រដ្ឋបាលរាជធានីបន្តបិទច្រកផ្លូវក្នុងសង្កាត់បឹងសាឡាង និងបិទនៅសង្កាត់ក្បាលកោះ (Video Inside)
ច្រកផ្លូវមួយចំនួនក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ត្រូវរាជធានីភ្នំពេញបន្តបិទខ្ទប់៧ថ្ងៃ តទៅទៀត ក្រោយរកឃើញការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មីDelta។
រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសនៅច័ន្ទ នេះ បន្តបិទខ្ទប់ច្រកផ្លូវលេខ៣៧២, ៣៧២z និងផ្លូវលេខ៣៦២ ស្ថិតក្នុងភូមិ៥នៃសង្កាត់បឹងសាឡាងសម្រាប់រយៈ ពេលបន្ថែម៧ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២៣សីហា ដើម្បីទប់ស្កាត់និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគ បំប្លែងថ្មី Delta នៅក្នុងសហគមន៍។ ច្រកចេញ-ចូលផ្លូវលេខ៣៧២និង៣៧២Z នោះត្រូវបានរដ្ឋបាលរាជ ធានី ភ្នំពេញ បានបិទ១៤ថ្ងៃរួចមកហើយរវាងពីថ្ងៃ៣សីហា ដល់ថ្ងៃទី១៦សីហាកន្លងមកនេះ។
រដ្ឋបាលរាជធានីភ្នំពេញ នៅទន្ទឹមនឹងការប្រកាសបិទ នៅបានព្រមាន ចំពោះ បុគ្គលឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមសេចក្ដីសម្រេចនោះ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅ ស្ថាប័នតុលាការ ដើម្បីផ្ដន្ទាទោស ដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ ស្របតាមច្បាប់។
កម្ពុជាបានរកឃើញ អ្នកឆ្លងវីរុសបំប្លែងថ្មី Delta កើន ដល់ចំនួន៤៩៤នាក់ហើយ។ គួរបញ្ជាក់ដែរថា ក្រៅពីច្រកផ្លូវក្នុងសង្កាត់បឹងសាឡាងនេះ កាលពីថ្ងៃទី១៥សីហា កំណាត់ផ្លូវបេតុង ទល់មុខខ្លោងទ្វារវត្តកៀនស្វាយ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ក៏ត្រូវបានបិទរយៈ ពេល១៤ថ្ងៃផងដែរ ដោយសារការទប់ទល់ឆ្លងរាលដាលនៃមេរោគបំប្លែងថ្មី Delta នោះ។