រដ្ឋាភិបាលអាហ្វហ្គានីស្ថានព្យាយាមការពារបន្ទាយចុងក្រោយ ខណៈតាលីបង់ពង្រីកការកាន់កាប់

កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៤​ សីហា​ក្រុម​ឧទ្ទាម​តាលីបង់​បាន​ចូល​កាន់​កាប់​ទីក្រុង​ដ៏​សំខាន់​ Mazar-i-Sharif នៅ​ភាគ​ខាង​ជើង​ប្រទេស​អាហ្វហ្គានីស្ថាន​ ធ្វើ​ឱ្យ​កង​ទ័ព​រដ្ឋាភិបាល​រត់​គេច​ពី​តំបន់​នេះ​ ហើយ​ធ្វើ​ឱ្យ​សមរភូមិ​កាន់​តែ​ខិត​ជិត​រដ្ឋធានី​កាប៊ុល​ ខណៈ​ពេល​ដែល​បណ្ដា​ប្រទេស​លោក​ខាង​លិច​បាន​ចាប់​ផ្ដើម​ជម្លៀស​ប្រជាជន​របស់​ពួកគេ​ចេញ​ពី​ទីក្រុង​នេះ​។

ក្រុម​តាលីបង់​បាន​ចូល​កាន់​កាប់​ទីក្រុងMazar-i-Sharif ដោយ​ស្ទើរ​តែ​គ្មាន​ការ​ប្រឆាំង ខណៈ​ពេល​ដែល​កងកម្លាំង​រដ្ឋាភិបាល​បាន​ធ្វើ​ការ​ភៀស​ខ្លួន​ចេញ​ពី​ទីក្រុង​នេះ​ទៅ​កាន់​ប្រទេស​ជិត​ខាង​អ៊ូបេគីស្ថាន​ មាន​ចម្ងាយ​ប្រមាណ​ ៨០ គីឡូម៉ែត្រ​ខាង​ជើង​ទីក្រុង​នេះ​។ មេដឹកនាំ​កង​កម្លាំង​ជនជាតិ​ភាគ​តិច​នៅ​ទីក្រុង​នេះ​ បាន​អះអាង​ថា​ការ​ចូល​កាន់​កាប់​ដោយ​ងាយ​ស្រួល​នេះ​គឺ​បង្ក​ដោយ​ «ការ​សម​គំនិត​»​។

ស្រប​ពេល​ជា​មួយ​ការ​វាយ​លុក​ដ៏​រហ័ស​នេះ រដ្ឋាភិបាល​បណ្ដា​ប្រទេស​លោក​ខាង​លិច គឺ​កំពុង​ពន្លឿន​ផែនការ​ដើម្បី​ជម្លៀស​បុគ្គលិក​ស្ថានទូត ពលរដ្ឋ និង​ជនជាតិ​អាហ្វហ្គានីស្ថាន​ដែល​បាន​ធ្វើ​ការ​ឱ្យ​ពួកគេ​។ កងទ័ព​អាមេរិក​បាន​មក​ដល់​ទីក្រុង​កាប៊ុល​ដើម្បី​ការពារ​ប្រតិបត្តិការ​និង​រក្សា​ការ​គ្រប់គ្រង​អាកាសយានដ្ឋាន​អន្តរជាតិ​របស់​ទីក្រុង​នេះ​។

កាល​ពី​ថ្ងៃ​សៅរ៍​ ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​បាន​អនុម័ត​ការ​ដាក់​ពង្រាយ​ទាហាន​អាមេរិក​បន្ថែម​ ៥០០០ នាក់​ទៅ​អាហ្វហ្គានីស្ថាន​ដើម្បី​ជួយ​ជម្លៀស​ប្រជាជន​ និង​ធានា​ឱ្យ​មាន​ការ​ដក​ខ្លួន​មាន​ «សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​» របស់​បុគ្គលិក​យោធា​អាមេរិក​។ ការ​ដាក់​ពង្រាយ​នេះ​ នឹង​រួម​មាន​ទាហាន​ ១០០០ នាក់​មក​ពី​កង​ពល​ធំ​ឆត្រយោង​ទី​៨២​។

សារព័ត៌មាន​អង់គ្លេស​បាន​រាយការណ៍​ថា​ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​អាហ្វហ្គានីស្ថាន​ត្រូវ​បាន​គេ​រំពង​ថា​នឹង​ចាកចេញ​ពី​ប្រទេស​នេះ​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​។ អង់គ្លេស​ ដែល​បាន​បញ្ជូន​ទាហាន​បន្ថែម​ចំនួន​ ៦០០ នាក់​ បាន​ពន្លឿន​ការ​ខ្លួន​ជនជាតិ​អង់គ្លេស​ដោយ​សារ​ការ​ព្រួយបារម្ភ​អំពី​ការ​ធ្លាក់​អាកាសយានដ្ឋាន​ក្នុង​ដៃ​ក្រុម​តាលីបង់​៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner