យន្តហោះពន្លត់អគ្គិភ័យរុស្ស៊ី ធ្លាក់នៅភាគខាងត្បូងប្រទេសតួកគី

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​និយាយ​ថា​ យន្តហោះ​ពន្លត់​អគ្គិភ័យ​ Be-200 ​របស់​ខ្លួន​ បាន​ធ្លាក់​​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​តួកគី​កំឡុង​ពេល​បំពេញ​បេសកកម្ម​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​ក្នុង​តំបន់​ Bertiz ​កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន​ ដោយ​សម្លាប់​មនុស្ស​ទាំង​ ៨​ នាក់​នៅ​លើយ​ន្ត​ហោះ​។​ ​

ក្រសួងដដែល​ថា​ អ្នក​ដែល​ស្លាប់​រួម​មាន​ជន​ជាតិ​រុស្ស៊ី​ ៥​ នាក់​ និង​តួកគី​ ៣ ​នាក់​។​

យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក​របស់​តួកគី​ មក​ទល់​ពេល​នេះ​ គេ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​ច្បាស់​លាស់​ថា​យន្តហោះ​នេះ​ធ្លាក់​បណ្ដាល​មក​ពី​អ្វី​នោះ​ទេ​ ប៉ុន្តែ​ក្រុម​អ្នក​ស៊ើប​អង្កេត​កំពុង​តែ​ដំណើរការ​ការ​ស្រាវ​ជ្រាវ​របស់​ខ្លួន​។​

Be-200​ គឺ​ជា​យន្តហោះ​ ដែល​មាន​ម៉ាស៊ីន​ពីរ​​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ និង​ប្រទេស​ដទៃ​ទៀត​ដើម្បី​ពន្លត់​ភ្លើង​ឆេះ​ព្រៃ ​និងអាចហោះ​ហើរ​បាន​ច្រើន​ជើង​ ដោយ​​មាន​សមត្ថភាព​ទម្លាក់​ទឹក​បាន​រហូត​ដល់​ ២៧០ ​តោន​​ក្នុង​​​បេសកកម្ម​​តែ​​មួយ​​​។

ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​មេឌីទែរ៉ាណេ​របស់​ប្រទេស​ទួរគី​ បាន​ចាប់​ផ្តើម​កាល​ពី​ចុង​ខែ​កក្កដា​ ដោយ​ដុត​បំផ្លាញ​ព្រៃ​ឈើ​រាប់​ពាន់​ហិចតា​ ដែល​ភាគ​ច្រើន​នៅ​ខេត្ត​ជាប់​សមុទ្រ​រួម​មាន​ខេត្ត​ Mugla ​​និង​ Antalya​ ​និង​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ ៨ ​នាក់​។​ 

អ្នក​ជំនាញ​ខាង​អាកាសធាតុ​និយាយ​ថា​ គ្មាន​អ្វី​ដែល​គួរ​ឱ្យ​សង្ស័យ​នោះ​ទេ​ដែល​ថា​ការ​ប្រែប្រួល​អាកាស​ធាតុ​ពី​ការ​ដុត​ធ្យូង​ថ្ម​ ប្រេង​ ​និង​ឧស្ម័ន​ធម្មជាតិ​ ជា​កត្តា​ជំរុញ​ឱ្យ​មាន​ព្រឹត្តិការណ៍​ធ្ងន់ធ្ងរ​ដូច​ជា​រលក​កំដៅ​ គ្រោះរាំង​ស្ងួត​ ភ្លើង​ឆេះ​ព្រៃ​ ទឹក​ជំនន់​ និង​ព្យុះ​។​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner