម្រិតធ្ងន់ធ្ងរ។ កាលពីសប្តាហ៍មុន ស្ថានីយ៍ផលិតថាមពលនៅទំនប់វារីអគ្គីសនី Oroville បានបញ្ឈប់ការផលិតអគ្គិសនីជាលើកដំបូង ដោយសារតែចំណុះទឹកបច្ចុប្បន្នធ្លាក់ចុះទាបពេក ដោយមានទឹកត្រឹមតែ ២៤ ភាគរយប៉ុណ្ណោះនៃចំណុះទំនប់។
អ្វីដែលត្រូវដោះស្រាយឱ្យបានរហ័សបំផុតនោះ គឺអាចរកទឹកប្រើឱ្យបានគ្រប់គ្រាន់រហូតដល់រដូវភ្លៀងធ្លាក់នារដូវរងា ខណៈដែលក្រុងនានានៅក្បែរក្រុង Mendocino នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ អាចនឹងឈប់លក់ទឹកឱ្យក្រុងនេះទាំងស្រុង ដែលជាជំហានមួយរបស់ក្រុង Fort Bragg បានដាក់ចេញកាលពីខែកក្កដារួចហើយ ដោយសារតែការព្រួយបារម្ភអំពីកង្វះទឹកផ្ទាល់ខ្លួន។