កូរ៉េខាងត្បូង ផ្តល់ជំនួយឥតសំណងសង់អគារមន្ទីរពិសោធន៍តម្លៃ៥៨ម៉ឺនដុល្លារ (Video Inside)
សំណង់អគារមន្ទីរពិសោធន៍តម្លៃ ៥៨ម៉ឺនដុល្លារអាមេរិក សម្រាប់បម្រើបច្ចេកវិទ្យាសំណង់ស៊ីវិល បានធ្វើពិធី បញ្ចុះបឋមសិលាថ្ងៃនេះនៅក្នុងបរិវេណក្រសួងសាធារណការនិងដឹកជញ្ជូន។ សំណង់នៃ “គម្រោងនវានុវត្តន៍ ប្រព័ន្ធសាងសង់និងគ្រប់គ្រងផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា គឺជាជំនួយឥតសំណងរបស់ក្រសួងរៀបចំដែនដី ហេដ្ឋា រចនាសម្ព័ន្ធនិងដឹកជញ្ជូននៃសាធារណរដ្ឋកូរ៉េ។
សំណង់នៃអគារមន្ទីរពិសោធន៍នេះ នឹងប្រើប្រាស់រយៈពេល សាងសង់៧ខែ និងគ្រោងបញ្ចប់នាចុងខែមីនា ឆ្នាំ២០២២។ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុនចាន់ថុលដែលអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធ បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរេ ដែលបានផ្តល់ជាជំនួយឥតសំណងតាមរយ: “គម្រោងនវានុវត្តន៍ប្រព័ន្ធសាងសង់ និងគ្រប់គ្រងផ្លូវថ្នល់ក្នុងប្រ ទេសកម្ពុជានេះ។
អគារមន្ទីរពិសោធន៍នេះ មានទំហំ១៨ម៉ែត្រគុណ ២៥ម៉ែត្រ កំពស់ ២ជាន់ ក្នុងនោះ រួម មាន បន្ទប់ Asphalt Test Lab, បន្ទប់ Concrete Test Lab, បន្ទប់ Curing Room និង Storage Room ព្រមទាំង បន្ទប់ ការិយាល័យ។
ការសាងសង់អគារមន្ទីរពិសោធន៍នេះ នឹងបម្រើដល់ការសិក្សាស្រាវជ្រាវ និងពិសោធន៍ វត្ថុធាតុដើមផ្លូវថ្នល់ផង និងជួយដល់ការបណ្តុះបណ្តាល ធនធានវិស្វករ និងមន្ត្រីបច្ចេកទេសជាន់ខ្ពស់របស់វិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន ដែលបច្ចុប្បន្ននិស្សិតជំនាន់ទី១ មានចំនួន ១៩១នាក់ ដែលបាននឹងកំពុងសិក្សាលើ ជំនាញចំនួន៦៕