វីតធឺរបិទគណនីបក្សប្រឆាំងរបស់ឥណ្ឌា ជុំវិញការបង្ហាញអត្តសញ្ញាណកុមារីដែលរងគ្រោះដោយការរំលោភ និងសម្លាប់
ញូវដេលី៖ គណបក្សសមាជជាតិឥណ្ឌា ដែលជាបក្សប្រឆាំងដ៏ធំរបស់ឥណ្ឌា បានចោទប្រកាន់ Twitter ថាបានរារាំងសេរីភាពនៃការបញ្ចេញមតិ ក្រោយក្រុមហ៊ុនបណ្ដាញសង្គមមួយនេះ ចាត់វិធានការប្រឆាំងនឹងធ្វីតរាប់រយដែលបង្ហាញអត្តសញ្ញាណក្រុមគ្រួសាររបស់កុមារីម្នាក់ដែលត្រូវបានរំលោភ និងសម្លាប់។

ចំណាត់ការរបស់ Twitter ធ្វើឡើងបន្ទាប់ពីមានការអំពាវនាវពីទីភ្នាក់ងារការពារកុមាររបស់ឥណ្ឌា ដើម្បីបិទរាល់ធ្វីតដែលខ្លួននិយាយថា បានបង្ហាញអត្តសញ្ញាណក្មេងស្រីអាយុ ៩ ឆ្នាំម្នាក់ដែលត្រូវបានសម្លាប់នៅទីក្រុងញូវដេលីកាលពីដើមខែនេះ។
កាលពីថ្ងៃទី ៤ ខែសីហា មេដឹកនាំសភាជាន់ខ្ពស់ និងជាសមាជិកនៃគណបក្សសមាជជាតិ លោក Rahul Gandhi បានបង្ហោះនៅបណ្ដាញសង្គមធ្វីតធឺរដោយភ្ជាប់នូវរូបថតរបស់លោកជាមួយឪពុកម្ដាយរបស់ក្មេងស្រីជនរងគ្រោះ និងសរសេរថា «ទឹកភ្នែករបស់ឪពុកម្ដាយបង្ហាញពីរឿងមួយ គឺកូនស្រីរបស់ពួកគេ ជាកូនស្រីរបស់ប្រទេសនេះ សមនឹងទទួលបានយុត្តិធម៌»។
អ្នកនាំពាក្យគណបក្ស លោក Rohan Gupta និយាយថា ក្រោយពីរបស់លោក Gandhi បានបង្ហោះបែបនេះ គណនីរបស់ខ្លួនចំនួន ៥ ០០០ ត្រូវបានបិទ។ លោកបានចោទប្រកាន់ក្រុមហ៊ុននេះថា «ធ្វើសកម្មភាពក្រោមសម្ពាធរបស់រដ្ឋាភិបាល»។
អ្នកនាំពាក្យរបស់ក្រុមហ៊ុនធ្វីតធឺរនិយាយថា ខ្លឹមសារជាក់លាក់ដែលស្ថាប័នសិទ្ធិកុមាររបស់ឥណ្ឌាបានដៅ ត្រូវបានពិនិត្យ និងចាត់ទុកថាបានរំលោភលើច្បាប់របស់ក្រុមហ៊ុន ព្រោះវាអាចបង្ហាញពីអត្តសញ្ញាណរបស់ឪពុកម្ដាយជនរងគ្រោះនៃការរំលោភបំពានផ្លូវភេទ។
យោងតាមច្បាប់របស់ធ្វីតធ័រ ប្រសិនបើអ្នកប្រើប្រាស់បង្ហោះអ្វីដោយបំពានគោលការណ៍របស់ខ្លួន ហើយបើមិនលុបចោលទេ នោះក្រុមហ៊ុននឹងបិទគណនី។ ម្ចាស់គណនីអាចបើកគណនីវិញបាន ដោយលុបធ្វីតនោះចោល ឬទាក់ទងទៅខាងក្រុមហ៊ុន។